ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កំណត់​យក​ថ្ងៃទី ​៣១ សីហា ខាងមុខ ដើម្បី​បន្ត​កិច្ចពិភាក្សា​លើ​ប្រាក់​​ឈ្នួល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ ២០២៣ ខណៈ​ស​ហ​ជីព​កំណត់​តួលេខ ២១៥ ដុល្លារ ចំណែក​និយោជក​កំណត់​តួលេខ​ ១៩៤​ ដុល្លារ​ដូច​ឆ្នាំមុន ដើម្បី​ធ្វើការ​ចរចា​។​

​នៅ​ថ្ងៃទី​ ២៤ ខែសីហា ក្រុម​​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមាបាន​បន្ត​កិច្ចប្រជុំ​ជា​លើក​ទី​២ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់​​ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ​២០២៣​។ ក្រោយ​ចប់​កិច្ចប្រជុំ ក្រសួង​ការងារ​បានប្រកាសថា ក្រោយ​ការប្រជុំ​ផ្ទៃ​ក្នុង​ចំនួន ២ ​លើក ភាគី​ទាំង​ ២ (​សហជីព និង​និយោជក​)​ បាន​លើក​ហេតុផល និង​បង្ហាញ​នូវ​គោលជំហរ​ផ្ទៃក្នុង​របស់ខ្លួន​ទៅវិញទៅមក​ប្រកបដោយ​វិជ្ជាជីវៈ និង​ភាពចាស់ទុំ​អំពី​សំណើ​របស់ខ្លួន​។

ក្រសួង​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា​៖ «​នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​រាជរដ្ឋាភិបាល ក៏បាន​សម្របសម្រួល និង​ផ្តល់នូវ​ការពន្យល់​បន្ថែម​លើ​ចំណុច​នានា ដែល​ភាគី​តំណាង​កម្មករនិយោជិត​និង​ភាគី​តំណាង​និ​យោ​​ជក​មាន​ចម្ងល់​ផងដែរ​។ អង្គ​ប្រជុំបាន​ឯកភាពគ្នា​កំណត់​កិច្ចពិភាក្សា​បន្តទៀត នៅ​ម៉ោង ២:៣០ ​នាទី​រសៀល ថ្ងៃទី ​៣១ សីហា ឆ្នាំ ​២០២២»​។

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២៤ សីហា​ថា លទ្ធផល​បឋម​នៃ​ការចរចា​ប្រាក់​ឈ្នួល​អប្ប​​បរមា នៅក្នុង​កិច្ចប្រជុំ​លើក​ទី២ នេះ គឺ​តំណាង​សហជីព បានស្នើ​តួលេខ​ ២១៥ ​ដុល្លារ ខណៈ​និយោជក​ស្នើ​ដាក់​តួលេខ​១៩៤ ដុល្លារ ​ដូច​ប្រាក់​ឈ្នួល​ឆ្នាំ​ចាស់​ដដែល​។ បន្ថែម​ពីនេះ លោក អាត់ ធន់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ដែរនោះ បានបញ្ជាក់​ទៀតថា ចំពោះ​ភាគី​រាជ​រដ្ឋាភិបាល រហូតមកដល់​ពេលនេះ គឺ​មិនទាន់​បញ្ចេញ​តួលេខ​ផ្លូវការ​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​ថ្មី​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ ​២០២៣​ នៅឡើយ​ទេ​។

​លោក​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ ត្រូវបាន​លើកឡើង​ដោយ​ខាង​ក្រសួង​ដើម្បីឱ្យ​ភាគី​ទាំង ២ បាន​ជជែក​គ្នា​ក្នុង​ទឡ្ហីករណ៍​រៀងៗ​ខ្លួន ហើយ​ខាង​សហជីព​យើង​បាន​ប្រជុំគ្នា​ជាច្រើន​ដង ដោយបាន​សម្រេច​ដាក់​តួលេខ ២១៥ ដុល្លារ ចំណែក​និយោជក បានស្នើ​តួលេខ ១៩៤ ដដែល ដោយសារតែ​និយោជក​ឃើញ​សហជីព​មិន​មាន​ការចុះ​តួលេខ​នោះទេ​»​។​

