ភ្នំពេញៈ ការអនុវត្ត​ប្រមូល​ពន្ធ​នាំ​ចូល​លើ​យានយន្ត​ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ ​គឺជា​ប្រភព​ចំណូល​យ៉ាង​​សំខាន់ និង​ដើរតួនាទី​ប្រមាណ​រហូតដល់​ ៤៣​ ភាគរយ ​នៃ​ចំណូល​សរុប​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​។​

​ដើម្បី​កៀរគរ​ចំណូល​សម្រាប់​ចូល​ថវិកាជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព កាលពី​ខែសីហា ឆ្នាំ​ ២០២១ កម្ពុជា​បានចាប់ផ្តើម​រឹតបន្តឹង​យ៉ាង​ម៉ឺងម៉ាត់​​ចំពោះ​រថយន្ត​ឯកជន​ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ រថយន្ត​ចង្កូត​ស្តាំ

​ដែល​គ្មាន​ពន្ធ និង​អាករ​នាំចូល តាម​ការចង្អុលបង្ហាញ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ការ​រឹតបន្តឹង​ពេលនោះ​រហូតដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២២ អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (​អគរ​) ​ប្រមូល​ពន្ធ​បាន​ប្រមាណ​ ៧៦​ លាន​ដុល្លារ​។ ​ជាមួយគ្នានេះដែរ​ (​អគរ​) ​បានដាក់​ចេញ​នូវ​វិធានការ​រឹតបន្តឹង​រថយន្ត​គេចពន្ធ​នៅតាម​ច្រកព្រំដែន​និង​តាម​ផ្លូវទឹក ​ដើម្បី​ធានា​ដល់​ការ​​ប្រមូល​ពន្ធ​យ៉ាង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​

​ការដាក់ចេញ​វិធានការ​ក្តៅ​នេះ មានការ​គាំទ្រ​ពី​សង្គម​ស៊ីវិល ម្ចាស់​យាន​យន្ត ម្ចាស់​ក្រុមហ៊ុន​នាំចូល​រថយន្ត​ក៏៏​ដូចជា ពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ដោយបាន​លើកឡើង​ស្រដៀង​គ្នា​ថា ​វា​នឹង​បង្កឱ្យមាន​បរិយាកាស​ប្រកួតប្រជែង​ទីផ្សារ​រថយន្ត​ប្រកបដោយ​តម្លាភាព និង​បង្កើន​ចំណូល​ជូន​រដ្ឋ​។​

​លោក គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជាបាន​ថ្លែងថា ជាក់ស្តែង​ការប្រមូល​ពន្ធអាករ​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រ​ទេស​នេះ ជា​ជំហាន​មួយ​ក្នុងចំណោម​វិធានការ​ដទៃទៀត​នៃ​ការ​កៀរគរ​ចំណូល​​ដែល​អាច​ប្រមូលបាន​សម្រាប់​ចូល​ថវិកាជាតិ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការប្រមូល​នេះ​ គឺជា​ប្រភព​ចំណូល​យ៉ាងសំខាន់​នៃ​ចំណូល​ដែល​ប្រមូល​ដោយ​គយ បើតាម​តួលេខ​ដែល​យើង​មាន ​គឺ​ចំណូល​ពី​ក្រុម​ទំនិញ​ជា​យានយន្ត​ដើរតួនាទី​ប្រ​មាណ​រហូតដល់​ ៤៣​ ភាគរយ ​នៃ​ចំណូល​សរុប​ដែល​ប្រមូល​ដោយ​គយ​»​។​

