ភ្នំពេញៈ សា​កល​វិទ្យា​ល័យ​ភូមិន្ទ​កសិ​កម្មបាន​ចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ជា​មួយ​ក្រុម​ហ៊ុន ដាវ៉ាន់ ​ភីអិល​ស៊ី ដើម្បី​លើក​កម្ពស់​អាហារ​សុវត្ថិភាព និង​ផលិត​ផល​ក្នុង​ស្រុកតាម​រយៈ​ការចែក​រំលែក​នូវ​តម្លៃ ​ព័ត៌មាន បច្ចេក​ទេស និង​ការ​ចូល​រួម​ស្រាវ​ជ្រាវ​ក្នុង​បរិ​បទ​អា​ហារ​សុវត្ថិ​ភាព​នៅ​កម្ពុជា​។

អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ២៤ សីហា នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិ​កម្ម​ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ ១០០​ នាក់ ក្រោម​គម្រោង «ការ​ប្រើ​ប្រាស់​ធនធាន​ ដើម្បី​លើក​កម្ពស់​សុវត្ថិ​ភាព​ចំណី​អាហារ​ និង​ខ្សែ​ច្រវាក់​តម្លៃ​កសិ​កម្ម​នៅកម្ពុជា»។

លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​នេះនឹង​នាំឱ្យ​ភាគី​ទាំង ២​ ធ្វើការ​រួម​គ្នា​លើ​ការ​ងារ​ស្រាវ​ជ្រាវ​សុវត្ថិភាព​ចំណី​អាហា​រ ដើម្បី​ចែក​រំលែក​ទិន្ន​ន័យ​ពាក់​ព័ន្ធ​ពី​ការ​ធ្វើ​តេស្ត​មន្ទីរ​ពិសោធន៍​ ការស្ទង់​មតិ និង​ស្រាវ​ជ្រាវ វិភាគ និង​វិនិច្ឆយ​លើ​ភាព​មិន​មាន​សុវត្ថិ​ភាព​ក្នុង​ចំណី​អាហារ​នៅ​កម្ពុជា​។

លោក​បាន​បន្តថា អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​​នេះក៏​នឹងចូល​រួម​លើក​កម្ពស់​ការ​ផ្តល់ឱកាស​ការ​ងារ​សម្រាប់​និស្សិត​បញ្ចប់​ការ​សិក្សា និង​អ្នក​ហាត់​ការ​ឆ្នើម​នៅក្រុម​ហ៊ុន ដា​វ៉ាន់ ភីអិលស៊ី ផង​ដែរ ដែល​វានឹង​ចូល​រួម​គាំទ្រ​ដល់​ការ​បណ្តុះ​បណ្ដាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​នេះ​។

លោក​បាន​បញ្ជាក់​ថា៖ «យើង​អបអរ​សាទរដែល​យើង​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិការ​​នេះ ហើយ​យើង​នឹង​ប្តេជ្ញា​ទាំង ២ ភាគី ដើម្បី​រួមគ្នា​បង្កើត​ឱ្យ​មាន​សកម្ម​ភាព ដែល​ជា​ផល​ប្រយោជន៍​ឱ្យ​ស្ថាប័ន​ទាំង២ ទាំង​វិស័យ​ឯកជន និង​សាកល​វិទ្យា​ល័យ ដើម្បី​រួម​ចំណែក​សម្រេច​ឱ្យបាន​នូវ​គោល​នយោ​បាយ​របស់​រដ្ឋា​ភិ​បាល​ឆ្នាំ ២០៣០ ដែលជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់»។

លោក ឆេង មករា នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន ដា​វ៉ាន់ ភីអិល​ស៊ី បាន​ថ្លែង​ថា ប្រទេស​កម្ពុជា នៅតែ​បន្តនាំ​ចូល​បន្លែ​ប្រហែល ២០០ ​ទៅ ៤០ តោន​ ជា​រៀង​រាល់​ថ្ងៃ និង​ប្រហែល ២៥០ លាន​ដុល្លារ​ ក្នុង​ ១ ឆ្នាំៗ ត្រូវបាន​ចំណាយ​សម្រាប់​ការ​នាំចូល​បន្ល ​ដើម្បី​បំពេញ​តម្រូវ​ការ​ម្ហូប​អាហា​រ​ក្នុង​ស្រុក។ ដូចនេះ លោកសង្ឃឹមថា ការ​ចុះ​អនុស្ស​រណៈ​នៃ​ការយោគ​យល់​នេះ​នឹង​ចូលរួ​មចំណែក​ដើម្បី​ធ្វើឱ្យ​កសិករ និង​អ្នក​ផលិត​ទទួល​បាន​លទ្ធ​ភាព​ប្រើ​ប្រាស់​បច្ចេក​វិទ្យា ហិរញ្ញវត្ថុ និង​បច្ចេក​ទេស​ក្នុង​ការ​ផ្គត់​ផ្គង់​អាហារ​ដែល​មាន​សុវត្ថិ​ភាព។

