ស្វាយរៀងៈ មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ បកស្រាយ​បំភ្លឺ​ជុំវិញ​កុមារី​ម្នាក់​អាយុ ៧ ​ឆ្នាំ ​បាន​ស្លាប់​ដោយសារ​សត្វ​ឪម៉ា​ល់​ទិច​ជាច្រើន​មេ បន្ទាប់​ភាគី​គ្រួសារ​សព​ដែល​ត្រូវជា​ឪពុកម្តាយ ​បាន​ចោទប្រកាន់ថា​ មូលហេតុ​ឈានដល់​ការស្លាប់​នេះ​ដោយសារ​ភាពយឺតយ៉ាវ ​និង​មិនបាន​យកចិត្តទុកដាក់​របស់​ក្រុមគ្រូពេទ្យ។​

កុមារី​ឈ្មោះ ភឿន ចាន់ថា ​អាយុ​ ៧​ ឆ្នាំ បាន​បាត់​បង់ជីវិត ក្រោយពី​សត្វ​ឪម៉ា​ល់​ទិច​ជាច្រើន​មេ ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​មេលោង សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។

​សេចក្តីបំភ្លឺ​របស់​មន្ទី​រ​សុខាភិបាល​ខេត្តស្វាយរៀង ជូន​សាធារណជន និង​ក្រុមគ្រួសារ​នៃ​សព ចុះ​ថ្ងៃទី​២៣ សីហា បានឱ្យដឹងថា ​កុមារី ភឿន ​ចាន់ថា​ បាន​ចូលមក​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ថ្ងៃទី​២២ ​ខែសីហា ឆ្នាំ​២០២២ ម៉ោង​ ១៧:១១​នាទី ​ដោយ​មូលហេតុ​ឪម៉ាល់​ទិច​។ សេចក្តីបំភ្លឺ​បន្តថា ការពិនិត្យ​បង្ហាញ សភាព​ទូទៅ ដូចជា សម្ពាធ ឈាម ​៨៨/៧៥ mmHg ជីពចរ ១៥០ /​នាទី​សីតុណ្ហភាព​៣៧.៥​អង្សា​សេ ចង្វាក់​ដង្ហើម ៣០​ដង​/​នាទី ​កំហាប់​ អុកស៊ីហ៊្សែន​ ៩៥% ​អ្នកជំងឺ​មាន​អាកា​រសន្លឹម មាន​ស្នាម​ជា​លក្ខណៈ​សត្វ​ឪម៉ា​ល់​ទិច ។

​មន្ទីរ​សុខាភិបាល​បញ្ជាក់ថា​៖ «ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញថា មាន​ស្នាម​កន្ទួល​ច្រើន​កន្លែង ប្រហែល​លើសពី​៣០​ទ្រនិច ​នៅលើ​ដៃ​ទាំង​សងខាង​ ជើង​ទាំង​សងខាង ​នៅលើ​ក្បាល និង​ដងខ្លួន ដោយមាន​ការឈឺចាប់​យ៉ាងខ្លាំង​នៅត្រង់​កន្លែង​ទិច​នីមួយៗ ហើយ​មាន​ស្នាម​កន្ទួល ក្រហម​-​ហើម»។​

​បើតាម​សេចក្តីបំភ្លឺ កុមារី​មាន​ភាព​ធ្ងន់ធ្ងរ ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​បឋម ដោយ​ផ្អែកទៅលើ​ស្ថានភាព​ស្លេកស្លាំង ​ឈឺចាប់ ​ឡេះឡះ ​ក្ដៅខ្លួន ត្រជាក់​ចុងដៃ​ជើង​ ឡើង​ស្វាយ ជីពចរ​ដើរ​ញាប់ និង​ខ្សោយ រយៈពេល​បំពេញ​ឈាម​នៅ​ចុងដៃ​លើសពី​៣​វិនាទី ជីពចរ​ដើរ​ញាប់​ហើយ​ខ្សោយ សម្ពាធ​ឈាម​ត្បៀត​។ ក្នុងនោះ​ការសង្គ្រោះ​បឋម ​ក្រុមគ្រូពេទ្យ​បានផ្ដល់​ការព្យាបាល​តាម​លក្ខណៈ​បច្ចេកទេស ដូចជា​ការដាក់​អុក​ស៊ី​ហ៊្សែ​ន ផ្តល់​សេរ៉ូម ផ្តល់​ឱសថ បន្ត​ការតាមដាន ​និង​សង្គ្រោះ​ជា​បន្តបន្ទាប់ ព្រមទាំង​ពន្យល់​ពី​ស្ថានភាព​ធ្ងន់ធ្ងរ ​របស់​អ្នកជំងឺ​ដល់​ក្រុមគ្រួសារ​។​

