កិច្ចសម្ភាសន៍​ផ្ដាច់មុខ​ជាមួយ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ​ថ្ងៃ​របស់​លោក មក​កម្ពុជា​កាលពី​ថ្ងៃទី​ ២១ និង​ ២២ ខែសីហា​។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ភ្នំពេញ​ប៉ុស្តិ៍​សូម​ថ្លែងអំណរគុណ​ឯកឧត្តម​ជា​អនេក​ដែល​អនុញ្ញាត​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ធ្វើ​បទ​សម្ភាស​ផ្ដាច់មុខ​នៅ​ថ្ងៃ​ដែល​ឯកឧត្តម​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​ជឿជាក់​ថា មុនពេល​ឯកឧត្តម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នេះ ឯកឧត្តម​ពិតជា​បាន​ទទួល​ព័ត៌មាន​ជាច្រើន​រួច​មកហើយ​អំពី​ប្រទេស​កម្ពុជា រួមមាន​ប្រវត្តិសាស្ត្រ មរតក សង្គ្រាម រហូត​ដល់​កម្ពុជា​ទទួល​បាន​សន្តិភាព និង​ស្ថិរភាព ដូច​សព្វថ្ងៃនេះ​។ ក្នុង​នាម​ជា ពលរដ្ឋ​ពិភពលោក​ ១​ រូប​ដែល​បាន​មកដល់​កម្ពុជា​ជា​លើកដំបូង តើ​ឯកឧត្តម​មាន​ចំណាប់​អារម្មណ៍​យ៉ាងណា ហើយ​ឯកឧត្តម​យល់ឃើញ​យ៉ាងណា​ដែរ​ចំពោះ​ដំណើរ​ដ៏ជូរចត់ ផ្អែម​ត្រជាក់​ដែល​កម្ពុជា​បាន​ឆ្លងកាត់​?

អស់​រយៈពេល ២ ​ទសវត្សរ៍ មុនពេល​មាន​ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​ ១៩ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​អន្តរកាល​ដ៏សំខាន់​មួយ និង​បាន​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០១៥ ប្រទេស​នេះ​ក៏បាន​បញ្ជាក់​រួចហើយ​អំពី​បំណងប្រាថ្នា​របស់ខ្លួន​ក្នុង​ការប្រែក្លាយ​ទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​។

ដោយមាន​ការជំរុញ​ពី​ការនាំចេញ​ផ្នែក​កម្មន្តសាល និង វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​នូវ​កំណើន​មធ្យម​ក្នុង​កម្រិត ៧,៧​ ភាគរយ​នៅ​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ ២០១៩ ដែល​ធ្វើឱ្យ​ប្រទេស​នេះ​បាន​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក​។

ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២០ វិបត្តិ​ដែល​បណ្ដាល​មកពី​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ការប៉ះពាល់​ជា​អវិជ្ជមាន​លើ​វិស័យ​សំខាន់ៗ​ចំនួន​ ៣ របស់​កម្ពុជា​នោះ​គឺ ទេសចរណ៍ ការនាំចេញ​ផ្នែក​កម្មន្តសាល និង​វិស័យ​សំណង់ ដែល​វិស័យ​ទាំងអស់​នេះ​រួមចំណែក​រហូតដល់​ទៅ ៧០ ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​បាន​បង្កើត​ការងារ​រហូតដល់​ទៅ ៣៩ ​ភាគរយ​នៅ​​ឆ្នាំ​ ២០១៩​។

យ៉ាងណា​ក៏ដោយ ប្រទេស​នេះ​សម្រេច​បាន​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ២ រហូតដល់​ទៅ ៩៤ ​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​។

ស្របពេល​ដែល​ការ​រឹតបន្តឹង ពាក់ព័ន្ធ​នឹង​បញ្ហា​កូវីដ​ ១៩ ត្រូវ​បាន​បន្ធូរបន្ថយ ការស្ដារ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គាំទ្រ ដោយ​ការងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​កម្មន្តសាល ជាពិសេស​វិស័យ​កាត់ដេរ កាបូប ស្បែកជើង និង​ឧស្សាហកម្ម ផលិត​កង់​ក៏ដូចជា​វិស័យ កសិកម្ម​ផងដែរ​។

ប្រទេស​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​គួរឱ្យ​កត់សម្គាល់​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល ការអភិវឌ្ឍ​ការថែទាំ​កុមារ​តូចៗ និង​ការទទួល​បាន​ការអប់រំ​នៅ​កម្រិត​បឋមសិក្សា​នៅ​តំបន់​ជនបទ​។