លោកបាន​បញ្ជាក់​ថា៖ «ដោយ​មើល​ឃើញ​ស្ថាន​ភាព​បែប​នេះ ដា​វ៉ាន់​ បាន​ដាក់​ចេញ​នូវ​បេស​កកម្ម «អាហារ​សុវត្ថិ​ភាព​នៅ​គ្រប់​គេហ​ដ្ឋាន ហើយ​ប្រជាជន​មាន​សុខភាព​ល្អ និង​រស់​បានយូរ​ជាង​មុន។ បេស​កកម្ម​នេះ​ឈរ​លើ​ការប្តេជ្ញា​ដ៏​មោះ​មុត​ក្នុង​ការ​ដោះ​ស្រាយ​ក្តីបារម្ភ​ដែល​កំពុង​កើន​ឡើង​ក្នុង​វិស័យ​សុវត្ថិភាព​ចំណី​អាហារ​តាំងពី​ការចាប់​ផ្តើម ដា​វ៉ាន់​បាន​ធ្វើ​ដំណើរ​សន្សឹមៗ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​របស់​ខ្លួន»។​

​លោក ឆេង មករា បាន​លើក​ឡើង​ទៀតថា ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) របស់​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន បាន​កើន​ដល់ ​២៥ ពាន់​លាន​ដុល្លារ​ ដែល​ក្នុង​នោះ​វិស័យ​កសិកម្ម​រួម​ចំណែក​ប្រហែល ២២ ​ភាគរយ នៃ​ចំនួន GDP សរុប ដែល​លោកមើល​ឃើញ​ថា​ មានតែ​ការ​ធ្វើឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​វិស័យ​កសិកម្ម​និង​ខ្សែ​​ចង្វាក់​ផ្ត​ត់​ផ្គង់​ក៏ដូច​ជា​ផលិត​កម្ម​​នោះ​ទេ ​ដែល​ជា​យុទ្ធ​សាស្ត្រ​ឈ្នះឈ្នះ​សម្រាប់​ទាំង​អស់​គ្នា​។

លោកបាន​បញ្ជាក់​ថា៖ «វិស័យ​កសិ​កម្ម ជា​វិស័យ​មួយ​ដែល​សំខាន់​ក្នុង​សេដ្ឋ​កិច្ច​ជាតិ និង​សុខុ​មាល​ភាព​សាធា​រណៈ តែ​វា​ជា​វិស័យ​ដែល​ផល​ចំណេញ​តិចនិង​មាន​ហា​និ​ភ័យ​ខ្ពស់ ​ដែល​ជា​ហេតុ​ធ្វើឱ្យ​វិស័យ​នេះ​មិនអាច​ទាក់​ទាញ​ទុនវិ​និយោគ​សម​ស្រប​នៅ​ឡើយ។ផ្នែក​ខ្លះ​យើង​ក៏​ធ្វើបាន​ល្អ​ដែរ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រទេស​យើង​បានធ្វើ​ការ​កែលម្អ​ បង្កើន​ផលិត​កម្ម និង​សមត្ថ​ភាព​ផលិត ​ប៉ុន្តែ​កសិករ​ក្នុង​ស្រុក​របស់​យើង ​ជា​ពិសេស​កសិករ​ខ្នាត​តូច​នៅ​មិន​ទាន់​អាច​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិត​ផល​ពួកគេ​បាន​នៅ​ឡើយ​ទេ ដោយ​សារ​ការ​ប្រកួត​ប្រជែង​ជា​ខ្លាំង​ជាមួយ​ផលិត​ផល​នាំ​ចូល»​៕