ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ណែនាំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ ​បិទ​អាជ្ញាប័ណ្ណ​របស់​អ្នកសារព័ត៌មាន​ណា​ដែល​ធ្វើ​ការផ្សាយ​ផ្ទាល់​ដោយ​ជេរគេ​ជេរឯង​ជា​សាធារណៈ ដើម្បី​ទទួល​បាន​អ្នកមើល​អ្នក​ស្តាប់​ច្រើន​។ លោក​ថា រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការបញ្ចេញមតិ ប៉ុន្តែ​សិទ្ធិ​ជេរ​មិន​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការផ្សាយ​ផ្ទាល់​បែបនេះ​ទេ​។

ការណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី​បែបនេះ​ធ្វើ​ឡើង​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជយលាភី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ថ្នាក់បណ្ឌិត​ប្រមាណ​ជាង ​៣ ០០០ ​នាក់ នៅ​ព្រឹក​ថ្ងៃទី​ ២៣ ខែសីហា​។

ការណែនាំ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ពី​ករណី​លោក​ សាន ប៊ុនធឿន ​ដែល​បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​ជេរ​គេឯង ថែមទាំង​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​បោក​កម្ទេច​ចាន ស្រែក​ឡូឡា ហើយ​ចេញ​សុំទោស​ថា ជា​ការសម្តែង Prank ដើម្បី​ទាក់ទាញ​ឱ្យមាន​អ្នកមើល​ច្រើន​។ លោក​ ហ៊ុន សែន ​ថ្លែងថា​៖ «​សាន ប៊ុនធឿន ចេញ​វីដេអូ​មួយ​មក​ថា គេ​ធ្វើ​ហ្នឹង គឺ​ធ្វើ​ដើម្បី​ឱ្យ​ឡើង View គេ​មើល​ច្រើន​។ ​អើបើ​ថា អាធុន​ហ្នឹង​ថ្ងៃ​ក្រោយ កាញារីទ្ធ អាក្រុម​ណា​ដែល​ចេញមក​ជេរ​បិទ​វា​ទៅ​។ ឱ្យ​សិទ្ធិ​អ្នកឯង​ក្នុង​ការនិយាយ​បញ្ចេញមតិ ក៏ប៉ុន្តែ​សិទ្ធិ​ជេរ​មិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​អាហ្នឹង​ទេ​ [​ផ្សាយ​ផ្ទាល់​យក​អ្នកមើល​ច្រើន​] ដក​វា​ទៅ​»​។

សូម​ជម្រាប​ថា ក្រោយពី​លោក​ សាន ប៊ុនធឿន ចេញ​វីដេអូ​ជេរ​គេឯង​កក្រើក​ហ្វេសប៊ុក​រួម​នឹង​សកម្មភាព​បោក​កម្ទេច​ចាន​រួចមក​នៅ​ថ្ងៃទី ២១ សីហា លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​អង្គរក្ស​បណ្តេញ​លោក​ សាន ប៊ុនធឿន ​ចេញពី​ក្របខ័ណ្ឌ​កងទ័ព​ ដើម្បី​កុំឱ្យ​មហាជន​យល់​ច្រឡំ​ថា នៅក្បែរ​នាយករដ្ឋមន្ត្រី​អាច​ជេរ​គេឯង​បាន​ស្រេច​តែ​ចិត្ត​។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ក៏​បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​សារព័ត៌មាន​របស់​លោក​ សាន ប៊ុនធឿន ​ចោល​នៅ​ថ្ងៃទី ​២២ ខែ​សីហា ដោយ​សំអាងថា ម្ចាស់​អាជ្ញាប័ណ្ណ​ប្រព្រឹត្ត​អសីលធម៌ ជេរប្រមាថ​ជា​សាធារណៈ ធ្វើឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម និង​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន​អាជីព ដែល​បំពាន​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។

លោក​ ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ខែសីហា ថា កន្លងមក​ក្រសួង​ព័ត៌មាន​ធ្លាប់​បាន​បង្កើត​គណៈកម្ម​ការតាមដាន វាយតម្លៃ និង​លើក​សរសើរ​ការអនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​មាន​ទាំង​ដាក់​ប្រអប់​សំបុត្រ​ទទួល​ពាក្យបណ្តឹង និង​សំណូមពរ​ពី​សាធារណជន​ផងដែរ ដើម្បី​មាន​វិធានការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​មិន​បាន​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ប៉ុន្តែ​កម្រ​ឃើញ​មាន​អ្នក​ផ្ញើចូល​។