​សេចក្តីបំភ្លឺ​បន្ថែមថា​៖«លុះ​នៅវេលា​ម៉ោង​១៧:៤០​នាទី ក្រុមគ្រូពេទ្យ​បានធ្វើការ​វាយតម្លៃ​ពី​ស្ថានភាព​អ្នកជំងឺ​ឡើង​វិញ ដោយ​ពិនិត្យឃើញថា ​កន្លែង​ឪម៉ាល់​ទិច ​ហើម​ធំ​ជាង​មុន ត្រជាក់​ចុងដៃ​ចុងជើង ​ឡើង​ស្វាយ ​ជីពចរ​ញាប់​១៥៥/​នាទី និង​ខ្សោយ ​កំហាប់​អុក​ស៊ី​ហ៊្សែន ៩០% ចង្វាក់​ដង្ហើម ៣២​ដង/នាទី​ សម្ពាធ​ឈាម ៨៥/៦២ mmHg ពុំមាន​ទឹកនោម កុមារ​សន្លឹម​»។​

​ក្រោយ​ពិនិត្យ​ឃើញបែបនេះ​ ក្រុមគ្រូពេទ្យ​បាន​ពន្យល់​ទៅដល់​ក្រុមគ្រួសារ​ថា ​ជាតិពុល​របស់​សត្វ​ទិច បាន​ពុល​ទៅលើ​សរីរាង្គ​សំខាន់ៗ គ្រប់​ទីកន្លែង ដូចជា តម្រងនោម ​ខួរក្បាល​ បេះដូង ​ប្រព័ន្ធ​ដកដង្ហើម ​ក្រុមគ្រូពេទ្យ​នៅតែ​បន្ត​ការព្យាបាល​ដោយ​យកចិត្តទុកដាក់​។ ប៉ុន្តែ​ក្រោយពី​ការសង្គ្រោះ​អស់​រយៈពេល​ជាង​២​ម៉ោង ស្ថានភាព​ជំងឺ​នៅតែ​ធ្ងន់ធ្ងរ​។​

​មន្ទីរ​សុខាភិបាល​ បញ្ជាក់ថា​ នៅវេលា​ម៉ោង ២០:១០​នាទី ​ដោយមាន​ការទទូច​ស្នើសុំ​ពី​ក្រុមគ្រួសារ ​ក្រុមគ្រូពេទ្យ​បានសម្រេច​ចិត្ត​ធ្វើការបញ្ជូន​អ្នកជំងឺ​តាម​រថយន្ត​សង្គ្រោះ ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ទាំង​ស្ថានភាព​នៅតែ​ធ្ងន់ធ្ងរ​ដដែល និង​ទៅដល់​មន្ទីរពេទ្យ​នៅវេលា​ម៉ោង ២២:១៥​នាទី ។​

​ការបក​ស្រាយ​បំភ្លឺ​នេះ ​បន្ទាប់ពី​អ្នកស្រី​ឈ្មោះ​ហ៊ូ ​ស៊ីណា អាយុ​៣៦​ឆ្នាំ ​ត្រូវជា​ម្តាយ​ជនរងគ្រោះ បាន​លើកឡើងថា​ គាត់​ដឹក​កូន​ទៅដល់​មន្ទីរពេទ្យ​ស្វាយរៀង ​នៅវេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ​ប៉ុន្តែ​គ្រូពេទ្យ​ ហាក់បីដូចជា​ មិនសូវ​យកចិត្តទុក​ដាក់ ទើប​ធ្វើឱ្យ​អា​ការកូន​របស់ខ្លួន កាន់តែ​ធ្ងន់​ទៅៗ។

​អ្នកស្រី​បញ្ជាក់ថា​៖«ពេលទៅដល់​ពេទ្យ​ម៉ោង​៥​ល្ងាច​ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្ត​កូ​វីដ​១៩(លទ្ធផលអវិជ្ជមាន) ​ទើប​ពេទ្យ​ឱ្យ​ឪពុក​បីកូន​ទៅ​អគារ​កុមារ រួច​ដាក់​សេរ៉ូម​១​ប្លោក និង​ចាក់​ថ្នាំ​២​ម្ជុល ក៏​ទៅ​បាត់»។​

