
រថយន្តជនរងគ្រោះដែលធ្លាក់ចូលទៅក្នុងទឹកអូរ ខូចខាតទាំងស្រុង។ រូបថត នគរបាល
ក្រចេះៈ បុរសម្នាក់ក្នុងចំណោម ៤ នាក់ ដែលបានបាត់ខ្លួនពេលបើករថយន្តឆ្លងកាត់ទំនប់បង្ហៀរទឹកថ្ពងហើយត្រូវបានទឹកហូរកួចរថយន្តថ្លាក់ទៅក្នុងអូរ កាលពីវេលាម៉ោងជាង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ សីហា ស្ថិតក្នុងភូមិថ្ពង ឃុំ- ស្រុកស្នួល ត្រូវបានរកឃើញសាកសពហើយនៅព្រឹកថ្ងៃដដែល។
លោកវរសេនីយ៍ត្រី ប៊ុន គុយបា អធិការរងស្រុកស្នួលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ សីហាថា សាកសពបុរសរងគ្រោះដែលត្រូវរកឃើញ ឈ្មោះ ទិត្យ មេសា អាយុ ៣១ ឆ្នាំ ខណៈបុរសដែលរួមដំណើរក្នុងរថយន្ត ៣ នាក់ទៀតគ្រាន់តែរងរបួសស្រាលទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាប្រហែលជាម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៤ សីហា ស្ថិតក្នុងភូមិថ្ពង ឃុំ- ស្រុកស្នួល ។
លោកថ្លែងថា៖«សាកសពរបស់ជនរងគ្រោះត្រូវបានរកឃើញព្រឹកមិញនេះ(ថ្ងៃទី២៤សីហា)ហើយកម្លាំងសមត្ថកិច្ចយើងបានប្រគល់សាកសពជូនដល់ក្រុមគ្រួសារគាត់ហើយ។ កើតហេតុភ្លាមៗគ្នាគាត់៣នាក់ បានស្រវេស្រវាចេញពីឡានរួចតែឡានត្រូវខូចទាំងស្រុងអស់ហើយ»។
លោកបានរៀបរាប់តាមសម្តីសាក្សីថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បាននាំគ្នាចូលហូបអាហារនៅក្នុងហាង១កន្លែង រហូតដល់យប់ជ្រៅ ក៏នាំគ្នាជិះរថយន្តព្រុសក្នុងបំណងត្រឡប់មកផ្ទះវិញ ដោយបើករថយន្តឆ្លងកាត់ទំនប់បង្ហៀរទឹក១កន្លែងឈ្មោះទំនប់ថ្ពង។
ប៉ុន្តែជាអកុសលខណៈរថយន្តកំពុងតែបរនៅលើខ្នងទំនប់ហើយទឹកជំនន់កំពុងតែហូរខ្លាំងក៏បានកួចប៉ើងរថយន្តធ្លាក់ទៅក្រោមបណ្តាលឱ្យមនុស្សដែលជិះនៅក្នុងរថយន្តនោះម្នាក់ៗនាំគ្នាស្រវេស្រវាគេចចេញពីគ្រោះថ្នាក់រៀងៗខ្លួន។
បន្ទាប់ពីហេតុការណ៍កើតឡើងបានដឹងដល់អ្នកភូមិហើយ អ្នកភូមិក៏ដូចជាជនរងគ្រោះដែលរួចផុតពីគ្រោះថ្នាក់ បានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ស្នួលចុះមកធ្វើអន្តរាគមន៍ទាំងយប់។
ទាំងប្រជាពលរដ្ឋក៏ដូចជាសាច់ញាតិរបស់ជនរងគ្រោះ នាំគ្នារុករកជនរងគ្រោះ ដែលបាត់ខ្លួន ភ្លាមៗនោះ តែរកមិនឃើញនោះទេ។
បើតាមលោក គុយបា លុះព្រឹកឡើងថ្ងៃទី២៤ សីហា ទើបកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលស្រុកស្នួលសហការជាមួយប្រជាពលរដ្ឋនាំគ្នាបើកកាណូតរកឃើញសាកសពឈ្មោះទិត្យ មេសា ត្រូវបានប៉ើងតាមទឹកដែលបានអណ្តែតឆ្ងាយប្រមាណជា១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។
ពាក់ព័ន្ធនឹងការស្រវឹងស្រាយ៉ាងណានោះគឺលោកមិនអាចអះអាងបានទេក៏ប៉ុន្តែជនរងគ្រោះទាំង៤នាក់ទើបតែចេញពីហាងហូបអាហារ៕