ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ​ក៏ដូចជា​ក្រសួង​សុខាភិបាល ​ដែល​បាន​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩​ ប្រកបដោយ​ជោគជ័យ​ ខណៈ​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦ លាន​នាក់ ​មាន​រហូតដល់​ជាង ​៩៤ ភាគរយ​។​

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប ​រវាង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក ​ម៉ម ប៊ុនហេង ​និង​លោក​ស្រី Jyotsana Varma នាយក​ប្រចាំ​ប្រទេស ​នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​ដែល​ភាគី​ទាំង ២​ សម្ដែង​ការគួរសម ​និង​ពិភាក្សា​ការងារ​អំពី​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ​នា​ថ្ងៃទី​ ២៤ ​ខែសីហា​នេះ។​

​ក្នុងជំនួប​នោះ ​លោក ​ម៉ម ​ប៊ុនហេង បាន​សម្តែង​ការស្វាគមន៍ ​និង​អបអរសាទរ​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្តមាន​របស់​លោក​នាយក​ប្រចាំ​ប្រទេស ​ដែល​ត្រូវបាន​ចាត់តាំង​ឱ្យមក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​នា​ពេលនេះ​។ លោក​ក៏បាន​ថ្លែង​អំណរគុណ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​ចំពោះ​ការគាំទ្រ​ហិរញ្ញប្បទាន​ ឥណទាន ​សម្រាប់​គម្រោង​សន្តិសុខ​ សុខភាព ​នៃ​មហា​អនុតំបន់​មេគង្គ​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ មក ​និង​ការផ្តល់​ឥណទាន​បន្ថែម​ សម្រាប់​គម្រោង​ឆ្លើយតប​នឹង​ការរាលដាល​ជំងឺ​កូវីដ ១៩​។​

លោក​ថ្លែងថា​៖ «អរគុណ​ចំពោះ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​ដែល​តែងតែ​គាំទ្រ​ដល់​កិច្ចសហ​ប្រតិបត្តិការ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៅតាម​ព្រំដែន ​នៃ​បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ ​និង​បន្ត​គាំទ្រ​គម្រោង​នេះ​ជា​បន្តទៀត»។​

​នាឱកាស​នោះ​ដែរ ​លោកស្រី​ Jyotsana Varma ​បាន​សម្តែង​ការកោត​សរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួង​សុខាភិបាល​ ដែល​បាន​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ដោយ​ជោគជ័យ​។ លោកស្រី​​ក៏បាន​រំលេច​អំពី​កិច្ចសហ​ប្រតិបត្តិការ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ក្នុង​មហា​អនុតំបន់​មេគង្គ ​ដូចជា​ការចែករំលែក​ព័ត៌មាន ​ការពង្រឹង​សមត្ថភាព​មន្ទីរពិសោធន៍ ​ការការពារ​ត្រួតពិនិត្យ​ការឆ្លង​រោគ​នៅក្នុង​មន្ទីរពេទ្យ ​ការពង្រឹង​សមត្ថភាព​ត្រៀម​រៀបចំ​ និង​ឆ្លើយតប​បន្ទាន់ការ​រាលដាល​ជំងឺឆ្លង​នានា​។ ជាពិសេស​កិច្ចសហការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩​ និង​គម្រោង​ព្រមាន​ជាមុន​នៅ​កម្ពុជា ​(Cambodia Early Waming System) ​ក្នុង​ករណី​មាន​ការរាតត្បាត​នៃ​ជំងឺឆ្លង​នានា​ ដូចជា ​ជំងឺ​កូវីដ ១៩ ​ជំងឺ​គ្រុនចាញ់ ​របេង ​និង​អេដស៍។​

លោកស្រី​បញ្ជាក់ថា​៖ «អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ក្រសួង​សុខាភិបាល ​ដែល​តែង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ក្នុងការ​អនុវត្ត​គម្រោង​នានា»។​

ជា​ចុងក្រោយ​នោះ ​លោកស្រី​នាយក​ប្រចាំ​ប្រទេស ​ក៏បាន​ស្នើសុំ​លោក ​ម៉ម ប៊ុនហេង ​បន្ត​គាំទ្រ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ធនាគា​រអភិវឌ្ឍន៍អាស៊ី ​ជាមួយ​ក្រសួង​សុខាភិបាល​។​