​អ្នកស្រី​បន្តថា​៖«រហូតដល់​ម៉ោ​៧ និង​៣០​នាទី​យប់​មាន​លោកគ្រូ​ពេទ្យ​ម្នាក់​មក​មើល ហើយ​និយាយថា ​កូន​នេះ​ធ្ងន់​ណាស់ ហើយក៏​ទៅ​បាត់​។ ក្រោយមក​មាន​គ្រូពេទ្យ​ក្មេងៗ​២នាក់​មក​មើល ហើយ​ថា ទុកពេល​១​ម៉ោង​ទៀត​ក្រែង​កូនក្មេង​បត់ជើងតូច​ក្រែង​ធូរ»។​

​អ្នកស្រី​បន្ថែមទៀតថា​ ដោយសារ​អាកា​រកាន់តែ​ធ្ងន់​ទៅៗ ​នៅវេលា​ម៉ោងជាង ៨យប់ ​ទើប​បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ​តាមរយៈ​រថយន្ត​សាមុយ​ឯកជន ​ក្នុងតម្លៃ​១៨០​ដុល្លារ ប៉ុន្តែ​នៅពេល​ទៅដល់​ នៅវេលា​ម៉ោង​១០​និង​៣០យប់ ​កូនស្រី​របស់ខ្លួន​បាន​ដាច់ខ្យល់​ទៅ​ហើយ។​

​ក្នុង​ហេតុការណ៍​នេះ​ អ្នកស្រី​ស្នើឱ្យ​គ្រូពេទ្យ​ខេត្តស្វាយរៀង​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​កូនស្រី​គាត់ និង​ស្នើ​ដល់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​អភិបាលខេត្ត​ស្វាយរៀង ជួយ​ចុះ​អធិការកិច្ច​ បញ្ហា​គ្រូពេទ្យ ​មិនសូវ​យកចិត្ត​ទុកដាក់​ផ្តល់​សេវា​ថែទាំ​ព្យាបាល​អ្នកជំងឺ ដែល​ត្រូវ​សង្គ្រោះបន្ទាន់​ ឈានដល់​ការបាត់​បង់ជីវិត​។​

បើតាម​ការរៀបរាប់​របស់​អ្នកស្រី​ហ៊ូ ស៊ីណា ​កូនស្រី​របស់ខ្លួន ​រៀន​ថ្នាក់​ទី​១ នៅ​សាលាបឋម​សិក្សា​២​ធ្នូ បាន​ជិះ​កង់​ទៅលេង​នៅ​វាលស្រែ​តាម​ជីតា​ទៅ​ឃ្វាលគោ​នៅ​មាត់បឹង​។ ខណៈដែល​កំពុង​ជិះ​កង់​ទៅដល់​បឹង ស្រាប់​តែមាន​ខ្យល់​យ៉ាងខ្លាំង​បោកបក់​បណ្តាល​ឱ្យដាច់​ធ្លាក់​សម្បុក​ឪម៉ាល់​ដ៏​ធំ ពីលើ​ចុង​ត្នោត​មក​ដី ចំ​ពីមុខ​កង់​ជនរងគ្រោះ និង​បាន​ទិច​កូន​របស់ខ្លួន​ជាច្រើន​មេ។​

​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ​ក៏បាន​សម្តែង​នូវ​ការសោកស្តាយ ​និង​ចូលរួម​រំលែក​នូវ​មរណៈទុក្ខ ជាមួយ​ក្រុមគ្រួសារ​នៃ​សព​។ ចំណែក​សាកសព​កុមារី​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ដល់​លំនៅឋាន ​ដោយ​ពុំ​គិតថ្លៃ​សេវា​ដឹកជញ្ជូន រីឯ​ថ្លៃ​សេវា​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ក៏បាន​ប្រគល់ជូន​ក្រុមគ្រួសារ​នៃ​សព ដើម្បី​ជាការ​ចូលរួម​រំលែក​ទុក្ខ។

ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​អាច​សុំ​អត្ថាធិប្បាយ​បន្ថែម​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ​លោក​គុជ ស៊ីថា ​បាន​នៅ​ឡើយ​ទេ ​នា​ថ្ងៃទី២៤ ​សីហា។ ប៉ុន្តែ​លោក​ចិន ប៊ុនថុល ​ប្រធាន​កម្មវិធី​សុខភាព​ផ្លូវចិត្ត​ នៃ​មន្ទីរសុខាភិបាល​ខេត្ត​ បាន​ថ្លែងថា ​លោក​មិនទាន់​ទទួល​បទបញ្ជា​អ្វី​លើ​ករណី​នោះ​ទេ ​ប៉ុន្តែ​មន្ទីរ​ ក៏​កំពុង​តាមដាន​រឿងនេះ​ដែរ៕