ក្នុង​ដំណើរ​ឆ្ពោះ​ទៅមុខ​ទៀត កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ផ្នែក​សហគ្រិន ពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យា និង​បង្កើត​ជំនាញ​ថ្មីៗ​ ដើម្បី​ដោះស្រាយ​តម្រូវការ​ទីផ្សារការងារ​ដែល​កំពុង​ងើបឡើង​។

ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ កម្ពុជា​ទើបតែ​បាន​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​ ៥៥​។ ខ្ញុំ​ជឿជាក់​ថា ឯកឧត្តម ប្រាកដ​ជា​បាន​តាមដាន​យ៉ាង​ដិតដល់ និង​ទទួលស្គាល់​ថា កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ទាំងនោះ​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​។ ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​ចម្រូង​ចម្រាស ដូចជា​វិបត្តិ​នៅ​មីយ៉ាន់ម៉ា សង្គ្រាម​នៅ​អ៊ុយក្រែន និង​សូម្បីតែ​បញ្ហា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ កម្ពុជា​ក្នុង​នាម​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​ ៥៥ ​នេះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយចំនួន រួមមាន​ទាំង​សេចក្ដី​ថ្លែងការណ៍​រួម​ផងដែរ​។ ​តើ​ឯកឧត្តម​មាន​ចំណាប់​អារម្មណ៍​យ៉ាងណា​ចំពោះ​សមិទ្ធផល​នេះ​? តើ​ឯកឧត្តម​មាន​ការរំពឹងទុក​យ៉ាងដូចម្ដេច​ចំពោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​នឹង​រៀបចំ​ឡើង​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​?

ខ្ញុំ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។ ខ្ញុំ​រីករាយ និង​បាន​កត់សម្គាល់​ឃើញ​ថា សេចក្ដី​ថ្លែងការណ៍​រួម​ដែល​បានចេញ​បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​ ៥៥ ដែល​រៀបចំ​ឡើង​នៅ​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន បាន​ប្ដេជ្ញា​ពង្រឹង​មជ្ឈភាព​អាស៊ាន និង​ជំនឿ​ទុកចិត្ត​ ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​នៃ​ពហុនិយម តំបន់​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ភាពចាំបាច់​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ រដ្ឋមន្ត្រី​ជាច្រើន​បាន​បញ្ជាក់​ជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ សម្រាប់​ជម្លោះ​នានា រួមទាំង​ការគោរព​ពេញលេញ​ដល់​ដំណើរការ​ផ្លូវច្បាប់ និង​ដោយ​វិធី​ការទូត​។

ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​វិញ សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បញ្ជាក់​ឱ្យឃើញ​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​ក្នុង​ការធ្វើឱ្យ​ទីផ្សារ​នៅក្នុង​តំបន់​បើកចំហ​ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ និង​ការមិន​អនុវត្ត​វិធានការ​ដែល​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​មីយ៉ាន់ម៉ា រដ្ឋមន្ត្រី​ការបរទេស​ក្នុង​តំបន់​ដែល​ចូលរួម​ក្នុង​ការចេញ​សេចក្ដី​ថ្លែងការណ៍​បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការរីកចម្រើន​បន្តិចបន្តួច និង​ការខ្វះ​ការប្ដេជ្ញាចិត្ត​របស់​អាជ្ញាធរ​ក្រុង​ណៃពិដោ ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ ៥ ​ចំណុច​របស់​អាស៊ាន​។ រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ក្ដីបារម្ភ​អំពី​វិបត្តិ​នយោបាយ​ដែល​ចេះតែ​អូសបន្លាយ​នៅក្នុង​ប្រទេស​នេះ ដែល​រួមមាន​ការប្រហារ​ជីវិត​សកម្មជន​ប្រឆាំង ៤ ​រូប កាលពី​ខែ​មុន​។