​លោក​បន្តថា ដោយសា​រថយន្ត​ជា​ប្រភព​ចំណូល​សំខាន់​នេះ ​ក៏មាន​ជន​ខិលខូច​គេចវេះ​ពន្ធ​ដែរ និង​បាន​យក​មក​លក់​នៅលើ​ទីផ្សារ​តាម​ម​ធ្យា​បាយ​ផ្សេងៗ​ដោយ​បន្លំ​បង្កប់​នៅក្នុង​កុងតឺន័រ​​ និង​រត់ពន្ធ​ឆ្លងដែន​ជាពិសេស​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​។ ​ដើម្បី​រឹតបន្តឹង​រថ​​យន្ត​គ្មាន​ពន្ធ​បើកបរ​ក្នុងស្រុក លោក គុណ ញឹម បាន​ដាក់ចេញ​វិធានការ​រឹត​​បន្តឹង​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ប្រមូល​ចំ​​ណូ​ល​ជូន​រដ្ឋ និង​មួយវិញទៀត​បង្កើត​បរិ​យា​កាស​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់​ផងដែរ​។

​លោក​ថា​៖ «​យើង​នឹង​ពង្រឹង​ចាត់​​វិធានការ​តឹងតែង​ថែមទៀត​ក្នុងការ​​ទប់ស្កាត់​កុំឱ្យ​រថយន្ត​រត់ពន្ធ​ចូលមក​​ក្នុងប្រទេស​ដែល​ធ្វើឱ្យប៉ះពាល់​ប្រាក់​ពន្ធ​ផង ធ្វើឱ្យប៉ះពាល់​ដល់​ការប្រកួត​​ប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​ផង ពីព្រោះ​អ្នក​នាំចូល​រថយន្ត​បង់ពន្ធ​ពិតជា​មិន​សប្បាយចិត្ត​ទៅនឹង​អ្នករត់ពន្ធ​រថយន្ត​មក​លក់​ទេ​។ ​អ៊ីចឹង​ហើយ​តួនាទី​របស់​យើង​ធ្វើយ៉ាងណា​ឱ្យមាន​សមធម៌​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្ម​គឺ​ ទី​១ ​រក្សា​ចំណូល​របស់​ជាតិ ហើយ​ទី​២ ​បង្កើត​ជា​បរិយាកាស​ប្រកួតប្រជែង​ឱ្យ​ស្មើ​​ភាព​គ្នា​ក្នុង​វិស័យ​យានយន្ត អ៊ីចឹង​មាន​កាតព្វកិច្ច​បង់ពន្ធ​ទាំងអស់គ្នា​»​។​

លោក គុណ ញឹម បាន​បញ្ជាក់ថា ការ​រឹតបន្តឹង​នេះ​ទោះបីជា​មិនអាច​លុបបំបាត់​រថយន្ត​គេចពន្ធ​បាន​ ១០០ ​ភាគរយ​ក៏ដោយ ប៉ុន្តែ​លោក​នឹង​ប្រឹង​ប្រែង​អនុវត្ត​តួនាទី​របស់ខ្លួន​ក្នុងការ​​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា​ពោល គឺ​

​កាត់បន្ថយ​ឱ្យបាន​ច្រើន​ភាគរយ​ដែល​អាច​ទទួលយកបាន​និង​មាន​បរិ​យា​​កាស​ល្អ​មួយ​សម្រាប់ធ្វើ​ធុរកិច្ច និង​បង្កើន​ចំណូល​ជាតិ​។​

​អគ្គនាយក​ក្រុមហ៊ុន RMA ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​ក្នុងការ​នាំចូល​រថយន្ត​ទំនើបៗ លោក ង​ន សាង បាន​សម្តែង​ការគាំទ្រ​ចំពោះ​វិធានការ​នេះ​ដោយ​​ចាត់ទុកថា វា​នឹង​ជា​ផ្នែក​មួយ​ក្នុងការ​​ធានា​ដល់​ការប្រកបរ​របរ​លក់​រថយន្ត​ដោយ​តម្លាភាព និង​និរន្តរភាព​។

