ភ្នំពេញៈ ក្រសួង​កិច្ចការនារី ​បង្កើត​កម្មវិធី ​GBV Safe App ដើម្បី​រាយការណ៍​អំពី​ការរំលោភ​បំពាន​សិទ្ធិ​ស្ត្រី ​និង​ការបៀតបៀន​ផ្លូវ​ភេទ​ដែល​មន្ត្រី​ចាត់ទុក​ថា ​កម្មវិធី​នេះ ​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុង​ការផ្តល់​ព័ត៌មាន​ ដែល​អាច​នឹង​កើតឡើង​ក្នុង​ចំណោម​ស្ត្រី និង​កុមារី​ងាយ​រងគ្រោះ ​ជាពិសេស​កម្មករ​រោងចក្រ។

កាលពី​ថ្ងៃទី ២២ ​ខែសីហា ​ក្រសួង​កិច្ចការនារី​បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការបង្កើត​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង ​ស្ថាប័ន​ និង​អង្គការ​ដៃគូ ​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ ​និង​អនុវត្ត​ដំណោះស្រាយ​ឌីជីថល​ នៃ​កម្មវិធី​ GBV Safe App ​និង​ Chatbot នា​ទីស្តីការ​ក្រសួង​កិច្ចការ​នារី។

ក្នុង​ឱកាស​នោះ ​លោកស្រី​ ហ៊ូ សាមិត្ត ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ ថ្លែងថា ​កម្មវិធី​លើ​ទូរស័ព្ទ​វៃឆ្លាត​ GBV Safe App ​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុង​ការផ្តល់​ព័ត៌មាន​អំពី​ករណី​រំលោភបំពាន​សិទ្ធិ​ស្ត្រី​ ដែល​អាច​នឹង​កើតឡើង ​រួមទាំង​ការបៀតបៀន​ផ្លូវភេទ ​ក្នុង​ចំណោម​ស្ត្រី ​និង​កុមារី​ ដែល​ងាយ​រងគ្រោះ ​ជាពិសេស​កម្មករ​រោងចក្រ។

លោកស្រី​បន្តថា ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល ​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​ស្ត្រី ​ដោយគោរព​តាម​គោល​ការណ៍​សិទ្ធិ​ និង​តម្រូវការ​របស់​ជនរ​ង​គ្រោះ​ គឺជា​នវានុវត្ត​ន៍មួយ​ ដែល​ក្រសួង​កិច្ចការនារី ​និង​អង្គការ​ដៃគូ ​បាននិង​កំពុង​អនុវត្ត ​ជាពិសេស​ក្នុង​បរិបទ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

លោកស្រី​បញ្ជាក់ថា​៖ «កម្មវិធី​ Mobile Application GBV Safe App ​មាន​គោលដៅ​ចូលរួម ​ដើម្បី​ទប់ស្កាត់ការ​ រំលោភ​បំពាន​លើ​ស្ត្រី ​ដែល​អាច​នឹង​កើតឡើង​ រួមទាំង​ការបៀតបៀន​ផ្លូវភេទ ​នៅក្នុង​ចំណោម​ស្ត្រី ​និង​កុមារី​ ដែល​ងាយ​រងគ្រោះ ​ជាពិសេស​កម្មករ​រោងចក្រ ​តាមរយៈ​យន្តការ​សម្របសម្រួល ​និង​គាំទ្រ​ដល់​ជនរងគ្រោះ ​និង​ការសាកល្បង​បឋម​ជាមួយ​និស្សិត ​និង​អ្នកផ្តល់​សេវា​នានា»។

