កំពង់ធំៈ រដ្ឋបាល​ខេត្ត​កំពង់​ធំ បាន​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង​-ស្រុកត្រៀម​កម្លាំង ​និង​មធ្យោបាយ​ចុះអន្តរា​គមន៍​ជួយ​ច្រូត​​​ស្រូវ​ប្រជា​កសិករ ដែលកំពុង​លិចលង់​ដោយ​គ្រោះទឹក​ជំនន់ ដើម្បី​កាត់​បន្ថយ​កង្វះស្បៀង​អាហារ​នៅក្នុង​សហគមន៍​មូល​ដ្ឋាន។

លោក​ ងួន រតនៈ អភិបាល​ខេត្ត​កំពង់​ធំ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៤ សីហាថា នៅពេល​នេះ ស្រូវ​របស់​ប្រជា​កសិករ​មួយ​ចំនួន ​ដែល​ជន់លិច​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ទឹក​ជំនន់​ស្ទឹង​សែន បាន​ចាប់​ផ្ដើម​ទុំ​ជាបណ្ដើរៗ​ហើយ។ ប៉ុន្តែ​ស្ថាន​ភាពទឹក​នៅបន្តលិច​​ក្នុងស្រែក្នុងជម្រៅ​ត្រឹម​គល់ភ្លៅ និង​ជ្រៅ​ជាង​នេះ​ដោយ​កន្លែង។

លោក​បាន​បញ្ជាក់​ថា៖ «យើង​បាន​ចុះ​ពិនិត្យ​កាល​ពីថ្ងៃទី ២៣ សីហា ​ឃើញ​ថា​ ស្រូវ​ភាគ​ច្រើន​បាន​ទុំហើយ ប៉ុន្តែ​ទឹក​វានៅលិច​ជ្រៅនៅ​ឡើយ​»។

លោក​រតនៈ​​បន្តថា ក្នុង​ស្ថានភាព​នេះ ប្រជា​កសិករ​មិន​អាចចល័ត​គ្រឿង​ចក្រ​ចុះ​ច្រូត​ស្រូវ​ក្នុង​ទឹក​ដ៏ជ្រៅ​បែប​នេះ​បានទេ គឺ​មាន​តែចុះច្រូត​កាត់​ដោយ​ដៃ​ផ្ទាល់​ប៉ុណ្ណោះ។ ទន្ទឹ​ម​ជាមួយ​គ្នានេះ​ លោក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ ជាពិសេស​អាជ្ញាធរ​ក្រុង-ស្រុក ដែល​កំពុង​ប្រឈម​គ្រោះ​ទឹក​ជំនន់ ​ត្រូវ​ត្រៀម​កម្លាំង​និង​មធ្យោ​បាយ​ ចុះ​អន្តរាគមន៍​ជួយច្រូត​ស្រូវ​ជូន​ដល់​កសិករ ដើម្បី​​ជួយ​កាត់​បន្ថយ​កង្វះ​ស្បៀង​អាហារ​ នៅ​ក្នុង​សហគមន៍​មូល​ដ្ឋាន។

លោក ​ម៉ាក់ ប៊ុន​ហុង អភិបាល​ក្រុង​ស្ទឹង​សែន បាន​ប្រាប់ភ្នំពេញ​ប៉ុស្តិ៍​ថា រដ្ឋបាល​ក្រុង​ស្ទឹង​សែន បាន​ត្រៀម​កម្លាំង​និង​មធ្យោបាយ​និង​សម្ភារ​សម្រាប់​កិច្ចអន្តរាគមន៍​នេះ​រួច​រាល់​ហើយ រង់​ចាំ​តែសំ​ណើ​ពីកសិករ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែងថា​៖ «កសិករ​គាត់​ថា ស្រូវមិន​ទាន់ទុំល្អ សុំ​ឱ្យកម្លាំង​យើង​រង់​ចាំ ​៣-៤ ​ថ្ងៃ​ទៀត​សិន ព្រោះ​ពេល​នេះទឹក​នៅក្នុង​ដីស្រែ​ក៏បាន​ស្រក​ចុះផង​ដែរ»។