​លោក​ថា​៖ «​ការពង្រឹង​ច្បាប់​ពន្ធគយ​នេះ​ត្រូវ​ពង្រឹង​ទាំងអស់គ្នា អ៊ីចឹង​អ្នករត់ពន្ធ​មួយចំនួន​ដែល​ព្យាយាម​យក​ឡាន​ចង្កូត​ស្តាំ​ទៅ​កែ​ឆ្វេង យើង​ទប់​បាន​មួយចំនួន នេះ​ជាការ​ចំណេញ​ដល់​រដ្ឋាភិបាល​អាច​ប្រមូល​ពន្ធ​បាន​ច្រើនជាង​មុន ហើយ​កាន់តែ​ចំណេញ​នៅ​​ពេល​តម្លៃ​ឡាន​គឺ​ដូចគ្នា​ទៅនឹង​តម្លៃ​ចេញពី​រោងចក្រ អ៊ីចឹង​ខ្ញុំ​គិតថា វិធាន​​ការ​នេះ​ជា​ជំហាន​មួយ​ដំណើរ​ការល្អ សម្រាប់​ការប្រមូល​ពន្ធ​»​។​

​លោក​បាន​លើកឡើងថា កន្លងមក​អ្នក​នាំចូល​រថយន្ត​ស្របច្បាប់ ត្រូវចំ​​ណាយ​លើ​ការបង់ពន្ធ និង​អាករ​ជូន​រដ្ឋ​ច្រើនជាង​អ្នក​គេចពន្ធ​ដែល​ធ្វើឱ្យ​ប៉ះ​​ពាល់​ដល់​ការប្រកួតប្រជែង​ក្នុងស្រុក​។​

​លោក​ថា​៖ «​ឧទាហរណ៍​ថា យើង​អ្នក​នាំចូល​ផ្តាច់មុខ​ប្រេន​មួយ​ គឺ​អ្នកផ្សេង​អត់​មាន​សិទ្ធិ​នាំចូល​ទេ ដល់ពេល​គាត់​​នាំចូល​ជា​បុគ្គល មាន​សិទ្ធិ​ត្រឹម​ជា​អ្នក​​ប្រើប្រាស់ ប៉ុន្តែ​ជាក់ស្តែង​គាត់​យកទៅ​​លក់ អ៊ីចឹង​គាត់​បង់ពន្ធ​ទៅតាម​បា​រ៉ែ​ម​

​គយ​ដែលមាន​តម្លៃថោក​ជាង​យើង​។​

​សម្រាប់​យើង​បង់​ទៅតាម​តម្លៃ​របស់​រោងចក្រ​ពិតប្រាកដ ​និង​បង់ពន្ធ​ច្រើនជាង​គាត់ អ៊ីចឹង​ឡាន​ថ្លៃ​ជាង ហើយ​គាត់​យកមក​ថោក​ជាង គាត់​លក់់​ថោក​ជាង​អ៊ីចឹង​លក់ដាច់​ជាង​»​។​

​ជាមួយគ្នានេះដែរ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថ្លែងថា កន្លងមកនេះ​លោក​បាន​ឃើញថា រដ្ឋាភិបាល​ប្រមូល​ចំណូល​តាមរយៈ​ពន្ធ​ និង​គយ ​គឺមាន​ចំណូល​កើនឡើង​គួរឱ្យ​ចាប់អារម្មណ៍​ដែលជា​ដំណើរ​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​​ធានាបាន​នូវ​ចំណូល​ ដើម្បី​ផ្គត់ផ្គង់​ការ​​ចំណាយ​ជាប្រចាំ​ឆ្នាំ​។

​លោក​ថ្លែងថា​៖ «​រឿង​ដែល​ខ្ញុំ​គិតថា ​សំខាន់​គួរតែមាន​ការយកចិត្ត​ទុកដាក់​បន្ថែម ​គឺ​តម្លាភាព និង​ភាព​ស្មើភាព​គ្នា​នៃ​ការបំពេញ​ការអនុលោម​ទៅតាម​កាតព្វកិច្ច​ពន្ធអាក​រ​ផ្សេង​។ មានន័យថា យើង​គួរតែ​ធានា​បរិយាកាស​នៃ​ការ​អនុលោម​តាមច្បាប់​ពន្ធ​ឱ្យ​ស្មើភាព​ទាំង​អ្នកធំ អ្នកតូច ក្រុមហ៊ុន​ធំ តូច​ គឺ​ត្រូវតែមាន​កាតព្វកិច្ច​ស្របតាម​គោលការណ៍​គតិយុត្ត​ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធ​ស្មើគ្នា​មានន័យថា ជំរុញ​ការអនុវត្ត​ស្មើភាព​គ្នា​»​។​

