ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កបប​) បញ្ជា​ឱ្យ​ក្រុមហ៊ុន DKSH បញ្ឈប់​ការចរាចរណ៍​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ​ដែល​ធ្វើ​ពី​ម្សៅតាល់​ (Talc) ដើម្បី​រង់ចាំ​លទ្ធផល​វិភាគ​ផ្ទៀងផ្ទាត់​ពី​មន្ទីរពិសោធន៍​ភាគី​ទី​ ៣ បន្ទាប់ពី​សង្ស័យ​មាន​សារធាតុ​ អាបេស្តុស​។

ការប្រកាស​ឱ្យ​ផ្អាក​ការចរាចរ​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​អគ្គនាយកដ្ឋាន កបប កាលពី​ថ្ងៃទី​ ២២ ខែសីហា បាន​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន DKSH តាមរយៈ​ប្រព័ន្ធ​អនឡាញ (MS Team) ​និង​បាន​ធ្វើ​បទបង្ហាញ​អំពី​លទ្ធផល​វិភាគ​ម្សៅ​ទារក និង​កុមារ ដែល​ធ្វើ​ពី​ម្សៅ​តាល់​ (Talc) ហើយ​សង្ស័យ​មាន​សារធាតុ​អាបេស្តុស​។ កបប ណែនាំ​ឱ្យ​ក្រុមហ៊ុន DKSH បញ្ឈប់​ការ​ចរាចរ​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ​នេះ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​រង់ចាំ​លទ្ធផល​វិភាគ​ផ្ទៀងផ្ទាត់​ពី​មន្ទីរពិសោធន៍​ភាគី​ទី​ ៣ ដែល​អាច​នឹង​ចេញ​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។

អគ្គនាយកដ្ឋាន កបប បញ្ជាក់ថា​៖ «​លទ្ធផល​របស់​នាយកដ្ឋាន​មន្ទីរពិសោធន៍​ពិនិត្យឃើញ​មាន​សារធាតុគីមី​ហាមឃាត់​ក្នុង​ម្សៅ​លាប​​ទារក និង​កូនក្មេង​របស់​ក្រុមហ៊ុន DKSH​។ អគ្គនាយកដ្ឋាន កបប កំពុង​ស្រាវជ្រាវ​បន្ត​តាម​លក្ខណៈ​បច្ចេកទេស ដែល​ព័ត៌មាន​លម្អិត នឹង​ផ្សព្វផ្សាយ​ជូន​នៅពេល​ក្រោយ​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​ជាក់លាក់​»​។

លោក​ ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន កបប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៣ សីហា​ថា បន្ទាប់ពី​បាន​អនុវត្ត​ការងារ​ចុះ​យក​សំណាក​គំរូ និង​ធ្វើតេស្ត​វិភាគ​លើ​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ (Baby Talcum Powders) មួយចំនួន​នៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​រួចមក លទ្ធផល​បាន​បង្ហាញ​ឱ្យឃើញ​វត្តមាន​សារធាតុ​អាសបេស្តុស (Asbestos) លើ​សំណាក​គំរូ​ដែល​បាន​វិភាគ​។

យោង​លទ្ធផល​នេះ អគ្គនាយកដ្ឋាន កបប បានដាក់​ចេញ​នូវ​វិធានការ​បណ្ដោះអាសន្ន​មួយ​ចំនួន ដូចជា តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្អាក​ជា​បណ្ដោះអាសន្ន​ការនាំ​ចូល និង​ចែកចាយ​រាល់​ផលិតផល​ម្សៅ​លាប​ទារក​ និង​កុមារ​ដែល​ត្រូវបាន​រកឃើញ​វត្តមាន​សារធាតុ​អាសបេស្តុស និង​ប្រមូល​ពី​ទីផ្សារ​នូវ​ផលិតផល​ម្សៅ​លាប​ទារក​ និង​កុមារ និង​រាយការណ៍​មក​អគ្គនាយកដ្ឋាន កបប អំពី​បរិមាណ​ផលិតផល​ដែល​ប្រមូល​បាន​។

លោក​បាន​សង្កាត់​ធ្ងន់​ថា​៖ «​អគ្គនាយកដ្ឋាន​ទុក​រយៈពេល​ ២ ​សប្តាហ៍ ដើម្បី​ឱ្យ​ក្រុមហ៊ុន​យក​គំរូ​ទៅ​វិភាគ​តប​នៅ​មន្ទីរពិសោធន៍​ភាគី​ទី​ ៣ ​ដែល​មាន​សមត្ថភាព និង​ការទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ សារធាតុ​អាសបេស្តុស​មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​វត្តមាន​នៅក្នុង​ផលិតផល គ្រឿងសម្អាង​ទេ​។ វត្តមាន​នៃ​សារធាតុ​នេះ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស ជាពិសេស​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺមហារីក​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​ក្រុមហ៊ុន DKSH ប្រចាំ​កម្ពុជា​បាន​ទេ កាលពី​ថ្ងៃទី ២៣ សីហា ខណៈ​សារ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ពុំមាន​អ្នកឆ្លើយតប​។ សារធាតុ​អាសបេស្តុស គឺជា​ពពួក​សារធាតុ​គីមី​គ្រោះថ្នាក់​ដល់​សុខភាព​ម្យ៉ាង ដែល​មាន​ផ្ទុក​នៅក្នុង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា ស៊ីម៉ង់ត៍ ក្បឿង ហ្វ៊ីប្រូ​ស៊ីម៉ងត៍ និង​ពិតាន​ម្នាងសិលា​ជាដើម​៕