​ជាមួយគ្នានេះ​លោក អាត់ ធន់ បានធ្វើការ​សន្និដ្ឋាន ដោយ​ផ្អែក​នៅក្នុង​ការជជែក​គ្នា​នៅក្នុង​កិច្ចប្រជុំ​ថា ការកំណត់​តួលេខ​រប​ស់​ភាគី​និយោជក គឺអាច​នឹងមាន​ចំនួន​ខ្ពស់ជាង​នេះ​នៅក្នុងពេល​ខាងមុខ​ខណៈ​ការជជែក​គ្នា អាច​នឹងមាន​តួលេខ​មួយ​ក្នុង​រង្វង់​ចន្លោះ ១៩៧ ដុល្លារ ហើយ​មានការ​បូក​បន្ថែម​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹងធ្វើ​ឱ្យប្រាក់​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ​ ២០២៣ ខាងមុខ អាច​នឹង​ហក់​ឡើងដល់​ក្នុង​រង្វង់ ២០០ ដុល្លារ ​ក្នុង ​១ ​ខែ​។​

​កាលពី​ឆ្នាំ ​២០២១ លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ទឹកប្រាក់​ចំនួន ២ ដុល្លារ​អាមេរិក ​ពីលើ​ទឹកប្រាក់​ចំនួន ១៩២ ដុល្លារ ដែល​បាន​ស្នើឡើង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​យកមកអនុវត្ត​ក្នុង​ឆ្នាំ​ ២០២២ ដែល​ប្រាក់​ឈ្នួល​គោល​ឆ្នាំ ​២០២១ មាន​ចំនួន ១៩២ ដុល្លារ ​ក្នុង ​១ ​ខែ​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខា​​ធិ​ការរង​សមាគម​រោងចក្រ​កាត់​​ដេរ​នៅ​កម្ពុជា ​(GMAC) ធ្លាប់​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុងដំណាក់កាល​នេះ​សមាគម​ពិតជា​ទទួលស្គាល់​ពី​ការលំបាក​របស់​កម្មក​រ ប៉ុន្តែ​ស្ថានភាព​គឺ​ពិតជា​មិន​អំណោយ​​ផល សម្រាប់​ភាគី​ទាំង ២ ដែល​វា​ពិតជា​បញ្ហា ​១ ក្នុង​ការជួយ​ដល់​ជីវភាព​របស់​កម្មករ និង​ការគាំទ្រ​ដល់​ការប្រកួតប្រជែង​របស់​ឧស្សាហកម្ម​។​

​លោក​បញ្ជាក់ថា​៖ «​ទោះបីជា​ការនាំចេញ​ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ ល្អ​ក៏ដោយ យើង​មានការ​​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថាន​ភាព​នាំចេញ​សម្រាប់​ឆមាស​ទី២ នៃ​ឆ្នាំនេះ ដោយ​មើល​ទៅលើ​ស្ថានភាព​សកលលោក​មិន​ស្ថិត​​ស្ថេ​រ និង​លទ្ធភាព​នៃ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ដែល​ភាគច្រើន​នៅ​ប្រទេស​លោកខាងលិច ដែលជា​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ដ៏​សំខាន់​របស់​កម្ពុជា​»​។​

​ការសិក្សា​ថ្មីៗ របស់ JETRO បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ គឺមាន​តែ​ ៣៩​ ភាគរយ ​នៃ​ក្រុម​​ហ៊ុន​នៅ​ប្រទេស​កម្ពុជា ​តែប៉ុណ្ណោះ ដែល​រកបាន​ប្រាក់ចំណេញ ខណៈ​ជាង ៤៣ ភាគរយ ​បាន​ខាតបង់​ប្រាក់ ​និង ​១៨ ​ភាគរយ ​បាន​បិទ​​ទ្វារ​ក្រុមហ៊ុន​របស់​ពួកគេ​។ នេះ​បើតាម​ការអះអាង​របស់​លោក កាំ​ង ម៉ូ​នី​កា​។​

​ចំណែក​ការសិក្សា​ថ្មី​មួយ​របស់លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភា​​កម្ពុជា ដែល​បាន​ស្រាវជ្រាវ​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ និង​ការ​​ប្រកួតប្រជែង​របស់​ក​ម្ពុ​ជាបាន​បង្ហាញថា ប្រទេស​វៀតណាម គឺជា​ដៃគូ​ដ៏​ខ្លាំង​របស់​កម្ពុជា ក្នុងការ​ប្រកួតប្រជែង​នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ ខណៈ​ប្រាក់​-​ឈ្នួល​កម្លាំង​ពលកម្ម​របស់​ប្រទេស​នេះ​ទាប​ជាង​កម្ពុជា ហើយ​ការ​​កើនឡើង​នៃ​តម្លៃ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក អគ្គិសនី​មានតម្លៃ​ខ្ពស់ គឺជា​បញ្ហា​ប្រឈម​ដែល​អាចធ្វើឱ្យ​កម្ពុជា​បាត់បង់​ឧត្តមភាព​នៃ​ការប្រកួតប្រជែង​៕

វីដេអូ៖