បើ​និយាយ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​ខាងមុខ​វិញ ខ្ញុំ​យល់ថា ការត្រៀម​រៀបចំ​នានា​កំពុង​ធ្វើ​ឡើង ហើយ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​នេះ​នឹង​មាន​ជោគជ័យ​ស្ថិត​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក្រៅពី​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ កម្ពុជា​បាន​រួម​ចំណែក​ដ៏សំខាន់​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​។ បើ​គិត​ចាប់ពី​ឆ្នាំ ២០០៦ មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាង ៨ ០០០ ​នាក់​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​នានា​លើ​ពិភពលោក​។ កងកម្លាំង​មួយ​ចំនួន​ថែមទាំង​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​ដ៏សុចរិត​របស់​ពួកគេ​។ ស្របពេល​ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​ជា​ប្រទេស​ដំបូង​គេ​ដែល​អនុញ្ញាត​ឱ្យ​បើក​ការិយាល័យ​ឧតុ្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ ដើម្បី​ឃ្លាំមើល​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នេះ​។ ជា​អកុសល កម្ពុជា​នៅតែ​ជា​គោលដៅ​នៃ​ការរិះគន់​ពី​សំណាក់​អង្គការ​សហប្រជាជាតិ និង​ប្រទេស​លោក​ខាងលិច​ជាច្រើន ថែមទាំង​មាន​ការដាក់ទណ្ឌកម្ម​ទៀត​ផង​។ តើ​មាន​អ្វី​ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​ទេ​?

បើ​និយាយ​ពី​ប្រទេស​កម្ពុជា និង​ការរួម​ចំណែក​ក្នុង​ការរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ វា​ជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​ណាស់ កម្ពុជា​ធ្លាប់​ទទួល​ទាហាន​រក្សា​សន្តិភាព​កាលពី​ឆ្នាំ​ ១៩៩៣ ដែលជា​ផ្នែក​មួយ​នៃ​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់​។ ប៉ុន្តែ​សព្វថ្ងៃនេះ កម្ពុជា​បានរួម​ចំណែក​តាមរយៈ​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​វិញ​។ នេះ​ជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ ថា​តើ​កម្ពុជា​បាន​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ប៉ុនណា​ហើយ​។

មិន​ថា​នៅ​ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល ម៉ាលី លីបង់ ឬ​នៅ​តំបន់ Abiyei នោះទេ កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ តាមរយៈ​វិជ្ជាជីវៈ និង ពលិកម្ម​របស់​ពួកគេ​។

ខ្ញុំ​បាន​ដឹងថា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន កំពុង​បំពេញ​ទស្សនកិច្ច​ដោយផ្ទាល់​ជា​លើកដំបូង​នៅ​កម្ពុជា​ពីថ្ងៃ​ទី​ ១៥ ដល់ ២៦ ខែសីហា​នេះ តប​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​។ ដោយសារតែ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​កម្ពុជា នេះ​សបញ្ជាក់​ឱ្យឃើញ​ពី​ការជឿ​ទុកចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ប្រព័ន្ធ និង​គោលនយោបាយ​របស់​ខ្លួន ដែល​ធានា​ដល់​ការគោរព​សិទ្ធិ​ពលរដ្ឋ​របស់ខ្លួន​។

អ្នករាយការណ៍​ពិសេស​នឹង​ជួប​ជាមួយ​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន តំណាង​អង្គការ​អន្តរជាតិ និង​សង្គម​ស៊ីវិល​ក្នុងស្រុក និង​តំណាង​ភាគី​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​។ លោក​នឹង​ធ្វើការ​វាយតម្លៃ​លើ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស និង​​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការអនុវត្ត​សិទ្ធិមនុស្ស ដែល​រួមមាន​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ បន្ទាប់ពី​មាន​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩​។

តាម​បទពិសោធ​របស់​ឯកឧត្តម​ពាក់ព័ន្ធ​នឹង​សង្គម​វប្បធម៌​នៅ​កម្ពុជា តើ​ឯកឧត្តម​បាន​រៀនសូត្រ និង​នាំ​អ្វី​ត្រឡប់​ទៅ​អង្គការ​សហប្រជាជាតិ​វិញ​?