កាលពី​ថ្ងៃទី ១៨​ ខែសីហា ​ក្នុង​ពិធី​ប្រគល់ ​និង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ជំនួយ​ពី​រដ្ឋាភិបាល ​និង​ប្រជាជន​អេស្ប៉ាញ ​ចំនួន​ ៣០ ​ម៉ឺន​ដូស ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​លើកឡើងថា ​កម្ពុជា​អាច​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ឈានមុខ​១ ​ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​បាន​យ៉ាង​ល្អប្រសើរ​។ ទោះបីជា​រលក​ថ្មី​នៃ​ការឆ្លង​រាលដាល​នៅ​បន្ត​មាន​ក៏ដោយ ​ក៏​កម្ពុជា​អាច​បើក​ដំណើរការ​របស់​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​ តាំងពី​ខែ វិច្ឆិកា ​ឆ្នាំ​២០២១ ​និង​អាច​រក្សា​ប្រក្រតីភាព​ នៃ​ដំណើរការ​សង្គម​-សេដ្ឋកិច្ច ​ព្រមទាំង​បាន​ស្តារ ​និង​ជំរុញ​កំណើន​ឡើង​វិញ ​ប្រកបដោយ​ភាពរឹងមាំ ​រហូត​មកដល់​ពេល​បច្ចុប្បន្ន​។

​ក្នុង​រយៈពេល​ជិត​៤ខែ​ចុង​ក្រោយនេះ​ កម្ពុជា​មិនមាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​​ឡើយ ​ប៉ុន្តែ​ទោះជា​យ៉ាង​ណា ​លោក​ហ៊ុន សែន ​នៅតែ​បន្ត​ជំរុញឱ្យ​មាន​ការយកចិត្ត​ទុកដាក់ ​និង​ខិតខំ​ក្នុង​ការគ្រប់គ្រង​ជំងឺ​នេះ ​ដោយ​ត្រូវ​ពន្លឿន​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​ប្រជាជន​គ្រប់រូប ​និង​កុមារ​ដែលមាន​អាយុ​ពី​៣ឆ្នាំ​ឡើង ក្នុង​ការផ្តល់​ការការ​ពារ​​ដ៏​រឹងមាំ ​និង​មាន​ប្រសិទ្ធភាព​បំផុត ​តទល់​នឹង​ការបំប្លែង​ខ្លួន​ថ្មីៗ ​និង​មិន​ឈប់ឈរ​នៃ​មេរោគ​កូវីដ ១៩​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ​គិត​ត្រឹម​ថ្ងៃ​ទី ២៣​ ខែសីហា ​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦ លាន​នាក់ ​ មាន​៩៤,៧៥%​។ ក្នុង​នោះ​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​លើ​ប្រជាជន​ អាយុ​ពី​ ១៨ ឆ្នាំ​ឡើង ​មាន ​១០៣,៥៤% ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ​ ១០​ លាន​នាក់​។​

លើ​កុមារ​-យុវវ័យ​អាយុ​ពី ​១២ ឆ្នាំ ​ទៅ​ក្រោម ​១៨ ឆ្នាំ ​មាន ១០០,៩៤% ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ​១ ៨២៧ ៣៤៨​ នាក់។ លើ​កុមារ​អាយុ​ពី​ ៦ ឆ្នាំ ​ដល់​ក្រោម​ ១២ ឆ្នាំ ​មាន​ ១០៩,៨៩% ​ធៀប​នឹង​ប្រជាជន​គោលដៅ ​១ ៨៩៧ ៣៨២​ នាក់។ លើ​កុមារ​អាយុ ៥ ឆ្នាំ ​មាន ​១៣៨,០៦% ​ធៀប​នឹង​ប្រជាជន​គោលដៅ ​៣០៤ ៣១៧ ​នាក់ ​និង​លើ​កុមារ​អាយុ​៣ឆ្នាំ ​ដល់​ក្រោម​ ៥ ឆ្នាំ ​មាន ​៧៤,៨០%​ ធៀប​នឹង​ប្រជាជន​គោលដៅ​ ៦១០ ៧៣០​ នាក់៕