​ទន្ទឹមនឹង​ការអបអរសាទរ​ចំពោះ​ការប្រមូល​ថវិកា​ចូល​រដ្ឋ​នេះ លោក​ថ្លែងថា ជាការ​ចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​បង្កើន​នូវ​ជំនឿ​ជឿជាក់​ពី​សំណាក់​សាធារណជន​ចំពោះ​ការគ្រប់គ្រង​ថវិកាជាតិ​ឱ្យ​ត្រឹម​ត្រូវមាន​ប្រសិទ្ធភាព​ខ្ពស់​។ លោក​បន្តថា ការប្រកួតប្រជែង​ទីផ្សារ​រថយន្ត​នេះ​ជា​រឿង​មួយ​ចាំបាច់ និង​ជា​រឿង​ធំ​មួយ​ក្នុងការ​ទាក់ទាញវិនិយោគ​បរទេស​ចូលក្នុង​ស្រុក​។​

​លោក​ថា​៖ «​ព្រោះ​អីយើ​ង​ឃើញថា​ ក្រុមហ៊ុន​ដែល​នាំចូល​រថយន្ត​មាន​ច្រើន​ប្រភេទ​ដូចជា ក្រុមហ៊ុនដែលមាន​ស្លាក​យីហោ​អន្តរជាតិ​ដែល​គេ​មក​វិនិយោគ​នៅ​កម្ពុជា ដូចជាក្រុមហ៊ុន Mecerdes, Walken, BMW​ ដែល​គាត់​មក​វិនិយោគ​ហើយ​ធ្វើការ​ចែកចាយ​ទីផ្សារ​នៅ​កម្ពុជា​។ ប៉ុន្តែ​ក្រុមហ៊ុន​នោះ​ដោយ​​សារ​គាត់​ជា​យីហោ​អន្តរជាតិ​គាត់​ត្រូវ​​តែ​អនុលោម​ទៅតាម​ច្បាប់​ខ្ពស់ អ៊ីចឹង​គាត់​បង់ពន្ធ​ពេញ​ដល់ពេល​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​គាត់​រកស៊ី​ឡាន​ដែរ​នាំចូល​រថយន្ត​ល្អៗ​ថ្មីៗ​ដូចគ្នា ប៉ុន្តែ​ជួន​​កាល​អាច​គេចពន្ធ អ៊ីចឹង​ធ្វើឱ្យ​បរិ​យា​​កាស​នៃ​ការប្រកួតប្រជែង​លក់​រថយន្ត​អត់​ស្មើភាព​គ្នា​ទេ​»​។​

​លោក​បាន​បន្តថា អ្នកវិនិយោគនាំ​ចូល​រថយន្ត​ទំនើប​អនុលោម​ច្បាប់​ពេញ​​លេញ មិន​អាចមាន​សមត្ថភាព​ប្រកួត​​ប្រជែង​ទីផ្សារ​ក្នុងស្រុក​បានទេ​។​

«​អ៊ីចឹង​ខ្ញុំ​គិតថា យើង​គួរតែ​ជំរុញ​ការ​​អនុវត្ត​ច្បាប់​និង​កាតព្វកិច្ច​បង់ពន្ធ​ឱ្យ​ស្មើ​​ភាព​គ្នា ប្រសិនបើ​យើង​ជំរុញ​បែបនេះ​ គឺ​យើង​នឹងមាន​ការប្រកួតប្រជែង​មួយ​ដែល​ស្មើភាព​ហើយ​អ្នកទទួលផល​ពី​ការប្រកួតប្រជែង​នោះ ​គឺ​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ ព្រោះ​ក្រុមហ៊ុន​ប្រកួតប្រជែង​គ្នា​ទៅលើ​គុណភាព និង​តម្លៃ​ដែល​ធ្វើឱ្យ​អ្នក​ចំណេញ​គឺ​រដ្ឋ និង​ប្រជាពលរដ្ឋ​»​។​

