
(រាប់ពីឆ្វេងទៅស្តាំ) លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហេង ដាណារ៉ូ និងលោក គង់ សភា។ រូបថត សហការី
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ៣ នាក់ គឺលោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សភា និងលោក ហេង ដាណារ៉ូ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោស និងទម្លាក់ការចោទប្រកាន់ទាំងអស់ ចំពោះរូបលោកទាំង ៣ នាក់ ដើម្បីឱ្យពួកលោកមានឱកាសអាចវិលចូលមករស់នៅក្នុងប្រទេសកម្ពុជាវិញ។
យោងតាមលិខិតស្នើសុំ ១ ច្បាប់ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ បានលើកឡើងថា លោក អ៊ូ ច័ន្ទឫទ្ធិ លោកគង់ សភា និងលោក ហេង ដាណារ៉ូ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស ពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន ។
លិខិតបានសរសេរបន្តថា៖ «ពួកខ្ញុំទាំង ៣ នាក់ បានធ្វើសកម្មភាព នយោបាយនៅក្រៅប្រទេសកន្លងមក គឺគ្មានគោលបំណងអ្វីក្រៅពីការចង់ស្តារឱ្យមានលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងការគោរពសិទ្ធិមនុស្សពេញលេញនៅក្នុងប្រទេសកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំមានឧបាយកលទុច្ចរិតណាមួយ ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញនោះទេ»។
លិខិតនេះបន្ថែមថា លើសពីនេះ ពួកលោកទាំង ៣ នាក់ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេសមានបំណងវិលត្រឡប់មករស់នៅជាប្រជាពលរដ្ឋខ្មែរនៅក្នុងមាតុភូមិរបស់ខ្លួនវិញ និងបានស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ ដើម្បីឱ្យមានការលើកលែងទោស និងទម្លាក់ការចោទ ប្រកាន់ទាំងអស់ ដើម្បីឱ្យពួកលោកទាំង ៣ នាក់ មានសេរីភាពវិលត្រឡប់ទៅរស់នៅក្នុងប្រទេសកម្ពុជាវិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែសីហាថា លោកមិនបានទទួលព័ត៌មានពីការស្នើសុំលោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ឱ្យមានការលើកលែងទោស និងទម្លាក់បទចោទប្រកាន់ របស់អ្នកទាំង ៣ ខាងលើនេះទេ ប៉ុន្តែលោកយល់ថា ការស្នើសុំនេះ គឺជាសិទ្ធិរបស់អ្នកទាំង ៣ ដើម្បីបានរួចខ្លួនពីការចោទប្រកាន់។
ទោះជាយ៉ាងណា លោកថា ការសម្រេចយ៉ាងណា អាស្រ័យលើការវាយតម្លៃរបស់ក្រសួងមហាផ្ទៃ អំពីទង្វើ និងសកម្មភាពកន្លងមក ស្ថិតនៅក្នុងកម្រិតណាមួយ មានលក្ខណៈមធ្យម ស្រាល ឬក៏ធ្ងន់ធ្ងរ ដើម្បីរាយការណ៍ជូន លោក នាយករដ្ឋមន្រ្តី ពីព្រោះរឿងនេះ មិនពាក់ព័ន្ធជាមួយនឹងគណបក្សប្រជាជនកម្ពុជានោះទេ។
លោកថ្លែងថា៖ «អាស្រ័យទៅលើក្រសួងមានសមត្ថកិច្ច គេដឹងរឿងហ្នឹងច្រើន គេនឹងវាយតម្លៃ ហើយខ្ញុំយល់ថា តុលាការកាត់ទោស ហើយគឺគេមានទឡ្ហីករណ៍របស់គេច្បាស់លាស់ ទើបគេកាត់ទោស ឬចោទប្រកាន់បាន»។
លោក ឈឹម កាន ប្រធាននាយកដ្ឋានសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែសីហាថា ក្រសួងមហាផ្ទៃមិនទាន់ទទួលបានលិខិតស្នើសុំឱ្យមានការលើកលែងទោស និងទម្លាក់ការចោទប្រកាន់នេះ របស់អ្នកទាំង ៣ នាក់ខាងលើ នៅឡើយទេ រហូតមកទល់ពេលនេះ ប៉ុន្តែក្រសួងនឹងសិក្សា និងវាយតម្លៃដូចការស្នើសុំរបស់អ្នកមុនៗផ្សេងទៀត។
លោក លោក អ៊ូ ច័ន្ទឫទ្ធិ និងមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀត ត្រូវបានតំណាងអយ្យការនៃអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ បានកោះហៅឱ្យចូលបន្ទប់សវនាការនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង ៣០ នាទីព្រឹកជាកំហិត ដើម្បីឆ្លើយដោះសាពីការចោទប្រកាន់បទល្មើសរួមគំនិតក្បត់៕