ភ្នំពេញ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បក​ស្រាយ​ពី​ការ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ ៣​ ចំណុច​របស់​រដ្ឋា​ភិបាល​ជំនួស​ឱ្យ​ការបិទ​ទ្វារ​រោង​ចក្រ​ឃែ​ធើ​រេន​ ដោយ​សារតែ​ថៅកែ​រត់​ចោល​ដោយ​លោកបាន​អះ​អាង​ថា ​កម្មករ​ជាង​ ៣០០ ​នាក់ បានមក​ទទួល​ប្រាក់​អត្ថ​ប្រយោ​ជន៍​ទាំង​នេះ​រួច​រាល់​។

ការ​ប្រកាស​បក​ស្រាយ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្មករ​មួយ​ចំនួន​នៅតែ​បន្ត​ការតវ៉ា ​និង​គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​ចំនួន​ ២​ ចំណុច​បន្ថែម​ទៀត​ពី​លើ​អត្ថ​ប្រយោជន៍​ទាំង ៣ ដែល​ផ្តល់ឱ្យ​ដោយ​ក្រសួង​ការ​ងារ​។

ថ្លែង​ក្រោយ​ចប់​កិច្ច​ប្រជុំ​ប្រាក់​ឈ្នួល​កាល​ពី​ថ្ងៃទី ២៤ សីហា លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ប្រាប់​អ្នក​កាសែត​ថា មកដល់​ថ្ងៃទី​ ២៤ ​ខែសីហា គឺមាន​កម្មក​រនិយោ​ជិត​ក្នុង​រោង​ចក្រ ឃែ​ធើ​រេ​ន ប្រមាណ​ ៩០​ ភាគ​រយ​​ ឬ​ស្មើ​ជាង​ ៣០០​ នាក់ ​ក្នុង​ចំណោម​កម្មករ​ចំនួន​ ៤២០​ នាក់​ បាន​មក​ទទួល​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ចំនួន​ ៣​ ចំណុច ដែល​ក្រសួង​បាន​ចំណាយ​ថវិកា​បុរេប្រទាន​ជាង ​៦០ ​ម៉ឺន​ដុល្លា​រសម្រាប់​​បើក​ផ្តល់​ជូន​កម្មករ​។

ជា​មួយ​នឹង​ការ​អះ​អាង​នេះ លោក ហេង សួរ បាន​ធ្វើការ​ឆ្លើយ​តប​ថា កន្លង​មក​នេះ នៅតែមាន​កម្មករ​និយោ​ជិត​ក្នុង​រោង​ចក្រ​នេះ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​ពី​ការ​ទូទាត់​ប្រាក់​អត្ថ​ប្រយោ​ជន៍​នៅ​ពេល​រោង​ចក្រ​ក្ស័យ​ធន ឬ​រោង​ចក្រ​បិទ​ទ្វារ​ ដោយ​សារ​ថៅ​កែ​រត់​ចោល​នេះ​នៅ​ឡើយ​។

ដូច្នេះលោក​បាន​ពន្យល់​ថា៖ «ចំណុច​នេះ ក្រសួង​បាន​អនុវត្ត​ជាច្រើន​ករណី​នៅ​តាម​រោង​ចក្រ និង​បាន​ពន្យល់​ដោយ​ផ្អែក​ទៅ​ច្បាប់​ស្តីពី​ការងារ​។ ក្នុង​ពេល​ដែ​ល​ក្ស័យ​ធន​ឬ​ករណី​ដែល​ថៅ​កែ​រត់ចោល​នេះ គឺ​បងប្អូន​កម្មក​រនិយោ​ជិត​នឹង​ទទួល​បាន ៣​ ចំណុច​ ទី១ គឺ​ប្រាក់​ខែ​នៅ​សល់​ចុង​ក្រោយ ទី២ ប្រាក់​អតីត​ភាព​ការ​ងារ​សល់​ក្នុង​ឆ្នាំ​ និង​ប្រាក់​អតីត​ភាព​ការងារ ដែល​មាន​ពីមុន​មក និង​ទី៣ ​ប្រាក់​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់»។