​ម្ចាស់​ឃ្លាំង​លក់ និង​ទិញ​រថយន្ត D&D សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​​ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ក៏ដូចជា​មន្ត្រី​គយ​ទៅលើ​រថយន្ត​អត់​ពន្ធ ក៏​​ដូចជា​រថយន្ត​ចង្កូត​ស្តាំ​ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ ពិតជា​ល្អ​ណាស់​ដែល​ជួយ​បង្កើន​ចំណូល​រដ្ឋ​ផង និង​ធ្វើឱ្យ​ទីផ្សារ​ប្រកួតប្រជែង​ប្រកបដោយ​តម្លា​​ភាព​ផង​។​

​លោក​បន្តថា វិធានការ​នេះ​គឺ​ជួយ​ឱ្យ​​មាន​តម្លាភាព​សម្រាប់​អ្នករកស៊ី​ស្រប​ច្បាប់​ដូច​រូបលោក​ផ្ទាល់មានន័យថា វា​ធ្វើឱ្យមាន​ភាពងាយស្រួល​ជាង​មុន ដោយសារ​ការប្រកួតប្រជែង​ប្រកប​ដោយ​ភាពស្មើគ្នា និង​មាន​ការទទួល​​ខុសត្រូវ​ខ្ពស់​ចំពោះមុខ​ច្បាប់​។

​លោក​បាន​ថ្លែងថា​៖ «​ជួយ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​រថយន្ត​មាន​ភាពច្បាស់លាស់ ព្រោះ​ពីមុន​ស៊េរី​ឡាន​ដូចគ្នា តែ​តម្លៃ​ឡាន​ខុសគ្នា​ច្រើន ដោយ​តម្លៃ​ឡាន​អត់​​ពន្ធ ឡាន​ចង្កូត​ស្តាំ និង​ឡាន​កែ​ចង្កូត​ថោក​ជាង ដែល​ធ្វើឱ្យ​អតិថិជន​ខ្លះ​មានការ​យល់ច្រឡំ ជា​មូលហេតុ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​ឡាន​មាន​ពន្ធ​មានការ​ពិបាក​ប្រកួតប្រជែង ដោយសា​តែ​ការយល់​​ខុស​របស់​អតិថិជន​»​។

​បើតាម​ម្ចាស់​ឃ្លាំង​រថយន្ត ​D&D វិធាន​​ការ​រឹតបន្តឹង​នេះ​ពិតជា​អាចជួយ​កាត់​​បន្ថយ​ភាពអនាធិបតេយ្យ​តាមរយៈ​​ការយក​រថយន្ត​អត់​ពន្ធ និង​ឡាន​ចង្កូត​ស្តាំ​ទៅ​បំពាក់​ស្លាក​លេខ​រដ្ឋ​ក៏ដូចជា ការ​​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​បាត់បង់​អាយុជីវិត​តាមរយៈ​ឡាន​ចង្កូត​ស្តាំ ឡាន​អត់​ពន្ធ កាត់ កែ​ចង្កូត​ខុស​បច្ចេកទេស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​វិធានការ​របស់​រដ្ឋា​ភិ​បាល​ពេលនេះ​ខ្ញុំ​គិតថា ​អាចជា​ការលុបបំបាត់​ការឆកល្វែង​នៃ​ការ​នាំចូល​រថយន្ត​គេចពន្ធ​ទាំងឡាយ​ដែល​ខុសច្បាប់​ឈានទៅដល់​ការ​​បំបាត់​ទាំងស្រុង​ គឺជា​សញ្ញា​មួយ​ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគិន​ថ្មីៗ​ឱ្យ​ងាក​មក​វិនិយោគ​លើ​វិស័យ​នាំចូល​យានយន្ត​ថ្មី​មកកាន់​ប្រទេស​កម្ពុជា ហើយក៏​ជា​ចំណុច​មួយ​ដែល​អាចឱ្យ​ពលរដ្ឋ​មានឱកាស​បាន​ប្រើ​រថយន្ត​ស៊េរី​ថ្មីៗ​ទំនើបៗ​ផងដែរ​»​។​

