សៀមរាបៈ ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​ខុសច្បាប់​សរុប​ចំនួន ​៦៨៩ ​គ្រួសារ​ក្នុង​តំបន់​អង្គរ​បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក អ្នក​ទាំងនោះ​នឹងត្រូវ​ចូលរួម​ចាប់ឆ្នោត​ទទួលយក​ដីឡូត៍​នៅ​ថ្ងៃទី​២៥ ​ខែសីហា ​ឆ្នាំ​ ២០២២​ ចាប់ពី​ម៉ោង​ ៨ ​និង​ ៣០​ នាទី​ព្រឹក​នៅ​សាលាខេត្ត​សៀមរាប​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។

សេចក្តីប្រកាស​ព័​ត៌មាន​របស់​ក្រសួង​ដែនដី ថ្ងៃទី​២៤ ខែសីហា មាន​បញ្ជាក់ថា​៖«​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​មាន​២៣៤​គ្រសារ​ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង​ និង​៤៥៥​គ្រួសារ​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ​និង​ត្រូវ​ចូលរួម​ចាប់ឆ្នោត​ទទួលយក​ដីឡូត៍ ​នៅ​ថ្ងៃទី​២៥ ​ខែសីហា ​​នៅ​សាលា​ខេត្តសៀមរាប​» ។​

​សេចក្តីជូនដំណឹង​បានឱ្យដឹង​ទៀតថា​ ចាប់ពី​ថ្ងៃទី​១៨​ ដល់​ថ្ងៃទី​២៣ ​ខែសីហា​នេះ​ក្រុមការងារ​បច្ចេកទេស​បាន ធ្វើការ​វាស់វែង​ក្បាលដី​ក្នុង​តំបន់​អង្គរ​បាន​ចំនួន​២០ ០៣១​ក្បាលដី​ក្នុងនោះ​ក្បាលដី​មាន​សំណង់​ចំនួន​១២ ៣១៥​ក្បាលដី ​ក្បាលដី​គ្មាន​សំណង់​ចំនួន​៦ ៧៣៧​ក្បាលដី​ក្នុង​ទំហំ​សរុប​៤០ ១១៨​ហិកតា​នៃ​ទីតាំង​ទាំង​៣​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​។

ប្រភព​ដដែល​បន្តថា ក្រុមការងារ​ក៏បាន​បំពេញ​សម្រង់​ព័ត៌មាន​របស់​អ្នក​សាងសង់ ​និង​កាន់កាប់​ដី​បាន​ចំនួន​១៧ ៣២២​គ្រសារ​។​ ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ​តូប​លក់ដូរ​សរុប​ចំនួន​៤៤​តូប​ក្នុងនោះ​៣៤​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ស្ថិតនៅលើ​ខឿន​ជុំវិញ​ស្រះស្រង់​ ភូមិ​ស្រះស្រង់​ខាងត្បូង​ សង្កាត់​នគរធំ​ និង​១០​តូប​ស្មើ​៧៩​ក្យូស​ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង​ និង​ភូមិ​វាល​សង្កាត់​គោកចក​។

សេចក្តីប្រកាស​នោះបាន​ឱ្យដឹងទៀតថា ការចុះអនុវត្ត​ការងារ​ដែនដី​នៅ​តំបន់​អង្គរ​នេះ គឺ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៨​ ខែមេសា ឆ្នាំ​២០២២​ ស្តីពី​ការបង្កើត​ក្រុមការងារ​តម្រង់ទិស​ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់​ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ​និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​។

តាម​សេចក្តីសម្រេច​នេះ ក្រសួង​រៀបចំ​ដែនដី​បាន​ចាត់​បញ្ជូន​ក្រុមការងារ​បច្ចេកទេស​ចំនួន​៦៨​ក្រុម​មាន​មន្ត្រី​ជំនាញ​សរុប​ចំនួន​៧៨១​រូប​ចុះ​សហការ​ជាមួយ​មន្ត្រី​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចំនួន​៣៥២​រូប​ដោយមាន​ការសហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន​ថ្នាក់ភូមិ​រដ្ឋបាល​ឃុំ សង្កាត់ ក្រុង ស្រុក ចំណុះ​រដ្ឋបាល​ខេត្តសៀមរាប​ដើម្បី​ចុះ​វាស់វែង​កំណត់​និយាម​កា​ក្បាលដី​និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