ក្រសួង​កិច្ចការនារី ​ក្រោម​ជំនួយ​បច្ចេកទេស​របស់​អង្គការ​ UNFPA កំពុង​សិក្សា​ការអភិវឌ្ឍ​កម្មវិធី​លើ​ទូរស័ព្ទ​វៃឆ្លាត​ដែល​​មានឈ្មោះ​ថា ​GBV Safe App។ កម្មវិធី​នេះ ​នឹង​កាន់តែ​ផ្តល់​ភាពងាយស្រួល​ជាង​មុន​ក្នុងការ​ផ្តល់​ព័ត៌មាន​អំពី​សេវា​ដល់​ជនរងគ្រោះ​ដោយ​អំពើហិង្សា ​ងាយស្រួល​ក្នុង​ការរាយការណ៍ ​និង​បញ្ជូន​ករណី​មាន​អំពើហិង្សា ​ដើម្បី​ផ្តល់​កិច្ច​អន្តរាគមន៍​បាន​ទាន់​ពេ​លវេលា។ កម្មវិធី​នេះ ​នឹង​ផ្តល់​ប្រឹក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ​ដើម្បី​ធានាបាន​នូវ​ឯកជន​ភាព ​និង​ការរក្សា​ការសម្ងាត់​របស់​ជនរ​ង​គ្រោះ​ផង​ដែរ។  

គម្រោង GBV Safe App មាន​រយៈពេល​៣ឆ្នាំ ​គឺ​ចាប់ពី​ឆ្នាំ ២០២២ ​ដល់​ឆ្នាំ ២០២៤។ គម្រោង​នេះ ​រំពឹងទុក​ថា ​ព័ត៌មាន​សំខាន់ៗ​ក្នុង​ការលើកកម្ពស់​ការយល់ដឹង​ពី​អំពើហិង្សា ​និង​ការបៀតបៀន​ផ្លូវភេទ ​ដែល​កើត​មានឡើង​ក្នុង​ក្រុម​គោល​ដៅ​ និង​បណ្តាញ​សុវត្ថិភាព​ Hotline/Helpline ​នឹង​ត្រូវបាន​រាយការណ៍។

អង្គការ​ UNFPA ​បានឱ្យដឹងថា ​គម្រោង ​GBV Safe App ​នេះ ​គឺជា​ការតភ្ជាប់​បណ្តាញ​ទំនាក់ទំនង​សម្រាប់​ការបញ្ជូន​ជន​រងគ្រោះ​ទៅកាន់​សេវា​ផ្សេងៗ​ដែល​សមស្រប ​និង​កំពុងដំណើរការ​នាពេល​បច្ចុប្បន្ន។ អង្គការ​នេះ​បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន​ថា ​ក្នុង​គម្រោង​នេះ ​ក៏​នឹង​បង្កើត​មុខងារ​ថ្មី​មួយ ​ដែល​ហៅថា ​GBV Chatbot​ ដែល​តភ្ជាប់​ទៅ​នឹង​ទម្រង់​ផ្សេងៗ​នៃ​បណ្តាញ​ទំនាក់​ទំនង ​រវាង​អ្នកទទួល​សេវា ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​អ្នកផ្តល់​សេវា​ រួមមាន ​ដូចជា ​GBV Safe App ​និង​ប្រអប់​សារ​ នៅ​ក្នុង​ Facebook ​page ​របស់​ក្រសួង​កិច្ចការ​នារី​ជាដើម។

អង្គការ​ UNFPA ​បញ្ជាក់ថា​៖ «ដើម្បី​បង្កើត​ប្រព័ន្ធ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ ​Chatbot/Automatic Intelligence (AI) ​នឹង​បង្ហាញ​អក្សរ ​និង​សំឡេង​ជា​ភាសា​ខ្មែរ ​ដើម្បី​ជួយ​សម្រួល​ដល់​ការចូល​ប្រើ​របស់​ស្ត្រី ​និង​ក្មេងស្រី​អាច​ទទួល​បាន​ព័ត៌មាន ​និង​សេវាកម្ម​សំខាន់។ Chatbots ​នឹង​គាំទ្រ​អតិថិជន​នៅ​គ្រប់​ដំណាក់កាល​ នៃ​លំហូរ​សេវាកម្ម ​ក្នុង​ការការពារ ​ការកាត់បន្ថយ​ហានិភ័យ ​ការកំណត់​អត្តសញ្ញាណ ​និង​ការផ្តល់​សេវា​បញ្ជូនបន្ត​តាម​ជម្រើស​ ដែល​បង្ហាញ​ដោយ​ជន​រងគ្រោះ»៕