ពលរដ្ឋ​ ១​ រូប អ្នកស្រី សុធី​តា បាន​ថ្លែង​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការ​រឹត​បន្តឹង​នេះ ដោយសារតែ​កន្លងទៅសង្កេតឃើញថា មាន​ម្ចាស់​រថយន្ត​មួយចំនួន​បាន​យក​រថយន្ត​ខ្លួនឯង​ទៅ​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ នគរ​បាល និង​រដ្ឋ​ជាដើម​។​

​អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ការធ្វើ​បែបនេះ​នឹងធ្វើ​ឱ្យ​ខាតបង់​ចំណូល​រដ្ឋ​យ៉ាងធ្ងន់ធ្ងរខ្ញុំ​សង្ឃឹមថា ខាង​គយ​នឹង​ចាត់វិធានការ​ឱ្យបាន​គ្រប់​ម្ចាស់​រថយន្ត​​ណា​ដែល​នៅតែ​បន្ត​សកម្ម​បែបនេះ​ ​និង​ចៀសវាង​ការលើកលែង​ចំពោះ​អ្នក​អាង​អំណាច​ឬ​បក្ខពួកនិយម​»​។​

​បើតាម​លោក គុណ ញឹម ស្រប​​ពេល​យុទ្ធនា​ការប្រមូល​ពន្ធ​នេះ កម្ពុជា​ក៏មាន​វិធានការ​ទប់ស្កាត់​ការនាំចូល​រថយន្ត​ថ្មី​ និង​ចង្កូត​ស្តាំ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​ផងដែរ​។ លោក​ថា​៖ «​យើង​នឹង​ចាត់វិធានការ​រឹតបន្តឹង​នៅតាម​ច្រកព្រំដែន​ជាពិសេស​កម្ពុជា​-​ថៃ ​ដែល​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ហើយ​ការិយាល័យ​ស្រាវជ្រាវ​ទប់ស្កាត់​រត់​​ពន្ធ​រថយន្ត​ខុសច្បាប់​នឹង​បន្ថែម​កម្លាំង​នៅតាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ បាត់ដំបង ​ពោធិ៍សាត់ កោះកុង ខេត្ត​ប៉ៃលិន និង​តាម​ច្រក​ខេត្តកំពង់ស្ពឺ​ និង​ព្រះសីហនុ ដែលជា​ច្រក​នាំចូល​»​។

​លោក​បាន​បន្តទៀតថា ដោយសារ​ព្រំដែន​កម្ពុជា​-​ថៃ មាន​វិសាលភាព​គ្របដណ្តប់​ ៧ ​ខេត្ត និង​មាន​ច្រករបៀង​ច្រើន​បង្ក​ភាពស្មុគស្មាញ​ក្នុងការ​ទប់​ស្កាត់ និង​មិនមាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ឈរជើង​ឱ្យ​គ្រប់​ច្រក ដូចនេះ មាន​

​តែ​វិធានការ​បង្ក្រាប​នៅ​ខាងចុង​ទី ​គឺ​នៅ​​ក្នុងប្រទេស​ដែល​ប្រមូលបាន​ជិត ​១ ​ម៉ឺន​គ្រឿង​កន្លងមក​។​

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ​៣០ មិថុនា ឆ្នាំ​ ២០២២ ដែលជា​ឱ​​សាន​វាទ​ចុងក្រោយ​នៃ​ការអនុញ្ញាត​​ឱ្យ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធអាករ គឺ​ទទួលបាន​ជាង​ ៧៦ ​លាន​ដុល្លារ ក្នុងនោះ​ទទួលបាន​ការបង់ពន្ធ​ពី​រថយន្ត​ទាំងអស់​ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេង​មាន​ចំនួន ៩ ៧៥៣ ​គ្រឿង​។​

​ចំណែក​រថយន្ត​ចង្កូត​ស្តាំ​ដែល​ចូលមក​កក់​ប្រាក់ និង​បង់ពន្ធ​មាន​ចំនួន​ ៧ ០៤០ ​គ្រឿង​៕