ភ្នំពេញៈ អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានសម្រេចទទួលយកភ័ស្តុតាងបន្ថែម របស់តំណាងអយ្យការដែលបានដាក់កាលពីសប្តាហ៍មុន និងសួរដេញដោលលើវីដេអូបាតុកម្មនៅផ្លូវវ៉េងស្រេង ដើម្បីដាក់បន្ទុក លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទពីបទ ឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី ២៤ ខែសីហាថា សវនាការលោក កឹម សុខា បានសួរដេញដោល លើភ័ស្តុតាងដែលតំណាងអយ្យការបានដាក់កាលពីសប្តាហ៍មុន និងពិភាក្សាលើវីដេអូបាតុកម្មនៅផ្លូវវ៉េងស្រេងដែលមានការពាក់ព័ន្ធការបិទផ្លូវ ដុតកង់ឡាន និងអំពើហិង្សារបស់ក្រុមបាតុករ។

លោក ផែង ហេង សហមេធាវីរបស់លោក កឹម សុខា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែសីហាបន្ថែម ថា នៅក្នុងសវនាការលោក កឹម សុខា អង្គជំនុំជម្រះ តុលាការបានសម្រេចទទួលយកនូវភ័ស្តុតាងបន្ថែម របស់អយ្យការ ពាក់ព័ន្ធនឹងសំឡេង របស់ លោក ហូ វ៉ាន់ ដាក់ចូលទៅក្នុងសំណុំរឿង ។

លោកផែង ហេង ចាត់ទុកថា ការដាក់ភ័ស្តុតាងបន្ថែមរបស់តំណាងអយ្យកានៅពេលនេះបង្ហាញថា អ្វីដែលដីកាសន្និដ្ឋាន និងបង្ហាញដោយតំណាងអយ្យការនាពេលកន្លងមកនេះ មិនគ្រប់គ្រាន់ និងគ្មានភ័ស្តុតាងដាក់បន្ទុក ឬគ្មានពិរុទ្ធភាពគ្រប់គ្រាន់ដល់កូនក្តីរបស់លោក នោះទេ ។

លោកបន្តថា នៅក្នុងសវនាការនេះ ដែរ អង្គជំនុំជម្រះក៏បានអនុញ្ញាតឱ្យតំណាងអយ្យការ និងមេធាវីតំណាងឱ្យរដ្ឋាភិបាលសួរដេញដោល លោក កឹម សុខា ពាក់ព័ន្ធនឹងវីដេអូបាតុកម្មនៅតាមបណ្តោយផ្លូវវ៉េងស្រេង ដែលមាន បាតុករទប់ស្កាត់រថយន្តកុងតឺន័រ មិនឱ្យធ្វើដំណើរទៅមុខបាន និងអំពើហិង្សាមួយចំនួនផងដែរ។

លោកថ្លែងថា៖ «គេថា សួរបញ្ហាទាំងនេះ ភ្ជាប់ទៅនឹង សម្ដីរបស់លោក ហូ វាន់ដែលបានអួតអាង ថា ខ្លួនជាអ្នករៀបចំបាតុកម្ម នៅមុខ វត្តស្ទឹងមានជ័យ និងសម្ដីដែលរាយការណ៍នៅឯទីលានប្រជាធិបតេយ្យ មានទំនាក់ទំនងគ្នា និងការទទួលខុសត្រូវរបស់អតីតគណបក្សសង្គ្រោះជាតិ»។

ទោះជាយ៉ាងណា លោកថា រាល់សំណួរទាំងអស់ដែលតំណាងអយ្យការក៏ដូចជាសំណួររបស់ មេធាវី តំណាងរបស់រាជរដ្ឋាភិបាល ត្រូវបានលោក កឹម សុខា បានបញ្ជាក់រួចរាល់អស់ហើយ ដូច្នេះ លោក កឹម សុខា មិនឆ្លើយទៀតទេ ។ ជាមួយគ្នានេះ លោក កឹម សុខា ក៏បានឆ្លើយថា លោក ទទួលខុសត្រូវតែចំពោះការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះ ។

លោកថ្លែងថា៖ «ដូច្នេះ គាត់នៅតែបញ្ជាក់ថា បាតុកម្មក្រៅពីនៅទីលានប្រជាធិតេយ្យ មិនមែនជាការទទួលខុសត្រូវ របស់គណបក្សសង្គ្រោះជាតិទេ។ រីឯរឿងបាតុកម្មនៅតាមផ្លូវវ៉េងស្រេង គឺជារឿងដែលគេធ្វើ មិនមែនជារឿងដែល គណបក្សសង្គ្រោះជាតិធ្វើនោះទេ»។

អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបើកសវនាការ សួរ ដេញដោល លោក កឹម សុខា នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២៕