ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ប្តេជ្ញា​បន្ត​គោលការណ៍​សហការ​តាម​តួនាទី​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​បន្តធ្វើ​កំណែ​ទម្រង់​ការបោះឆ្នោត​ដោយ​បាន​សិក្សា និង​កែលម្អ​ការងារ​បច្ចេកទេស​ជា​បន្តបន្ទាប់​នៅក្នុង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​លិខិត​បទដ្ឋាន​​គតិយុត្ត​ពាក់ព័ន្ធ​នានា ស្របតាម​ស្មារតី​ច្បាប់​បោះឆ្នោត​ជាធរមាន​សំដៅ​ធានា​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ ឆ្នាំ​ ២០២៣ នាពេល​ខាងមុខ កាន់តែ​មាន​ភាពល្អប្រសើរ​ថែមទៀត​។

នេះ គឺជា​ការបញ្ជាក់​របស់​ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន នៅក្នុង​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ ២០២២ ដែល​បាន​ស្នើសុំ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​ជំហរ​របស់​ (​គ.ជ.ប​) ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ឆ្នាំ​ ២០២៣​។

លោក ប្រាជ្ញ ចន្ទ បាន​បញ្ជាក់​លើ​ជំហាន​បន្ទាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ឆ្នាំ​ ២០២៣ ​ថា៖ «​ប្រសិនបើ​ពុំមាន​ការកែប្រែ​ច្បាប់​ទេនោះ គ.ជ.ប នឹង​ផ្អែក​​លើ​ច្បាប់​ដែល​នៅ​ជា​ធរមាន ដើម្បី​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣»​។

លោក​បន្តថា បច្ចុប្បន្ននេះ ​គ.ជ.ប កំពុង​ត្រៀម​រៀបចំ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២២ ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ ឆ្នាំ​ ២០២៣​។ នៅពេល​ខាងមុខនេះ គ.ជ.ប ក៏ត្រូវ​រៀបចំ​ប្រតិទិន​ សម្រាប់​ការបោះឆ្នោត​ផង និង​ផែនការមេ​សម្រាប់​ការបោះឆ្នោត​ផងដែរ​។

នៅក្នុង​ជំនួប​នោះដែរ លោក វិទិត មុនតាប៊ន ក៏បាន​ស្នើសុំ គ.ជ.ប ជួយ​បញ្ជាក់​អំពី​សមាសភាព គ.ជ.ប ដែល​មិនគួរ​ចេញពី​គណបក្ស​នយោបាយ ឬ​ជា​សមាសភាព​ដែល​អាច​ជឿជាក់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​អំពី​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​គួរ​មាន​សមាសភាព​ចម្រុះ និង​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត​ (​ទម្រង់​បែបបទ ១១០២) គួរ​មាន​ទិន្នន័យ​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត និង​បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ល្អ​នៅមុន​ពេល ក្នុងពេល និង​ក្រោយពេល​ការបោះឆ្នោត​។

ជា​ការឆ្លើយតប លោក ប្រាជ្ញចន្ទ បញ្ជាក់​ថា សមាសភាព ​គ.ជ.ប កន្លង​មក និង​បច្ចុប្បន្ន ត្រូវបាន​រៀបចំ​ឡើង​តាម​បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ដោយឡែក តាមច្បាប់ និង​តាម​គោលការណ៍​នៃ​ការជ្រើសរើស​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​មាន​សមាសភាព​ជា​ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុង​ក្រុង​-​ស្រុក​-​ខណ្ឌ ឃុំ សង្កាត់ មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះទេ​។

ចំពោះ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត​ (​ទម្រង់​បែបបទ ១១០២) ពិតជា​មាន​កត់ត្រា​ទិន្នន័យ ដូច​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ រីឯ​ភ្នាក់ងារ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ចុះហត្ថលេខា ឬ​មិន​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​នេះ​បាន​ទៅ​តាម​ការសម្រេចចិត្ត​របស់​ពួកគេ​។

លោក​បន្តថា ជា​ការពិត បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅមុន​ពេល ក្នុងពេល និង​ក្រោយពេល​ការបោះឆ្នោត​ត្រូវបាន​ពង្រឹង​យ៉ាង​ល្អប្រសើរ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​បងប្អូន​កូនក្មួយ​ព្រះអង្គ​ចេញ​ទៅ​បោះឆ្នោត​ដោយ​គ្មាន​ការភ័យខ្លាច ដូចនេះ​គ្មាន​ហេតុផល​អ្វីដែល​ប្រជាពលរដ្ឋ​ត្រូវ​ភ័យខ្លាច​នោះទេ​។

បើតាម​លោក​ ប្រាជ្ញ ចន្ទ ផ្អែក​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​ ១៩៩៣ កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯង​យ៉ាង​ទៀងទាត់​រៀងរាល់ ​៥ ​ឆ្នាំ​ម្ដង ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ ទាំង​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន ស្រប​តាម​ការកំណត់​នៃ​ច្បាប់​បោះឆ្នោត​ជា​ធរមាន​ ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩៨ ​រហូត​មក​​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ខ្លួនឯង ដោយ​អនុលោម​តាមច្បាប់ និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​សរុប​បាន​ចំនួន ១៦​ លើក​រួចមកហើយ​។ សមិទ្ធផល​ទាំងនេះ គឺ​បាន​មកពី​កិច្ចខិតខំ​ប្រឹងប្រែង​ចូលរួម​សហការ និង​ឧបត្ថម្ភ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ​៕