
លោក ជា សុផារ៉ា ដឹកនាំមន្ត្រីចុះវាស់វែងក្បាលដីនៅតំបន់អង្គរ ខេត្តសៀមរាប ពីថ្ងៃទី ១៨ សីហា។រូប អាជ្ញាធរអប្សរា
សៀមរាបៈ រាជរដ្ឋាភិបាលរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងដីឡូត៍នៅតំបន់រុនតាឯក ចំនួន ៦ ០០៥ ឡូត៍ សម្រាប់ផ្តល់ជូនពលរដ្ឋ ដែលត្រូវរុះរើសំណង់ខុសច្បាប់ចេញពីតំបន់អង្គរ។ ពលរដ្ឋដែលអាចទទួលបានដីនៅតំបន់នោះត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់ ហើយការផ្តល់ដី គឺធ្វើឡើងតាមរយៈការចាប់ឆ្នោត។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដែលក៏ជាប្រធានក្រុមការងារតម្រង់ទិសថ្លែងក្នុងយុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដី និងកំណត់អត្តសញ្ញាណកាន់កាប់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរកាលពីថ្ងៃទី ១៧ សីហាថា៖ «ខ្ញុំក៏បានធ្វើលិខិតសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យឯកឧត្តម ខេង សាមេត កងវិស្វកម្មតេជោទៅរៀបចំតំបន់រុនតាឯក ហេដ្ឋារចនាសម្ព័ន្ធ និងដីឡូត៍។ ដីឡូត៍មាន ៦ ០០៥ ដីឡូត៍ អ៊ីចឹងយើងរៀបចំមិនមែនចេះតែឱ្យទេ ទាល់តែមានលក្ខណៈគ្រប់គ្រាន់ដើម្បីឱ្យ»។
លោក ជា សុផារ៉ា លើកឡើងទៀតថា ការធ្វើហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹងសៀមរាប ប្រជាពលរដ្ឋដែលរើចេញក៏បានទៅនៅតំបន់នោះដែរ។ ហេតុនេះ អ្នកណាដែលមានបងប្អូននៅរុនតាឯក ហើយពាក់ព័ន្ធជាមួយតំបន់ ដែលក្រុមការងារត្រូវដោះស្រាយ ព្រមទាំងស្របតាមលក្ខខណ្ឌអាចធ្វើចលនាទៅទទួលដោយស្ម័គ្រចិត្តបានឆាប់រហ័ស។ លោកបញ្ជាក់ថា ការរើចេញទៅនោះ មិនចាំបាច់ធ្វើស្របពេលទាំងអស់គ្នាទេ។ អ្នកនៅត្រពាំងសេះអាចទៅមុន ហើយអ្នកណាដែលស្ម័គ្រចិត្តបន្ទាប់អាចរើចេញទៅជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋ គាត់ដឹងថា នៅតំបន់អង្គរ អាសយដ្ឋានអត់ អត្តសញ្ញាណអត់ បំពេញ CV នៅឯណា ដីឡូត៍អ្នកណាអ្នកវាស់ឱ្យចេញលេខឱ្យក៏អត់។ អ៊ីចឹងគាត់អត់ទាំងអស់ អត់ហ្នឹងអត់តជំនាន់ ហើយដីនេះ យើងផ្តល់កម្មសិទ្ធិឱ្យ ២០ គុណ ៣០។ អ៊ីចឹងជំហានទី ១ ដែលយើងបានធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ ហើយមន្ទីរដំណើរការចុះបញ្ជីជូនប្រជាពលរដ្ឋ»។
បើតាមលោករដ្ឋមន្ត្រីក្នុងរមណីយដ្ឋានអង្គរមានសំណង់ខុសច្បាប់ប្រមាណជាង ៨ ពាន់សំណង់ ដែលជាសំណង់ដ៏គួរឱ្យខ្មាសអៀន។ ចាប់ពីពេលបើកយុទ្ធនាការនេះទៅ អាជ្ញាធរទាំងអស់ត្រូវបញ្ចប់ការទទួលស្គាល់ការធ្វើជាសាក្សីក្នុងសកម្មភាពលក់ដូរដីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អង្គរជាទឹកដីស័កិ្តសិទិ្ធ មិនអាចយកផលប្រយោជន៍បុគ្គលឯកជនគ្រួសារបានទេ។ អ្នកដែលរំលោភបំពាននឹងទទួលតែការឈឺចាប់ និងវិនាសតពូជ តពង្ស វង្សត្រកូល។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែសីហា ថា ក្រុមការងារកំពុងតែសម្រុកចុះធ្វើកិច្ចការងារចុះវាស់វែងកំណត់និយាមកាក្បាលដី និងកំណត់អត្តសញ្ញាណកាន់កាប់ ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនៅគ្រប់តំបន់រមណីយដ្ឋានអង្គរទាំងអស់។ ប៉ុន្តែទោះយ៉ាងណា លោកបញ្ជាក់ថា នៅមិនទាន់អាចបញ្ជាក់ប្រាប់ពីលទ្ធផលដែលបានចុះអនុវត្តហើយចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា នៅឡើយទេ ព្រោះការងារកំពុងតែអនុវត្ត។
លោកថា ក្រុមការងារដែលកំពុងធ្វើកិច្ចការងារនេះមានសមាសភាពមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរភូមិឃុំ និងមន្ទីររៀបចំដែនដីខេត្តមួយចំនួន ចូលរួម ដូចជា ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបងជាដើម។
លោកថ្លែងថា៖ «ឥឡូវកំពុងតែសម្រុកធ្វើកិច្ចការងារហ្នឹងបាទ។ លទ្ធផលមានហើយ ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់បាននៅឡើយទេ ព្រោះការងារកំពុងតែធ្វើ កំពុងតែអនុវត្ត ក៏ប៉ុន្តែយើងមានក្រុមការងារជំនាញបន្ថែមទៀតពីខាងក្រសួងដែនដី លោកអញ្ជើញមកពីខាងមន្ទីរខេត្តមួយចំនួន»។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា យុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដី និងកំណត់អត្តសញ្ញាណកាន់កាប់ដីធ្លីក្នុងតំបន់នេះមានកម្លាំងសរុបចំនួន ៨៩០ រូប ចែកចេញជា ៤២ ក្រុម ក្នុងនោះមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៥៤៩ រូប មន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ២៣២ រូប និងមន្ត្រីរដ្ឋបាលខេត្តសៀមរាបចំនួន ១០៩ រូប ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ជាមួយគ្នានេះដែរ ក្រុមការងារតម្រង់ទិសក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ផ្តល់កិច្ចសហការជាមួយក្រុមការងារបច្ចេកទេស ដែលចុះបំពេញភារកិច្ចនៅគ្រប់គោលដៅ ក្នុងតំបន់រមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ៕
វីដេអូ៖