ភ្នំពេញៈ តម្រូវការ​ឈាម​ក្នុង​ ១​ ឆ្នាំៗ​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាង​ ១០​ ម៉ឺន​ប្លោក ហើយ​ចំនួន​នេះ​មាន​ការកើនឡើង​ជិត ២០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ទៅនឹង​ឆ្នាំមុនៗ​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​។

ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​កាលពី​ថ្ងៃទី ២២ សីហា ក្រោម​ប្រធានបទ «​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​» ដែល​មាន​អ្នក​ចូល​បរិច្ចាគ​ឈាម​ភាគច្រើន​ជា​មន្ត្រីរាជការ​ជាង ​៣៥០ ​នាក់ លោកស្រី ប្រាក់ សោភ័ណនារី ថ្លែងថា ស្ថានភាព​តម្រូវការ​ឈាម​ក្នុង​ឆ្នាំ​ ២០២១ កម្ពុជា ត្រូវការ​ឈាម​ ១ ​ប្លោក ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​រៀងរាល់​ ៦ ​នាទី​ម្តង​។ ឯ​តម្រូវការ​ឈាម​ប្រចាំថ្ងៃ​សរុប​មាន​ជាង​ ២៥០​ ប្លោក​ជា​មធ្យម​នៅ​រាជធានី-​ភ្នំពេញ និង​តម្រូវការ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាង ​១០​ ម៉ឺន​ប្លោក​។

លោកស្រី​បញ្ជាក់ថា​៖ «​តម្រូវការ ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាង​ ១០ ​ម៉ឺន​ប្លោក ដែល​កើន​លើសពី​ឆ្នាំមុនៗ​ជិត​ ២០ ​ភាគរយ ហើយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​ក្រសួង​សុខាភិបាល​បាន​គ្រប​ដណ្តប់​ជាង​ ៧០ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​ឈាម​ទូទាំង​ប្រទេស​»​។

លោកស្រី​បន្តថា​៖ «​ចំណែក​ការទទួល​ឈាម​តាមរយៈ​សប្បុរសជន​ដោយ​មិន​គិត​កម្រៃ និង​ដោយស្ម័គ្រចិត្ត​ឆ្លើយតប​បាន​ប្រហែល​តែ​ ១០ ​ភាគរយ​នៃ​តម្រូវការ​ក្នុង​ប្រទេស​យើង​តែប៉ុណ្ណោះ ក្នុង​ខណៈ​ដែល​ប្រទេស​ជិតខាង​មាន​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​អាច​ផ្គត់ផ្គង់​រហូតដល់​លើសពី ​៩០​ ភាគរយ​នៃ​តម្រូវការ​»​។

ក្នុង​នាម​ក្រសួង​សុខាភិបាល លោកស្រី ប្រាក់ សោភ័ណនារី លើក​ទឹកចិត្ត និង​កោតសរសើរ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ធ្វើ​អំណោយទាន​ សម្រាប់​ជីវិត និង​បាន​ធ្វើ​សកម្មភាព​គ្រប់យ៉ាង​ក្នុង​ការបរិច្ចាគ​ឈាម​។ ជាមួយ​គ្នា​នេះ លោកស្រី នៅតែ​អំពាវនាវ​ឱ្យ​មាន​ការគាំទ្រ​បន្តទៀត តាម​គ្រប់​រូបភាព​ក្នុង​យុទ្ធនាការ​ផ្សេងៗ​នាពេល​ខាងមុខ ដើម្បី​លើកកម្ពស់​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ដ និង​មិន​គិត​កម្រៃ​ សម្រាប់​រួមចំណែក​ជួយ​ង្គ្រោះ​ជីវិត​ជនរងគ្រោះ​ដោយ​ក្ដី​សប្បុរស​។

លោកស្រី​ថ្លែងថា​៖ «​យុទ្ធនាការ​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​ថ្ងៃនេះ គឺជា​ប្រធានបទ​ដ៏មាន​អត្ថន័យ សម្រាប់​យើង​ទាំងអស់​គ្នា និង​មាន​គោលបំណង​បង្កើត​ទម្លាប់ និង​វប្បធម៌​នៃ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​»​។

លោកស្រី​ សោភ័ណនារី ​បន្តថា​៖ «​ជំរុញ​លើកកម្ពស់​ឱ្យ​យុវជន ប្រជាជន​ទូទៅ​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​សេវាកម្ម​ជាតិ​ផ្តល់​ឈាម​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ឱ្យ​មាន​ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់ សម្រាប់​អ្នកជំងឺ​ជា​មាតា ដែល​កំពុង​ត្រូវការ​ឈាម​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់​ជាតិសាសន៍ ឬ​សាសនា​»​។

បើតាម​ក្រសួង​សុខាភិបាល ការបរិច្ចាគ​ឈាម​ទៀងទាត់​មិន​ត្រឹមតែ​មិន​ធ្វើឱ្យ​ខូចសុខភាព​នោះទេ ប៉ុន្តែ​វា​បែរជា​អាច​ជួយ​ផ្ដល់​អត្ថប្រយោជន៍​មួយចំនួន​ដល់​សប្បុរសជន​ទៅវិញ ដូចជា កាត់បន្ថយ​ជំងឺ​មហារីក​នានា កាត់បន្ថយ​ភាពតានតឹង​ក្នុង​ចិត្ត និង​កូលេស្តេរ៉ូល កាត់បន្ថយ​ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល កាត់បន្ថយ​កំហាប់​ឈាម និង​លើស​ជាតិ​ដែក​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ថ្លើម-​លំពែង ជួយ​ឱ្យ​ប្រសើរឡើង​នូវ​សុខភាព​បេះដូង និង​កាត់បន្ថយ​ការឡើង​ទម្ងន់​។

