ភ្នំពេញៈ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សម្តែង​ការព្រួយបារម្ភ​ចំពោះ​បរិមាណ​គ្រឿងញៀន​ដែល​សមត្ថ​កិច្ច​បង្ក្រាបបាន​មាន​ចំនួន​កាន់តែច្រើន​ឡើងជា​រៀងរាល់ឆ្នាំ រួមទាំង​ការកែច្នៃ និង​ផលិត​ក្នុង​រូបភាព​ទ្រង់​ទ្រាយ​ធំ​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់ ទោះបី​សមត្ថកិច្ច​ដាក់ចេញ​យន្តការ​ជា​បន្ត​បន្ទាប់​ក្តី​។​

ក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ​និង​ការពង្រឹង​យន្តការ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​និង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​កាមរោគ នៃ​ក្រសួង​មហាផ្ទៃ ​កាលពី​ថ្ងៃទី​ ២៣ ​សីហា ​លោក​ កៅ ខុន​ដារ៉ា ​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្លែងថា ​ជាមួយនឹង​វិបត្តិ នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​ដែល​បាននិង​កំពុង​បន្ត​បង្ក​ផល​វិបាក​ជាច្រើន​ដល់​ផ្នែក​សុខភាព ​និង​សេដ្ឋកិច្ច​សង្គម​នេះ​ បទឧក្រិដ្ឋ ​និង​បទល្មើស​ផលិត ​ចរាចរ ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​ក្នុង​តំបន់ ​និង​ក្នុង​ពិភពលោក​ទាំងមូល​ក៏មាន​ការកើន​ឡើង​យ៉ាងខ្លាំង​គួរឱ្យ​កត់សម្គាល់​ផងដែរ ។

លោក​បញ្ជាក់ថា ​ក្នុងនោះ​កម្ពុជា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ស្ថានភាព​គ្រឿងញៀន ​មាន​ការវិវឌ្ឍ​ប្រែប្រួល​យ៉ាងខ្លាំង​គួរឱ្យ​កត់សម្គាល់ ​និង​ព្រួយបារម្ភ​។​

លោក​ថ្លែងថា​៖ «បរិមាណ​គ្រឿងញៀន ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​មាន​ចំនួន​កាន់តែ​ច្រើន ​ជា​រៀងរាល់​ឆ្នាំ​។ ការកែច្នៃ ​ផលិត​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំៗ​ត្រូវបាន​រកឃើញ ​និង​បង្ក្រាប​បានជា​បន្តបន្ទាប់​។ ប្រភេទ​គ្រឿងញៀន​ដែល​បាន​កែច្នៃ ​ផលិត ​និង​ប្រើប្រាស់​ភាគច្រើន ​គឺជា​ប្រភេទ ​ICE ​មិនមែន​ប្រភេទ​គ្រាប់​ដូច​មុន ​ដែល​ការផ្លាស់ប្តូរ​ពី​វត្តមាន​ប្រភេទ​គ្រាប់ ​និង​កើនឡើង​នូវ​វត្តមាន​ប្រភេទ​ ICE ​នេះ ​គឺជា​សញ្ញាណ​នៃ​ការបង្ក​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ប្រើ» ។​

​មុន​ឆ្នាំ​ ២០១៥ អាច​និយាយបានថា ​កម្ពុជា​គ្រាន់តែ​ជា​ប្រទេស​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​នៃ​គ្រឿងញៀន​តិចតួច​ជាងគេ​ក្នុង​តំបន់​។ ប៉ុន្តែ​បច្ចុប្បន្ន​បើ​យោង​លើ​ស្ថានភាព​ជាក់ស្ដែង ​យោង​លើ​លទ្ធផល​បង្ក្រាប​របស់​សមត្ថកិច្ច​ និង​កំណើន​ការបង្កើត​ថ្មី ​នៃ​មជ្ឈមណ្ឌល​ព្យាបាល ​និង​ស្តារ​នីតិសម្បទា ​កម្ពុជា​បាននិង​កំពុង​ ទទួលរង​នូវ​ផលប៉ះពាល់ ​នៃ​បញ្ហា​គ្រឿងញៀន​ដូច​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ នេះ​ជាការ​លើកឡើង​របស់​លោក​កៅ ខុន​ដារ៉ា​។​

លោក​កៅ ខុន​ដា​រ៉ា បញ្ជាក់ថា​៖ «បើ​ស្ថានភាព​បែបនេះ​នៅតែ​បន្ត ​កម្ពុជា​នឹង​អាច​ក្លាយជា​ប្រទេស​ដែល​ទទួលរង​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​បណ្តា​ប្រទេស​នានា» ។​

លោក​បន្តថា ​ការចរាចរ​ កែច្នៃ ​ផលិត ​និង​ជួញដូរ ​ករណី​ធំៗ ​ត្រូវបាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ថ្នាក់​ជាតិ ​ធ្វើការ​បង្ក្រាប​យ៉ាង​មាន​ប្រសិទ្ធភាព ​និង​ទាន់​ពេល​វេលា​។ ប៉ុន្តែ​ករណី​ចែកចាយ ​លក់ដូរ​តូចតាច ​និង​ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ភូមិ ​ឃុំ​/សង្កាត់​មួយចំនួន ​នៃ​រាជធានី​-ខេត្ត ​នៅតែ​ជាការ​រំខាន ​និង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​របស់​ ប្រជាពលរដ្ឋ ​និង​អាណាព្យាបាល ​ដែល​ត្រូវ​បន្ត​គិតគូរ ​និង​ចាត់វិធានការ​សមស្រប​បន្ថែម​ទៀត។​

