​ក្រចេះៈ ក្រុម​ជីវចម្រុះ​នៃ​អង្គ​ការអភិរក្ស​អន្តរជាតិ​ប្រចាំ​កម្ពុជា​កំពុង​អង្កេត និង​កំណត់​អត្ត​​សញ្ញាណ​សត្វ​ស្លាប​ជាច្រើន​ក្នុង​​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល ខណៈ​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ ​WWF ​ដែលមាន​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន កំពុង​កត់​​ត្រាទុក​វត្តមាន​សត្វ​ត្រយង​ចង្កំ​កស​ ក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ​ក្នុង​ខេត្តក្រចេះ​។​

​លោក​ នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​២៤ សីហា​ថា ការ​​អង្កេត និង​កំណត់​អត្តសញ្ញាណ​​សត្វ​ស្លាប​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​​ក្រវាញ​កណ្តាល គឺជា​កិច្ច​សហ​ការរួម​គ្នា​រវាង​អង្គការ​អន្តរជាតិ​ប្រចាំ​កម្ពុជា និង​ក្រសួងបរិស្ថាន​។​

​លោក​បន្តថា ការសិក្សា​នេះ គឺ​ដើម្បីឱ្យ​បានដឹង​ពី​ប្រភេទ​សត្វ​ស្លាប ដែល​កំពុង​រស់នៅក្នុង​តំ​​បន់​នេះ បន្ទាប់ពី​ធ្លាប់ធ្វើ​អង្កេត​តាំងពី​ឆ្នាំ ​២០០០ ​មក​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​​តំបន់​នេះ មានការ​អនុវត្ត​គម្រោង​ឥណទាន​កាបូន ដែល​ទាមទារ​ឱ្យ​​មានការ​បង្កើន​ការយកចិត្ត​ទុក​ដាក់​បន្ថែមទៀត ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ហ្នឹង ក៏ដូចជា​សិក្សា​ឱ្យបាន​ច្បាស់លាស់​ថា មាន​ប្រ​​ភេទ​សត្វ​អ្វីខ្លះ​រស់នៅក្នុង​តំបន់​ហ្នឹង​? តើ​មាន​សត្វ​កម្រ​ឬ​សត្វ​សម្បូរ​យ៉ាងណា​ដើម្បី​សិក្សា​ពី​លក្ខណៈ​វិទ្យាសាស្ត្រ​»​។​

​ជាមួយគ្នានេះ លោក នេត្រ​ ភក្ត្រា បានឱ្យដឹង​ដែរ​ថា ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួង​បរិ​​ស្ថាន និង​អង្គការ WWF ដែល​​មានការ​ចូលរួម​ពី​សហគមន៍​​មូលដ្ឋាន កាលពី​ថ្ងៃទី​ ១៦ ខែ​​សីហា បាន​កត់​ត្រាទុក​វត្តមាន​សត្វ​ត្រយង​ចង្កំ​កស សរុប ​៣២៤ ​ក្បាល ព្រមទាំង​ទ្រនំ​របស់​ពួកវា​ចំនួន ១៧​ កន្លែង នៅក្នុង​ដែន​​ជម្រក​សត្វព្រៃ​សំបូរ​ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ ខេត្តក្រចេះ​ផងដែរ​។​

​លោក​បានឱ្យដឹងថា មកទល់​បច្ចុប្បន្ន ក្រុម​ស្រាវជ្រាវ​បាន​​និង​កំពុង​បន្ត​ចុះ​តាមដាន​ដើម្បី​រាប់​ចំនួន​សត្វ​ស្លាប​នេះ សម្រាប់​ការធ្វើជំរឿន​ថ្នាក់ជាតិ ខណៈ​លទ្ធផល​រកឃើញ​បឋម​នេះ​គឺ​ ​ជាការ​រាប់​សត្វ​ត្រយង​ចង្កំ​កសមាន​ចំនួនច្រើនជាងគេ​បំផុត​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយនេះ​ នៅ​តំបន់​មេគង្គ​។

​លោក ភក្ត្រា បាន​បញ្ជាក់ថា​៖ «​ដោយឡែក នៅក្នុង​តំបន់​ព្រៃ​​ទេសភាព​ភាគ​ខាងកើត ក្រុម​​ស្រាវជ្រាវ​បាន​កត់ត្រា​សត្វ​ត្រយង​​ចង្កំ​កស​ចំនួន ​៧ ក្បាល ព្រមទាំង​ទ្រនំ​របស់​ពួកវា​ចំនួន​ ២២​ កន្លែង​ផងដែរ​។ សត្វ​ត្រយង​ចង្កំ​កស​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។ ការតាមដាន និង​រាប់​ដើម្បី​ធ្វើ​បច្ចុប្បន្ន​នៃ​ចំនួន​សត្វ​នេះ​ត្រូវ​​បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់​​ពី​ខែកក្កដា ដល់​ខែតុលា​»​។

​សូមជម្រាបថា លទ្ធផល​ដែល​ទទួលបាន​ពី​ការរាប់​ចំនួន​សត្វ​ត្រយង​ចង្កំ​កស​នៅតាម​ដែន​ជម្រក​​ធម្មជាតិ​ទាំងអស់ ក្នុងនោះ​មាន​ដែនជម្រកសត្វព្រៃ​សំបូរ​ក្នុង​តំបន់​​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ និង​​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាង​​កើត​នេះ នឹង​រួមចំណែក​ដល់​ការប៉ាន់ប្រមាណ​ចំនួន​សត្វ​ត្រ​​យ​ង​ចង្កំ​កស​សរុប​ទូទាំង​ប្រ​​ទេស​កម្ពុជា​សម្រាប់​ឆ្នាំនេះ​។​