សប្បុរសជន​ទាំងឡាយ បន្ទាប់ពី​បាន​បរិច្ចាគ​ឈាម​របស់​ខ្លួន អ្នក​នឹងមាន​អារម្មណ៍ មោទនភាព និង​ទទួល​បាន​ការកោត​សរសើរ និង​ការទទួល​ស្គាល់​ពី​សហគមន៍​នៅ​ជុំវិញខ្លួន ជា​អ្នក​បានរួម​ចំណែក​ជាមួយ​សកម្មភាព​មនុស្សធម៌​របស់​សង្គមជាតិ​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ឱ្យ​រួច​ផុតពី​សេចក្តី​ស្លាប់​។ នេះ​ជា​ការបញ្ជាក់​របស់​ក្រសួង​សុខាភិបាល​។

លោក​ ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ដែល​បាន​ដឹកនាំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ថ្លែងថា កង្វះ​ឈាម​ក្នុង​ការជួយ​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ គឺជា​បញ្ហា​ប្រឈម​ដែល​ត្រូវបាន​យកចិត្ត​ទុកដាក់​ជាទីបំផុត​។ ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សុខាភិបាល បាន​ខិតខំ​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​ផ្តល់​ឈាម និង​ច្បាប់​គ្រប់គ្រង​ចំពោះ​អំណោយ​ឈាម ដើម្បី​លើក​ទឹកចិត្ត និង​ជំរុញ​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​មាន​អំណោយ​ឈាម​ស្ម័គ្រចិត្ត​បរិច្ចាគ​ដោយ​ឥតគិតថ្លៃ​ឱ្យ​បាន​ ១០០​ ភាគរយ នៅមុន​ឆ្នាំ​ ២០២០ ដែលជា​អនុសាសន៍​រួម​របស់​អង្គការ​សុខភាព​ពិភពលោក​។

ប៉ុន្តែ​លោក​ថា ចាប់ពី​មាន​ការផ្ទុះឡើង​ជំងឺ​កូវីដ​ ១៩ ការបរិច្ចាគ​ឈាម​ហាក់​បាន​ធ្លាក់ចុះ ព្រោះ​មិនសូវ​មាន​សប្បុរសជន ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​រាជរដ្ឋាភិបាល​មិនអាច​សម្រេច​គោលដៅ​ដែល​បាន​កំណត់​។

លោក​បញ្ជាក់ថា​៖ «​យើង​អាច​សង្កេតឃើញ​ថា ប្រជាពលរដ្ឋ​ជាច្រើន​នៅ​មិនទាន់​យល់ដឹង​អំពី​សារប្រយោជន៍​នៃ​ការផ្តល់​ឈាម​នៅឡើយ​ទេ​។ ក្នុង​បរិការណ៍​បែបនេះ ក្រសួង​សុខាភិបាល​តាមរយៈ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​ខិតខំ​រៀបចំ​យុទ្ធនាការ​ជា​បន្តបន្ទាប់ ដូចជា​កម្មវិធី​បរិច្ចាគ​ឈាម​នា​ថ្ងៃនេះ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ជា​ឧទាហរណ៍​គំរូ​ស្រាប់ ដែល​អាច​ជួយ​ផ្សព្វផ្សាយ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ឡើង​លើ​សេវាកម្ម​ផ្តល់​ឈាម​»​។

លោក​ ព្រុំ សុខា ចាត់ទុក​ការបរិច្ចាគ​ឈាម​អាចជួយ​បង្កើត​នូវ​ទម្លាប់​គំរូ និង​វប្បធម៌​ល្អ​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ ពិសេស​សិស្ស​មន្ត្រី និង​កម្មសិក្សាការី​ជំនាន់​ក្រោយ ព្រោះ​វា​អាច​ជួយ​ធ្វើឱ្យ​ទាំងអស់​គ្នា​ជា​ខ្មែរ មាន​ការផ្សារ​ភ្ជាប់​គ្នា ពោល​គឺ​រវាង​អ្នកមាន​សុខភាព​ល្អ ដែល​យល់ព្រម​ផ្តល់​អំណោយ​ឈាម និង​អ្នកជំងឺ ដែល​កំពុង​នៅលើ​មាត់ជ្រោះ​នៃ​សេចក្តី​មរណៈ​។

លោក​ថ្លែងថា​៖ «​ជាមួយ​ការចូលរួម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ​នៃ​ក្រសួង​មុខងារ​សាធារណៈ ពិសេស​កម្មសិក្សាការី និង​សិស្ស-​មន្ត្រី​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ខ្ញុំ​សង្ឃឹម​ថា កម្មវិធី​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​នេះ​នឹង​ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន ទាំង​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ គ្រឹះស្ថាន​សាធារណៈ និង​តួអង្គ​ពាក់ព័ន្ធ​ផ្សេង​ទៀត​យល់ដឹង និង​មាន​ឆន្ទៈ​ចូលរួម​សកម្មភាព​មនុស្សធម៌​នេះ ដើម្បី​សង្គមជាតិ​របស់​យើង​ឈាន​ដល់​ដំណាក់កាល​ដ៏សំខាន់ ១ ​ឆាប់ៗ​នេះ ដែល​ពេល​នោះ​គ្មាន​អ្នកជំងឺ​ណា ម្នាក់​ស្លាប់ ដោយសារ​ខ្វះ​ឈាម ដែល​មាន​សុវត្ថិភាព​ឡើយ​»៕