លោក​កៅ ខុន​ដារ៉ា ​បន្ថែមថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា មាន​ការវិវឌ្ឍ​ឈានទៅរក​ភាពស្មុគស្មាញ​ជា​បន្តបន្ទាប់​ពោលគឺ ​ពី​អតីត​ជា​ប្រទេស​គ្មាន​បញ្ហា​គ្រឿងញៀន ​ទៅជា​ប្រទេស​ដែលមាន​គ្រឿងញៀន​ឆ្លងកាត់ ​ហើយ​បន្ត​ជា​ប្រទេស​ឆ្លងកាត់​ផង ប្រើប្រាស់​ផង។ ចុងក្រោយ​ បច្ចុប្បន្ន​នេះ ​គឺ​បាននិង​កំពុង​ក្លាយជា​ប្រទេស​ឆ្លងកាត់ ​កែច្នៃ​ ផលិត ​និង​ប្រើប្រាស់ ។​

លោក​ថ្លែងថា​៖ «ការនាំ​គ្រឿងញៀន​ចូលមក​ក្នុង​ប្រទេស​នៅតែ​បន្ត​កើតមាន​កាន់តែ​ខ្លាំង​។ ការប្រើប្រាស់​គ្រឿងញៀន ​នៅតែ​បន្ត​រីក​រាលដាល​ដល់​សហគម​ន៍​មូលដ្ឋាន ​និង​ទីជនបទ​មួយចំនួន ​នៃ​រាជធានី​-ខេត្ត»។

​លោក​សង្កត់ធ្ងន់ថា ចំនួន​អ្នក​ប្រើ​គ្រឿងញៀន​ដែល​មិនបាន​ទៅ​ទទួល​សេវា​ព្យាបាល​នៅតែ​ជា​បញ្ហា​ក្នុង​មូលដ្ឋាន និង​ក្តីកង្វល់​របស់​ក្រុមគ្រួសារ ​និង​សហគមន៍ ខណៈ​ប្រជាជន​ក្នុង​មូលដ្ឋាន កាន់តែ​សម្តែង​ពី​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព នៃ​ការប្រើ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ​លោក ​អំ សំអាត​ បាន​ថ្លែងថា​ បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​មួយ​ដែល​គួរឱ្យ​ព្រួយបារម្ភ​នៅឡើយ ​និង​កំពុង​រីក​រាល​ក្នុងស្រុក​ បើទោះបីជា​កម្ពុជា​មានច្បាប់ ​និង​មាន​យន្តការ​ច្រើន​ក៏ដោយ​។

​លោក​ថ្លែងថា​៖ «យើង​ដឹង​ហើយ​ថា ​ពីមុនមក​យើង​មាន​គោល​នយោបាយ​របស់​រដ្ឋា​ភិ​បាល គឺ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប៉ុន្តែ​យើង​មើល​ករណី​ភូមិ​ឃុំ មាន​សុវត្ថិភាព ​ក៏​មិនទាន់​អាច​ទប់ស្កាត់ ឬក៏​បង្ក្រាប​នៃ​ការជួញដូរ​គ្រឿងញៀន​បានដែរ​ ព្រោះ​អី​បញ្ហា​គ្រឿងញៀន​នេះ​វា​មិនមែន​កើតមាន​តែ​នៅក្នុង​ក្រុងភ្នំពេញ​ទេ វា​វាយលុក​ចូល​គ្រប់​ច្រកល្ហក​ទៅ​ហើយ »។​

​លោក​ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​បន្ថែមទៀត​ បើ​ពុំ​នោះទេ កម្ពុជា​នឹង​ទទួលរង​ផលវិបាក​នៃ​បញ្ហា​គ្រឿងញៀន​។​

​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​លោក​ នាក់ យុទ្ធា ​លើកឡើងថា​ ប្រទេស​កម្ពុ​ជាមាន​ទីតាំង​នៅ​ជិត​តំបន់​ត្រីកោណ​មាស ​ដូច្នេះ​មិនអាច​គេច​ផុតពី​ការ​ហៀរ​ចូល​គ្រឿងញៀន​ពី​បណ្តា​ប្រទេស​នៅ​តំបន់​ត្រីកោណ​មាស​បានទេ​។ លោក​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​តំបន់ត្រី​កោណមាស​ បានប្រែក្លាយ​ពី​ការផលិត​អាភៀន ឬ​គ្រឿងញៀន ពី​ការផលិត​បែប​ធម្មជាតិ មក​ផលិត​បែប​គ្រឿងញៀន​សំយោគ​យ៉ាងសកម្ម​ដែល​គួរឱ្យ​ព្រួយបារម្ភ​។

​លោក​ថា​៖ «​ដូច្នេះ​កម្ពុជា​ក៏បាន​ទទួលរង​យ៉ាង​ធំធេង​ដែរ ដោយ​ពួកគេ​បាន​ដឹកជញ្ជូន​មក​កម្ពុជា ហើយ​ដឹក​បន្ត​ទៅកាន់​ប្រទេស​ទី​៣ តាមផ្លូវ​ទឹក និង​ផ្លូវអាកាស​ជាដើម ខណៈ​ក៏មាន​ការប៉ុនប៉ង​យក​កម្ពុជា​ធ្វើជា​ទីកន្លែង​កែច្នៃ​ផលិត​ផងដែរ​»​។​

​ជាមួយនឹង​ការកើនឡើង​នៃ​បញ្ហា​គ្រឿង​ញៀ​នេះដែរ ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ជំរុញ​ដល់​ពហុ​វិស័យ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឱ្យបាន​សម្រេច​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ឈានទៅ​ទប់ស្កាត់ និង​ដោះស្រាយ​រាល់​បញ្ហា និង​វិបត្តិ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន ជាពិសេស​បញ្ហា​គ្រឿងញៀន​៕