បើ​តាម​លោក ប៊ុនហុង ជំនន់​ទឹក​ភ្លៀង និង​ទឹក​ស្ទឹង​សែន កាលពី​ប៉ុន្មាន​ថ្ងៃមុន​ បាន​បង្កផល​ប៉ះ​ពាល់​ដំណាំ​ស្រូវ ជាង ​១ ៦០០​ ហិកតា ក្នុង​នោះ ខូចខាត​ទាំង​ស្រុង​ជិត​ ៤៥០​ ហិក​តា។

យ៉ាង​ណា​ក៏ដោយ ប្រជា​កសិករ​នៅ​ភូមិ-សង្កាត់ អូរ​កន្ធរ លោក សាន​ សំអាត បាន​ប្រាប់ ​ភ្នំពេ​ញ​ ប៉ុស្តិ៍​ថា ស្រូវ​ដែល​កំពុង​លិច​ទឹក​នោះ ភាគច្រើន​មិន​ទាន់​ទុំល្អ​នោះទេ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​គាត់​មិន​ទាន់​សម្រេច​ចិត្ត​ច្រូត​កាត់​នៅពេល​នេះ ។ ម្យ៉ាង​ទៀត​ ឈ្មួញ​ទិញ​ស្រូវ គេមិន​ទិញ​ស្រូវ ដែល​មិន​ទាន់​ទុំល្អ នោះ​ទេ ព្រោះ​គ្រាប់​ស្រូវ​ងាយ​នឹង​ពុក​ផុយ​ ។

លោក​សំអាត​បាន​និយាយ​ថា៖«កសិករ​ខ្លះ​គាត់​បង្ខំ​ចិត្ត​ចុះច្រូត​យក​តែកួរ​ស្រូវមេ​ៗដែល​ទុំល្អ ដើម្បី​យក​មក​ទុក​ពូជ​ផង និង បរិភោគ​ខ្លះ​ផង ព្រោះ​ខ្លាច​ទុក​យូរ​ទៅ​វាជ្រុះ​ឬ បាក់​កួរ​ធ្លាក់​ចូល​ទៅក្នុង​ទឹក នាំ​ឱ្យ​ខាត​បង់​កាន់​តែ​ច្រើន​»។

លោក​បាន​បញ្ជាក់​ថា​៖«អ្នក​ខ្លះ​គាត់​ច្រូត​បាន ​២​ តោន ​ក្នុង​ ១ ហិកតា​ ខ្លះទៀត​ក៏ច្រូត​បាន​ប្រមាណ ១ ​តោន ក្នុង​ ១ ហិក​តា អាស្រ័យ​លើទឹក​លិច​ជ្រៅ​ឬរាក់ តែយ៉ាង​ណាវា​ប្រសើរ​ជាង​កសិករ​ខ្លះ ​ដែលស្រូវ​របស់​គាត់​បាន​លិច​ខូច​ខាត​ទាំង​ស្រុង​ដែរ​»។

ជាមួយ​គ្នានេះ​ លោក​ សំអាត​ បាន​និយាយ​ដោយ​ក្ដី​អំណួត​ថា៖«សម្រាប់​ខ្ញុំ គ្មាន​ស្រែណា​មួយ​ដែល​ប្រមូល​ផល​ក្រោម ​៥​ តោន​ ក្នុង ​១​ ហិកតា​នោះទេ ព្រោះ​ខ្ញុំបាន​ប្រមូល​ផលមុន​ពេលមាន​គ្រោះទឹក​ជំនន់​កើត​ឡើង ​១ ​សប្ដាហ៍​»។