ដើម្បីឱ្យ​ការងារ​សម្រេចបាន​លឿន​រហ័ស លោក​ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​តម្រង់ទិស ​នៅ​ថ្ងៃទី​២៣ ខែសីហា​នេះ បាន​ចុះ​ផ្ទាល់​ដើម្បី​ធ្វើការ​ពិនិត្យ​ទីតាំង​អ្នកកាន់កាប់​សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ​(​បរិវេណ​ស្រះស្រង់​មុខ​ប្រាសាទបន្ទាយក្តី​) ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ក្រុង​សៀមរាប​ខេត្តសៀមរាប​។

លោក ឡុង កុសល អគ្គនាយករង​ និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី២៤ ខែសីហា​ថា ការចុះវាស់វែង​កំណត់​និយាម​កា​ក្បាលដី​ និង​កំណត់​អត្តសញ្ញាណ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចាប់ពី​ថ្ងៃទី​១៨ រហូតដល់​ថ្ងៃទី​២៣ ខែសីហា មិនមាន​ករណី​កើត​ទុក្ខ​មិន​សុខចិត្ត ឬ​ធ្វើ​ការតវ៉ា​យ៉ាងណា​មួយ​ពី​ប្រជាពលរដ្ឋ​ទេ ហើយ​មានការ​ចូលរួម​សហកា​រ​ល្អជា​មួយក្រុម​ការងា​រ​។

លោក​ថ្លែងថា​៖«​ការវាស់វែង​គឺ​ដំណើរការ​ទៅដោយ​រលូន ទាំង​បងប្អូន​ប្រជាពលរដ្ឋ និង អាជ្ញាធរ​មូលដ្ឋាន មានការ​ចូលរួម​សហកា​រ​គ្នា​ល្អ ដូច​សេចក្តីប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​គាត់ បានចេញ​ថ្ងៃនេះ​»​។

លោក​បញ្ជាក់​បន្ថែមថា ក្រុមការងារ​កំពុងតែ​បន្ត​សម្រុក​ចុះ​ធ្វើ​កិច្ចការងារ​ចុះ​វាស់វែង​កំណត់​និយាម​កា​ក្បាលដី និង​កំណត់​អត្តសញ្ញាណ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បន្តទៀត​។​

​លោក ជឿ​ម ជឿ​ប ប្រជាពលរដ្ឋ​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៤ ខែសីហា​ថា បាន​ចូលមក​រស់នៅ​តំបន់​អង្គរ​តាំងពី​ឆ្នាំ​១៩៩០ ហើយ​ទីតាំង​ដែល​លោក​រស់នៅក្នុង​តំបន់​អង្គរ​នេះ អាជ្ញាធរ​បានធ្វើ​ការវាស់វែង​រួចរាល់​ហើយ ប៉ុន្តែ​នៅ​មិនទាន់​ទទួលដំណឹង​ថា អាជ្ញាធរ​សម្រេច​ឱ្យ​រុះ​រើចេញ​នៅពេលណា​នោះទេ​។ លោក​គូសបញ្ជាក់ថា ការ​នៅលើ​ដី​អង្គរ​ទទួលស្គាល់ថា ខុសច្បាប់ ប៉ុន្តែ ពេលវេលា និង​ការរស់នៅ​ជាក់ស្តែង​ពិតប្រាកដ​នេះ លោក​អាចនឹងទទួល​បាន​ដី សម្រាប់​ការរស់នៅ​ពិតប្រាកដ​បាន​។

