
ឯកសណ្ឋានសហគមន៍តំបន់ការពារធម្មជាតិដែលផ្សព្វផ្សាយនៅថ្ងៃទី ២៤ សីហា។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួងបរិស្ថាន ដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩០ សហគមន៍ ដែលមានគណកម្មការចំនួន ១៨៦៣រូប សម្រាប់ប្រើប្រាស់ក្នុងកិច្ចការពាក់ព័ន្ធនឹងការចុះល្បាត កិច្ចប្រជុំ និងការចូលរួមកិច្ចការអនុវត្តការងារផ្សេងៗទៀតរបស់សហគមន៍។
លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្កើតនិងប្រើប្រាស់នូវឯកសណ្ឋានសហគមន៍នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ ថា បន្ទាប់ពីមានការដាក់ឱ្យប្រើប្រាស់នូវឯកសារនេះ ចាំបាច់ត្រូវមានការផ្សព្វផ្សាយដើម្បីឱ្យការប្រើប្រាស់ឯកសណ្ឋាននេះប្រព្រឹត្តទៅដោយរលូន និងមានការឯកភាពគ្នា សំដៅពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ឱ្យបានរលូន និងមានរបៀបរៀបរយល្អនៅថ្ងៃខាងមុខ។
លោកស្រីបន្តថា ឯកសណ្ឋាននេះគឺមានមុខងារសំខាន់ដល់ប្រជាសហគមន៍ប្រើប្រាស់សម្រាប់ការចុះល្បាត និងប្រើប្រាស់ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិដែលវាជាអត្ថសញ្ញាណបង្ហាញសម្រាប់ការប្រើប្រាស់ក្នុងពេលបំពេញការងារនៅក្នុងអង្គភាព សំដៅការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព ដែលជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់នៅកម្ពុជា។
លោកស្រីបានបញ្ជាក់ថា៖ «ការប្រគល់តួនាទី និងការចូលរួមកិច្ចការពារតាមរយៈការប្រើប្រាស់ឯកសណ្ឋាននេះដែរ គឺជាផ្នែកមួយសម្រាប់ពង្រឹងដល់សហគមន៍ឱ្យពួកគាត់មានសមត្ថភាពកាន់តែច្រើនសម្រាប់ចូលរួមកិច្ចការពារតំបន់សហគមន៍របស់ខ្លួនកាន់តែមានប្រសិទ្ធភាព»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថានបានគូសបញ្ជាក់ថា តាមផែនការក្រសួងបរិស្ថាននឹងប្រគល់ឯកសណ្ឋានដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិដោយក្នុងម្នាក់ទទួលបាន ២ កំប្លេ ក្នុង ១ ឆ្នាំ។
លោកបានថ្លែងថា៖ «ឯកសណ្ឋាននេះគឺប្រើប្រាស់តែក្នុងពេលបំពេញបេសសកម្ម និងនៅក្នុងអង្គភាពប៉ុណ្ណោះ ស្របតាមសេចក្តីណែនាំស្តីពីការប្រើប្រាស់ឯកសណ្ឋាន។
យោងតាមប្រកាសស្តីពីការបង្កើតនិងដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍មូលដ្ឋានដែលបានចែងក្នុងប្រការ ៥ បង្ហាញថា ការចំណាយលើឯកសណ្ឋានសហគមន៍មូលដ្ឋាន ត្រូវប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន។ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អាចកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ ឬអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍រៀបចំឯកសណ្ឋាន សហគមន៍មូលដ្ឋាននេះ សម្រាប់គណៈកម្មការបណ្តាញអភិរក្សធនធានធម្មជាតិ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ភ្នាក់ងារឧទ្យានុរក្ស និងក្រុមល្បាតនៃសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិឬនៅក្នុងខេត្តគោលដៅ។
ចំណែកប្រការ ៦ នៃប្រកាសខាងលើនេះបានបញ្ជាក់ទៀតថា ជនណាដែលមិនមានចែងនៅក្នុងប្រកាសនេះ ហើយបានប្រើប្រាស់ឯកសណ្ឋានសហគមន៍មូលដ្ឋានដោយគ្មានការអនុញ្ញាត ឬក្លែងបន្លំឯកសណ្ឋានសហគមន៍មូលដ្ឋានត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