បើតាម​លោក​សំអាត​ មុខ​របរ​ធ្វើ​ស្រែ​នាពេល​បច្ចុប្បន្ន កសិករ​ត្រូវចេះ​តាម​ដានស្ដាប់​ព័ត៌មាន​ស្ដីពី​ការ​ព្យាក​រ​ឧតុនិយម​របស់​ក្រសួងធ​នធាន​ទឹក និង​ត្រូវ​ចេះ​រៀបចំ​ដីស្រែ​ឱ្យបាន​ល្អ​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម ពោល​គឺមិន​ត្រូវ​ធ្វើ​តាមតែ​ទម្លាប់​ពីបុរាណ​នោះ​ទេ។

យោង​តាម​សេចក្ដី​រាយ​ការ​ណ៍ពី​មន្ត្រី​ធន​ធាន​ទឹក​និង​ឧតុនិយម​ខេត្ត​កំពង់ធំ​ នៅថ្ងៃ​ទី ២​៤​ ខែ សីហា​ ឆ្នាំ​ ២០២២ ទឹក​ស្ទឹង​សែន​បាន​ស្រក​ចុះមកនៅ​ក្រោម​កម្រិត​ប្រកាស​ឱ្យប្រុង​ប្រយ័ត្ន​ ២ សង់​ទីម៉ែត្រ​ ហើយ​ទឹក​នៅតា​មវា​លទំនាប និង​ដី​ស្រែ​កសិករ​ក៏​បាន​ស្រក​ចុះបន្តិច​ផង​ដែរ​។

ដោយ​ឡែក​នៅ​ឯខេត្ត​ក្រចេះ ជំនន់​ទឹក​ភ្លៀង​កាលពី​វេលាម៉ោង​៣ទៀប​ភ្លឺ ថ្ងៃទី​ ២៤ ខែ សីហា ឆ្នាំ​ ២០២២ បាន​បង្ក​ឱ្យ​ទឹក​នៅក្នុង​អាង​ទំនប់​បង្ហៀរ​ថ្ពង ស្ថិតក្នុង​ភូមិថ្ពង ឃុំ-ស្រុកស្នួល ជ​ន់​ឡើង​ហៀរហូរ​លើខ្នង​ទំនប់​ក្នុងកម្ពស់ ០,៣ ម៉ែត្រ​។ នេះ​បើតាម លោក​ សាម ណាល់​ អភិបាល​ស្រុក​ស្នួល។

លោក​បាន​បញ្ជាក់​ថា​៖«នៅ​ពេលនេះ​ស្ថាន​ភាព​ទឹក​នៅ​ចំណុច​ទីតាំងខាង​លើនេះ​ បានស្រ​ក​មក​នៅ​កម្រិត​​ត្រឹមតែ ០,១៥​ម៉ែត្រ ពីលើខ្ន​ង​ទំនប់​បង្ហៀរ​ប៉ុណ្ណោះ ប៉ុន្តែ​ទឹក​នៅតែ​បន្ត​ហូរកួច​ខ្លាំង​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នកធ្វើ​ដំណើរ​ដែល​ឆ្លង​កាត់​លើខ្នង​ទំបន់​នេះ»​។

ជាមួយ​គ្នា​នេះ លោក បាន​អំពា​វនាវ ឱ្យ​ពលរដ្ឋ​និង​អ្នក​ដំណើរ​ផ្អាក​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​តាម​ខ្នង​ទំនប់​នេះ​ជាបណ្ដោះអា​សន្ន ដើម្បីកា​រពារ​គ្រោះ​ថ្នាក់​កើត​ឡើង​ជាយកថា​ហេតុ។ លោក​បាន​បន្ត​ថា នៅពេល​នេះ ជំនន់​ទឹក​ភ្លៀង បាន​ជន់​លិច​ផ្នែក​ខ្លះ​នៃឃុំ​ខ្សឹម និង ឃុំគ្រញូង​សែន​ជ័យ ។ ប៉ុន្តែផ​ល​ប៉ះពាល់​នៅ​មិន​ទាន់​ធ្ងន់​ធ្ងរ​ជា​ដុំកំភួន​នៅ​ឡើយ​ទេ​៕