ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ​ត្រៀម​ជ្រើសរើស​មន្ត្រី​រយៈពេល​ខ្លី​ប្រមាណ​ជិត​ ៥​ ពាន់​នាក់ ដែល​នៅក្នុង ឃុំ-សង្កាត់ ១ ៦៥២ នៅ​ទូទាំង​ប្រទេស ដើម្បី​ចុះឈ្មោះ​បោះឆ្នោត និង​ត្រួតពិនិត្យ​បញ្ជី ឈ្មោះ​បោះឆ្នោត ក្នុង​ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ ​២០២២ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០២៣​។

លោក សោម សូរីដា អ្នក​នាំពាក្យ គជប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ខែសីហា​ថា ការជ្រើសរើស​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៣ ខែកញ្ញា ដល់​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ​ ២០២២​។ សមាសភាព​នេះ​មាន​ ១ ​ក្រុម​ ៣ ​នាក់ ប្រធាន​ ១ ​រូប សមាជិកការី​កុំព្យូទ័រ​ ១ ​រូប និង​ ១ ​រូប​ទៀត​ជា​ស្មៀន​ឃុំ​-​សង្កាត់ ដែល​ត្រូវ​តែងតាំង​ដោយ គជប​។ គជប នឹង​សម្រេច​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ​ ២០២២​។

លោក សោម សូរីដា ថ្លែងថា ការត្រួតពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ២០ ខែតុលា ដល់​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២២ ដែលមាន​រយៈពេល ៥០ ​ថ្ងៃ​។ គជប នឹង​ប្រកាស​សុពលភាព​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ដែល​ជា​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​។

លោក សំ គន្ធាមី នាយកប្រតិបត្តិ​អង្គការ​និកហ្វិក ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២២ ខែសីហា​ថា អង្គការ​របស់​លោក ក៏​នឹង​ត្រៀម​ដាក់​ភ្នាក់ងារ​តាម​សង្កេតការណ៍​សម្រាប់​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២២ នេះដែរ ប៉ុន្តែ​រង់ចាំ​មើល​ជំនួយ​ជាមុន​សិន​។

លោក​ថា​៖ «​អារឿង​ជ្រើសរើស​ក្រុមមន្ត្រី​អីហ្នឹង គជប គេ​អ្នកធ្វើ ព្រោះ​គេ​ត្រូវការ​បណ្តុះបណ្តាល​ពី​នីតិវិធី ហើយ​ការជ្រើសរើស​នេះ អង្គការ​យើងខ្ញុំ​មិន​បាន​តាមដាន​ទេ យើង​សង្កេតការណ៍​នៅពេល​ដែល​ចុះឈ្មោះ​ទេ​»៕