​គួរ​កត់សម្គាល់ថា តំបន់​ព្រៃ​លិច​ទឹក​មេគង្គ​គាំទ្រ​ដល់​ការរស់នៅ​របស់​ហ្វូង​សត្វ​ត្រយង​ចង្កំ​កសធំ​ជាងគេ​បង្អស់​លំដាប់​ទី​២ ​ពោល​គឺមាន​ចំនួន​ ២៥២​ ក្បាល ក្នុង​ឆ្នាំ ​២០២១ បន្ទាប់ពី​ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាង​។ ​នេះ​បើតាម​លោក នេត្រ ភក្ត្រា​។​

​តាម​ការប្រកាស​របស់​អង្គការ​​អភិរក្ស​អន្តរជាតិ​បានបង្ហាញ​កាលពី​ថ្ងៃទី ​២៣ សីហា​ថា សត្វ​ស្លាប​ដែល​ក្រុមការងារ​បាន​ជួប​ប្រទះ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​​ភ្នំក្រវាញ​កណ្តាល​ គឺមាន​ជិត​ ២០​ ប្រភេទ ហើយ​ភាគច្រើន​គឺជា​វត្តមាន​សត្វ​ស្លាប​ដែល​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ​។​

​អង្គការ​អភិរក្ស​អន្តរជាតិ​បានបង្ហាញ​ថា​៖ «​សត្វ​ទាំងនោះ គឺ​រួមមាន​សត្វ​ប៉ោលតោក ប៉ោល​​តោក​ត្រចៀក​ខៀវ ប៉ោលតោក​​ត្រចៀក​បៃតង កេងកង​ធំ កេង​កង​តូច សត្វ​ចំពុះ​មាស សត្វ​ចំពុះ​​ធំ​កស ចេកទុំ​ក្បាល​ខ្មៅ ចេក​ខៀវ ស្តេច​កូ​លី​ត ចាប​ជៀប​ក្រ​​ហម ឬ​កន្ទោង​ពួច​ក្រហម ត្រដេវ​​ព្រៃ ចាប​សួគ៌ា​អាស៊ី ត្រសេះ​ត្នោត ត្រសេះ​ដំរី ល្វាចេក​ព្រៃ និង​សត្វ​ចេក​ខ្ចី​ស្លាប​ខៀវ​»​។​

​កញ្ញា ថោង រ៉េត មន្ត្រី​សម្រប​សម្រួល​ផ្នែក​ជីវចម្រុះ និង​វិទ្យា​សាស្ត្រ​នៃ​អង្គការ​អភិរក្ស​អន្តរ​ជាតិ​ដែល​បាន​ចុះ​សិក្សា​ដោយផ្ទាល់​លើ​ការធ្វើអង្កេត​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​​កណ្តាល បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​២៤ សីហា​ថា សត្វ​ស្លាប​ដែល​ត្រូវបាន​ប្រទះឃើញ​ក្នុង​តំបន់​នេះ​ គឺមាន​មួយចំនួន​​នៅ​មិនទាន់មាន​អត្តសញ្ញាណ​នៅឡើយ​ទេ​។ កញ្ញារំពឹងថា ការរកឃើញ​នេះ​នឹង​ក្លាយជា​​ការស្រាវជ្រាវ​ដ៏​កម្រ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​បង្ហាញ​វត្តមាន​សត្វ​ស្លាប​នៅក្នុង​​តំបន់​នេះ​។​

​កញ្ញា​បាន​បញ្ជាក់ថា​៖ «​បើ​យើង​គ្មាន​ការធ្វើការ​ពី​សំណាក់​ក្រសួង និង​អង្គការ​នោះទេ វា​អាច​ប្រឈម​នឹង​បាត់បង់​នូវ​សត្វ​​កម្រៗ​ទាំងនេះ​។​ គ្រាន់តែ​ការ​​អង្កេត​ក្នុងពេល​បច្ចុប្បន្ន ឃើញថា តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​​វា​ញ​កណ្តាល​នេះ​គឺជា​តំបន់​មួយ​​ដែល​នៅមាន​ភាព​សម្បូរបែប​នៅឡើយ ឬ​ហៅថា នៅ​ព្រហ្ម​ចារី ដែលជា​ទីជម្រក​របស់​សត្វ​ដែល​រងគ្រោះ​ជាច្រើន ហើយ​មិន​ត្រឹមតែ​សត្វ​ស្លាប​ទេ​គឺ មាន​សត្វ​ខ​និ​សត្វ​ជាច្រើន​ទៀត​»​។​

​ក្រៅពីនេះ កញ្ញា ថោង រ៉េត ក៏​រំពឹង​ដែរ​ថា ការរកឃើញ និង​ការបង្ហាញ​វត្តមាន​សត្វ​ស្លាប​​ដ៏​កម្រ​នៅក្នុង​តំបន់​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​ជំរុញ​ដល់​ពលរដ្ឋ​ក្នុង​តំបន់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​បញ្ឈប់​ការបរិភោគ​សត្វ​ស្លាប និង​ចូល​រួម​អភិរក្ស​សត្វ​ស្លាប​ទាំងនេះ​ឱ្យបាន​គង់វង្ស​៕