ភ្នំពេញៈ ​អាជ្ញាធរ​ស្រុក​កំពង់លែង​នៃ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​ ២៣ ខែ សីហា ឆ្នាំ​ ២០២២ បានសម្រេច​ធ្វើការ​ហាមឃាត់​យានយន្ត​គ្រប់​ប្រភេទ ធ្វើ​ចរាចរណ៍​ទៅមក​លើ​កំណាត់​ផ្លូវ​លេខ​ ៥០C ចាប់ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង រហូតដល់​ព្រំប្រទល់ ខេត្តកំពង់ធំ ​ជា​បណ្ដោះអាសន្ន ខណៈ​ទឹក​កំពុង​ជន់​លិច​។

លោក ចេង ចាន់​បូ​ណា អភិបាល​ស្ដីទី​ស្រុក​កំពង់លែង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន ស្ថានភាព​កម្ពស់​ទឹកទន្លេ​សាប កំពុង​មានការ​ជន់​ឡើងជា​បន្តបន្ទាប់ ធ្វើឱ្យ​កំណាត់​ផ្លូវ​លេខ​ ៥០C ចាប់ពី​ចំណុច​ផ្លូវកែង​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង រហូតដល់​ព្រំប្រទល់ ខេត្តកំពង់ធំ បាន​រង​ការ​ជន់​លិច និង​ហូរ​កាត់​លើផ្លូវ​ជាច្រើន​កន្លែង ដែល​អាច​បង្កឱ្យមាន​កា​រ​ខូចខាត​ដោយ​អន្លើ​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​ថែរក្សា​ការពារ​កំណាត់​ផ្លូវ​នេះ​ឱ្យមាន​សភាព​ល្អប្រសើរ សម្រាប់​ការប្រើប្រាស់​ជា​បន្តទៀត និង​បង្ការ​លើ​ករណី​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ដល់​អ្នកធ្វើដំណើរ អាជ្ញាធរ​យើងបា​នស​ម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ចាប់ពី​ចំណុច​ផ្លូវកែង ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង រហូតដល់​ព្រំប្រទល់ ខេត្តកំពង់ធំ​»​។

បើតាម​លោក​ចាន់ ​បូ​ណា ក្រោយពេល​រដូវ​ទឹកសម្រក​មកដល់ រដ្ឋបាល​ស្រុក​កំពង់លែង នឹង​ជម្រាប​ជូនដំណឹង​ជាថ្មី អំពី​ការបើក​ឱ្យ​ដំណើរការ​កំណាត់​ផ្លូវ​នេះ​ឡើងវិញ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូមអ្នក​ធ្វើដំណើរ​តាម​យានយន្តគ្រប់​ប្រភេទ ចូលរួម​អនុវត្ត​ទាំងអស់គ្នា ដើម្បី​ការពារ​កុំឱ្យ​កំណាត់​ផ្លូវ​នេះ រង​ការខូចខាត​។

លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ស្ថានភាព​កម្ពស់​ទឹកទន្លេ នៅ​ស្ថានីយជល​សាស្ត្រ​ផ្សារ​ក្រោម​នា​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ ទឹកទន្លេ មាន​កម្ពស់​៧,២៥​ម៉ែត្រ ខ្ពស់ជាង​កាលពី​ឆ្នាំមុន ​២,០២​ ម៉ែត្រ ប៉ុន្តែ​នៅ​ទាប​ជាង​កម្រិត​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ៤,៥៣ ​ម៉ែត្រ។

លោក​បាន​បញ្ជាក់ថា​៖«​ស្ថានភាព​ទឹកទន្លេ​សាប​នាពេលនេះ នៅ​ទាប​ជាង​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ឆ្ងាយ​ណាស់​។ ប៉ុន្តែ​សម្រាប់​ស្រុក​កំពង់លែង ដែលជា​តំបន់​វាលទំនាប​ជាប់​បឹង​ទន្លេសាប នឹង​ប្រឈម​គ្រោះទឹកជំនន់​នាពេលខាងមុខ​នេះ ប្រសិនបើ​ស្ថានភាព​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា នៅតែ​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ក្នុង​តំបន់​»​។

បើតាមលោក ប៊ុន​ថុ​ន កម្ពស់​ទឹកទន្លេ​សាប​ក្នុង​ខេត្តកំពង់ឆ្នាំង ឡើង​ឬ​ចុះ​អាស្រ័យ​លើ​បប​ទឹកភ្លៀង ដែល​ធ្លាក់​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៅក្នុង​ខេត្ត​ផង និង​របប​ទឹកទន្លេ​មេគង្គ​ផង​។ ប៉ុន្តែ​នៅក្នុង​សប្ដាហ៍​នេះ បរិមាណ​ទឹកភ្លៀង​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៅក្នុង​ខេត្ត​នេះ​បាន​ថយចុះ ខណៈ​របប​ទឹកទន្លេ​មេគង្គ នៅមានកម្រិត​ទាប​នៅឡើយ​។

ជុំវិញ​បញ្ហា​អាកាសធាតុ​នេះ​ផងដែរ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ព្យុះ​ទី​៩​ ឈ្មោះ ម៉ា​អន (MA ON)​ ដែល​កំពុង​ស្ថិតនៅ​ខាងកើត ទីក្រុង​ម៉ា​និល ប្រទេស​ហ្វីលីពីន និង ព្យុះទី​១០​ ឈ្មោះ តូ​កា​ហ្គិ (TOKAGE) ដែល​កំពុង​កើតឡើង​នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន នាពេលនេះ មិនមាន​ឥទ្ធិ​ពល​មកលើ តំបន់​អាង​ទន្លេមេគង្គ​ ក្នុងប្រទេស​កម្ពុជា​នោះទេ​។ ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរ​តី​ខ្សោយ ដែល​កំពុង​អូស​កាត់​តំបន់​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និងកម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្យោ​យ​ទៅ​មធ្យម​នៅក្នុង​តំបន់​មួយចំនួន ហេតុដូច្នេះ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​តំបន់ ដែល​ធ្លាប់​ជួប​ប្រឈម​បញ្ហា​គ្រោះ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះ​ជំនន់​ទឹកភ្លៀង»​។

យោងតាម​របាយការណ៍​ពី​មន្ត្រី​នាំពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី ​២៣ ខែ សីហា ឆ្នាំ​ ២០២២ ជំនន់​ទឹកភ្លៀង បាន​បណ្ដាលឱ្យ​មនុស្ស​ ២ ​នាក់​ស្លាប់ និង​ប៉ះពាល់​ផ្ទៃដី​ដំណាំ​ស្រូវ​សរុប​ជាង​ ១៧ ០០០​ ហិកតា ក្នុងនោះ​ខូចខាត​ទាំងស្រុង​អស់​ជាង​ ៦ ០០០​ ហិកតា ខូចខាត​ស្ពានឈើ​ចំនួន​២​កន្លែង ផ្លូវលំ​ជនបទ​ចំនួន​ ៦​ ខ្សែ និងខូចខាត​ទំនប់​អាង​ស្តុក​ទឹក​ចំនួន​ ១​ កន្លែង​៕