ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេច​រុះរើ​មុខតំណែង​អភិបាលរង​ខេត្ត​ចំនួន ​២២ ​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ កំពត និង​ខេត្តមណ្ឌលគិរី ខណៈ​លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ក៏បាន​រុះរើ​មុខតំណែង​នាយទាហាន​នៅក្នុង​កងយោធពល​ខេមរភូមិន្ទ​ចំនួន​ ១៧ ​រូប​ផងដែរ នៅក្នុង​ខែសីហា ឆ្នាំ​ ២០២២​។ យោងតាម​អនុក្រឹត្យ​ដាច់ដោយឡែក​ពីគ្នា​ដែល​បាន​ចុះហត្ថលេខា​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ី​ផាន ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការផ្លាស់ប្តូរ​និង​តែងតាំង​មុខតំណែង ថ្នាក់​អភិបាលរង​ខេត្តកន្លង​មកនេះ ក្នុង​គោលបំណង​ពង្រឹង​ការងារ​កំណែទម្រង់​អភិបាលកិច្ច​ល្អ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ជំរុញ​ការផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព និង​ស័​ក្តិសិទ្ធិ​ភាព​ដល់​ប្រជាពលរដ្ឋ​។​

លោក ផៃ ស៊ី​ផាន អះអាងថា ការកាត់បន្ថយ​សកម្ម​ភាព​ពី​ថ្នាក់ជាតិ ទៅ​ពង្រឹង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​សេចក្តីសម្រេច​ផ្ទាល់​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​ការទទួលខុសត្រូវ ដូចជា​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​ ១៩ ដែល​ទទួលបាន​ប្រសិទ្ធភាព​។​

អភិបាល​ខេត្តកណ្តាល​លោក គង់ សោ​ភ័​ណ្ឌ ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ ខែសីហា​នេះ​ថា ការផ្ទេរ​ភារកិច្ច និង​ការតែងតាំង​មុខតំណែង គឺ​ធ្វើ​ទៅតាម​ការងាររដ្ឋបាល​ប៉ុណ្ណោះ​។

​លោក​ថា​៖ «​របប​ដូរ​វេន​ពីមួយ​ទៅមួយ វា​ជា​ការងាររដ្ឋបាល​មានតែ​ប៉ុណ្ណឹង ដូរ​ទៅ​ដូរ​មក មិនមែន​មានទោស កំហុស​អី​ទេ ធម្មតា​ការងារ​នី​មួយៗ​មិនមែន​សុទ្ធតែ​ដូចគ្នា​ណា សមត្ថភាព​យល់ដឹង​ខុសគ្នា អ៊ីចឹ​ង​ទេ​អនុវត្ត​ការងារ​ម្នាក់ ​៤​ទៅ​ ៥ ​ឆ្នាំ​ហើយ មិនមែន​ពាក់ព័ន្ធ​អត់​សមត្ថភាព​ទេ»​។​

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី ថ្លែងថា ការតែងតាំង​មន្ត្រី​ថ្មី ជាពិសេស​ការផ្តល់​ឱកាស​ឱ្យ​អ្នកជំនាន់ក្រោយ​ចូលកាន់​កាប់​តំណែង​ជា​ជំហាន​មួយ​ល្អ និង​ជា​ដំណើរ​នៃ​ការរៀបចំ​ការកែសម្រួល​កិច្ចការរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ពលរដ្ឋ​៕

វីដេអូ៖