លោក​ថ្លែងថា​៖«​ខ្ញុំ​មិនទាន់​ដឹងថា​យ៉ាងម៉េច​ទេ​ឥឡូវ​ហ្នឹង ប៉ុន្តែ​បើតាម​ខ្ញុំ​សួរ​ផ្ទាល់​ទៅ​ឯកឧត្តម​ក្រុមការងារ​ដែល​បាន​ចុះ​វាស់វែង​ដី​នេះ​បាន​ប្រាប់ថា បើ​នៅទីនេះ​ច្បាស់លាស់​យូរហើយ​មិន​អី​ទេ​។ អ៊ីចឹង​ចាំមើល​ត​ទៀត​សិន តើ​គេ​ប្រាប់​ដំណឹង​ពេលណា តែបើ​ភូមិ​ត្រពាំង​សេះ​គេ​ចាប់ឆ្នោត​[​ថ្ងៃទី​២៥]​នេះហើយ​»​។

លោក សេង ឡូត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​“​សមិទ្ធផល​សម្រេចបាន​រយៈពេល​៥​ឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នៅ​ថ្ងៃទី​២៤ ខែសីហា បានឱ្យដឹងថា ក្រុមការងារ​ដែល​ចុះទៅ​ធ្វើការ​វាស់វែង​កំណត់​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​នៅ​តំបន់​អង្គរ​នេះ​មិន​មានការ​បង់លុយ​ដើម្បី​បានធ្វើការ​វាស់វែង​បាន​ឆាប់​មុនគេ​នោះទេ​។ ក្រុមការងារ​ចុះ​ផ្ទាល់​នៅ​ទីនោះ​មាន​ក្រុម​ដឹកនាំ​ដែល​ចុះ​មើល​ជាប្រចាំ មាន​អាជ្ញាធរ​នៅជាប់​សហការ​ជាមួយ ដូចជា​ប្រធានភូមិ ចៅសង្កាត់ និង​មាន​អាជ្ញាធរ​អប្សរា​នៅ​ជាមួយ​ផងដែរ​។

លោក​ថ្លែងថា​៖«​អ្វីដែល​ចុះទៅ​យើង​កត់សម្គាល់ឃើញ​នេះ ឃើញថា​ប្រជាពលរដ្ឋ​យល់ យល់ថា​អ្វីដែល​គាត់​ធ្វើ​នេះ​ជាការ​ធ្វើ​បណ្តោះអាសន្ន ហើយ​គាត់​ដឹងថា​ខុសច្បាប់ អ៊ីចឹង​ដល់ពេល​យើង​ទៅ​រៀបចំ គាត់​អត់​មាន​ជំទាស់​ទេ គាត់​យល់ព្រម​តែម្តង យល់ព្រម​រុះរើ ហើយ​ចាកចេញ​»​។​

​លោក​បាន​លើកឡើងថា ការទន្ទ្រាន​ដី និង​សំណង់​នៅ​តំបន់​អង្គរ​មិនមែន​មានតែ​អ្នក​នៅ​សៀមរាប ឬ​អ្នក​ក្រៅ​នោះទេ តាម​ការពិនិត្យ​ជាក់ស្តែង​គឺ​ចម្រុះ​មកពី​គ្រប់កន្លែង ដែល​បាន​ទៅធ្វើ​សំណង់​ខុសច្បាប់​។ យ៉ាងណា​លោក​បញ្ជាក់​បន្ថែមថា អ្នក​ដែល​គ្រប់​លក្ខខណ្ឌ ដោយ​ផ្អែកលើ​ឯកសារ​គោល​ដែល​អាជ្ញាធរ​អប្សរា​បាន​ប្រមូល​ច្បាស់លាស់​ក្នុង​ឆ្នាំ​២០០៤ - ២០០៥​នោះ​នឹង​ទទួលបាន​ការដោះស្រាយ​ជា​ដី​នៅ​ទីតាំង​ថ្មី​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ប៉ុន្តែ​ទទួល​បានតែ​ដី​ប៉ុណ្ណោះ គ្មាន​សំណង់​អ្វី​បន្ថែម​ទាំងអស់ មានន័យថា រុះរើ​ទៅ​ទីនោះ​ដោយផ្ទាល់​ខ្លួន​។ ចំណែក អ្នក​ដែល​គ្មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ទៅ​ចាប់ដី​ផ្តេសផ្តាស​នៅ​ទីនោះ ដាច់ខាត​ត្រូវតែ​ចាកចេញ និង​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ដោយ​ស្ម័គ្រចិត្ត​៕