លោក​ថា បច្ចុប្បន្ន ចំពោះ​ការផ្តល់​អាជ្ញាប័ណ្ណ​សារព័ត៌មាន បើសិន​ជា​មានបំណង​ពិតប្រាកដ​មាន​លិខិត​ស្នើសុំ​ដាក់​មក​ក្រសួង បង្ហាញ​ពី​ការចង់​ចូលរួម​កិច្ចការងារ​សង្គម​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ នោះ​ក្រសួង​ព័ត៌មាន​នឹង​ផ្តល់ជូន​ដោយ​មិន​មាន​កំណត់​លក្ខខណ្ឌ​យ៉ាងណា​នោះទេ សំខាន់​ឱ្យតែ​មាន​លិខិត​ថ្កោលទោស និង​ចុះបញ្ជី​ជា​សហគ្រាស​នៅ​ក្រសួង​ពាណិជ្ជកម្ម​។

យ៉ាងណា​ក៏ដោយ ចំណុច​លក្ខខណ្ឌ​មួយ​ចំនួន​នឹងដាក់​បញ្ចូល​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​សារព័ត៌មាន ប៉ុន្តែ​នៅ​មាន​ការរាំងស្ទះ​មួយ​ចំនួន​ដែល​មិនទាន់​អាចធ្វើ​ទៅបាន​។ លោក​ថ្លែងថា​៖ «​ច្បាប់​សារព័ត៌មាន​ឆ្នាំ​ ១៩៩៥ ដែល​យើង​រៀបចំ​ធ្វើ​អនុក្រឹត្យ​កន្លងទៅ​ហ្នឹង គេ​ទាមទារ​សិទ្ធិ​សេរីភាព​ច្រើន​មែនទែន​រហូត​ដល់​ថ្នាក់​យើង​ដាក់​លក្ខខណ្ឌ​អាយុ ឬ​លក្ខខណ្ឌ​ប្រាក់​តម្កល់ ឬ​ត្រូវមាន​​សញ្ញាបត្រ​អី​យ៉ាងណាៗ​នោះ គឺ​ចេញ​មិន​រួច​អនុក្រឹត្យ​ហ្នឹង អ៊ីចឹង​ធ្វើឱ្យ​យើង​ស្ទះ ទើប​យើង​អនុវត្ត​ទៅតាម​ការងារ​ [​ដដែល​] ​ហ្នឹង​រហូត​គឺ​បើ​មាន​អ្នក​សុំ​គឺ​អនុញ្ញាត​ឱ្យ​»​។

លោក​ ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកា​សែត​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៣ ខែសីហា​ថា លោក​គាំទ្រ​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​។ លោក​បញ្ជាក់ថា ការគាំទ្រ​នេះ​មិនមែន​ចង់​ឱ្យ​ក្រសួង​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​របស់​អ្នក​សារព័ត៌មាន​ទេ ប៉ុន្តែ​លោក​ចង់ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ងាក​មក​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​សារព័ត៌មាន​បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹងត្រូវ​ក្រសួង​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​មិន​ខាន​។ មាន​អ្នក​សារព័ត៌មាន​អនឡាញ​មួយចំនួន បាន​យក​វិជ្ជាជីវៈ​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​ខុស ដើម្បី​ទាក់ទាញ​អ្នក​មើល អ្នក​ស្តាប់ ច្រើន និង​ល្បី​តាមរយៈ​ធ្វើ​អ្វីៗ​ខុសប្លែក​ពី​គេ ទាំង​អាកប្បកិរិយា​មិន​សមរម្យ​មាន​សម្តី​អសុរោះ ជេរប្រទេច​អ្នកដទៃ ដែល​នោះ​គឺជា​ទង្វើ​ខុសឆ្គង​ខ្លាំង​បំផុត​នៅក្នុង​វិស័យ​សារព័ត៌មាន​។

លោក​ថ្លែងថា​៖ «​ទី​១ ប៉ះពាល់​ទៅដល់​សេចក្តី​ថ្លៃថ្នូរ​របស់​វិជ្ជាជីវៈ​សារព័ត៌មាន ធ្វើឱ្យ​សាធារណជន​គាត់​វាយតម្លៃ​ថា អូ​! អ្នកសារព័ត៌មាន​អ៊ីចឹង​ហ្ន​! គឺថា ឃើញ​គួរឱ្យខ្លាច ហើយ​ទី​២ ប៉ះពាល់​ដល់​សង្គម ព្រោះ​បាន​បង្ហាញ​គំរូ​មិនល្អ​មួយ​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​យុវជន ជាពិសេស​គេ​ឃើញថា អូ!​ដើម្បី​ល្បី​ទាល់តែ​ធ្វើ​អ៊ីចឹង​»​។ លោក ប៉ែន បូណា លើកឡើង​ថា ក្លិប​អ្នកកាសែត​កម្ពុជា​តែងតែ​បើក​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សារព័ត៌​មានបាន​យ៉ាងច្រើន​ក្នុង​គោលបំណង​ឱ្យ​អ្នក​ប្រកបរបរ​វិជ្ជាជីវៈ​នេះ​បាន​យល់​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ ដើម្បី​អនុវត្តបាន​ត្រឹមត្រូវ និង​មាន​ភាពថ្លៃថ្នូរ និង​ជា​គំរូ​ដល់​សង្គម​៕