អស់​រយៈពេល​ជាង ២ ​ពាន់​ឆ្នាំ មកហើយ កម្ពុជា​បាន​បង្កើត​វប្បធម៌​ខ្មែរ​ដែល​មាន​លក្ខណពិសេស​ខុសប្លែក​ពី​គេ​ដែលជា​ការរួមបញ្ចូល​គ្នា​នៃ​ជំនឿ​ដើម​ចេញពី​សាសនា​ហិណ្ឌូ និង ពុទ្ធសាសនា​។

សមិទ្ធផល​ផ្នែក​សិល្បៈ​គ្មាន​គូ​ប្រៀប​របស់​កម្ពុជា​ក៏ដូចជា​ស្ថាបត្យកម្ម តន្ត្រី និង​របាំ បាន​ជះ​ឥទ្ធិពល​ដ៏សម្បើម​ទៅលើ​ប្រទេស​ជិតខាង រួមមាន​ថៃ និង​ឡាវ​។

តួយ៉ាង​នៃ​សិល្បៈ និង​ស្ថាបត្យកម្ម​របស់​ខ្មែរ​ទាំងនេះ​ត្រូវ​បាន​បង្ហាញ​យ៉ាងច្បាស់​នៅលើ​ប្រាសាទ​អង្គរវត្ត ដែល​ខ្ញុំ​ទទួល​បាន​សិទ្ធិ​ពិសេស​ទៅ​ទស្សនា​។ ខ្ញុំ​មិន​ធ្លាប់​បានឃើញ​សំណង់​ណាមួយ​ដែល​មាន​ភាព​ធំ មហិមា និង​ពោរពេញ​ទៅដោយ​គំនិត និង​ការអនុវត្ត​បែបនេះ​ទេ​។

បើ​និយាយ​ពី​រូបមន្ត​ធ្វើ​ម្ហូប​វិញ ខ្ញុំ​ទន្ទឹងរង់ចាំ​ភ្លក្ស​រសជាតិ​អាហារ​ដ៏ឆ្ងាញ់​ពិសា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ​។ មាន​គេ​ប្រាប់​ខ្ញុំ​ឱ្យ​ភ្លក​រសជាតិ​ក្ដាម​ឆា​ម្រេច​កំពត​។ គេ​ក៏បាន​ប្រាប់​ខ្ញុំ​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ត្រឹម​ ២ ​ថ្ងៃនេះ មិន​គ្រប់គ្រាន់​ សម្រាប់​ឱ្យ​ខ្ញុំ​យល់ដឹង​ជ្រៅជ្រះ​អំពី​វប្បធម៌​ខ្មែរ​ទេ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​មក​ទស្សនា​កម្ពុជា​ដ៏​ស្រស់ស្អាត​ម្ដងទៀត​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់ខ្ញុំ​។

ជា​សំណួរ​ចុងក្រោយ​របស់​ខ្ញុំ​សម្រាប់ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ តាមរយៈ​ភ្នំពេញ​ប៉ុស្តិ៍ តើ​ឯកឧត្តម​មាន​ពាក្យពេចន៍​អ្វី​សម្រាប់​ពលរដ្ឋ​កម្ពុជា​?

ខ្ញុំ​សូម​ជូនពរ​ឱ្យ​ពលរដ្ឋ និង រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ជោគជ័យ​នៅលើ​ដំណើរ​ឆ្ពោះទៅកាន់​គោលដៅ​របៀបវារៈ​ឆ្នាំ ២០៣០​។ របៀបវារៈ​នេះ​គឺជា​ផែនការ​សកម្មភាព​សម្រាប់​មនុស្ស ភពផែនដី និង​វិបុលភាព​។ យើង​នៅ​សល់តែ ៨ ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ប្រទេស​ទាំងអស់ រួមមាន​ទាំង​កម្ពុជា​ផងដែរ​ត្រូវតែ​ធ្វើ​សកម្មភាព​ដោយ​ភាពជា​ដៃគូ​សហការគ្នា ដើម្បី​អនុវត្ត​ផែនការ​នេះ​។

ប្រសិនបើ​យើង​ចង់​រំដោះ​មនុស្ស​ជាតិ​ចេញពី​អំណាច ជិះជាន់​នៃ​ភាពក្រីក្រ ចង់​ព្យាបាល និង​ផ្ដល់​ការធានា​ដល់​ភពផែនដី​របស់​យើង យើង​ត្រូវ​តែ​ចាត់វិធានការ​ប្រកប​ដោយ​សេចក្ដីក្លាហាន និង​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់​ជាបន្ទាន់​ ដើម្បី​ធ្វើឱ្យ​ពិភពលោក​ដើរ​នៅលើ​ផ្លូវ​ប្រកប​ដោយ​និរន្តរភាព និង មាន​ភាពធន់​។

ខ្ញុំ​មាន​ក្ដី​សង្ឃឹមថា កម្ពុជា​នឹង​ធ្វើ​ឱ្យ​រឿង​បែបនេះ​កើតឡើង​បាន​៕