លោក​បាន​ពន្យល់​ទៀត​ថា៖ «ដោយ​ឡែក​សោ​ហ៊ុយ​ជំងឺ​ចិត្ត ​នៅ​ក្នុង​ទិដ្ឋភាព​ច្បាប់ មានន័​យថា វា​ជា​សកម្ម​ភាព​អ្វីមួយ ដែល​ធ្វើឱ្យប៉ះ​ពាល់​ដល់​កិត្តិយស ​និង​សេចក្តី​ថ្លៃថ្នូរ​ដល់ក​ម្មក​រ​និយោ​ជិត​ណា​មួយ។ នៅ​ពេល​ដែល​រោង​ចក្រ​ក្ស័យ​ធន មាន​ន័យ​ថា​កម្មករ​និយោជិត​ទាំងអស់ ​គឺ​ឈប់​ដូចគ្នា​ គឺ​អត់​មាន​អ្នក​ណាមួ​យដែល​​រង​សម្ពាធ​ពីស​ហការី​ដែលមាន​បុគ្គលិក ១ ០០០​ នាក់​ ម្តេច​បញ្ឈប់​តែ​ពួក​យើង បួន ដប់​នាក់អ៊ី​ចឹ​ង? មាន​ន័យ​ថា យើង​អាច​ធ្វើការ​មិន​ល្អ ដែល​អាច​ប៉ះ​ពាល់​ដល់​កិត្តិ​យស​និង​សេចក្តី​ថ្លៃថ្នូ​រ​របស់​គាត់ ដែល​ត្រូវគេ​បញ្ឈប់​ ៤ ទៅ​ ១០ នាក់​ហ្នឹង។ នេះហើយ​ដែល​បង្កើត​ឱ្យមាន​ការផ្តល់​ប្រាក់​សង​ជំងឺ​ចិត្ត (សោ​ហ៊ុយ​ជំងឺ​ចិត្ត)»។

ក្រៅពី​ពន្យល់​បែប​នេះ លោក ហេង សួរ ក៏បាន​អះអាង​ដែរ​ថា ចំពោះ​ការលើក​ឡើង​របស់​កម្ម​ករដែ​លថា ថៅកែ​រោង​ចក្រ​នេះ​មិន​បាន​ក្ស័យ​ធន​ និង​លួច​ទៅ​បើក​រោង​ចក្រ​ថ្មីនៅ​ក្បែរ​ទីតាំង​ចាស់​នោះ ក្រសួង​បាន​ស្រាវជ្រាវ​ច្បាស់​ហើយ ដោយ​រោង​ចក្រ​ទាំង​ ២​ មិនមាន​ទំនាក់​ទំនង​អ្វី​នឹង​គ្នា​ក្នុង​ទិដ្ឋ​ភាព​ច្បាប់នោះ​ទេ។ យ៉ាង​ណា​ លោក​នៅតែ​អះអាង​ថា​ កម្មករនៅតែ​អាច​ប្តឹង​បន្ត​ទៅ​តុលា​ការ​ដើម្បី​ឱ្យ​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​បន្ថែម​ ប្រសិន​បើមាន​ភ័ស្តុ​តាង​អ្វី​ផ្សេង​ពី​ការ​រកឃើញ​របស់​ក្រសួង​។

លោក​បាន​បញ្ជាក់​ថា៖ «រឿង​នេះ យើង​បាន​បញ្ជាក់​ច្បាស់​ហើយ គឺ​រោងចក្រ​ដែល​បង​ប្អូន​កម្មក​រនិយោជិត​ថា មាន​ថៅកែ​តែ​មួយ គឺ​គេ​បាន​បដិ​សេធ​ហើយ ដែល​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ទេ។ ថ្វី​ដ្បិត​ថា រោ​ងចក្រ​ប្រកាស​ថា អត់​មាន​ពាក់​ព័ន្ធ​គ្នា ហើយ​ក្រសួង​បាន​ពិនិត្យ​មើល​ច្បាប់ និង​បញ្ជី​ស្នាម​ ហើយ​ថា អត់​មាន​ពាក់​ព័ន្ធ​គ្នា​ទេ។ ប៉ុន្តែ​បើ​បង​ប្អូន​មាន​ភ័ស្តុ​តាង​លើស​ពី​ហ្នឹង​ទៀតថា គេ​មាន​ទំនាក់​ទំនង​គ្នា គឺ​មានតែ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ទេ ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​មើលថា តើ​រោង​ចក្រ​នេះ មាន​ពាក់​ព័ន្ធ​ជា​មួយ​គ្នា​ដែរ​អត់?»​។

កាល​ពី​ថ្ងៃទី​ ១៧​ សីហា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ការងារ​ចេញ​កញ្ចប់​ថវិការ​ដ្ឋដើ​ម្បី​ដោះ​ស្រាយ​ផ្តល់​សំណង​ដល់​ក​ម្មក​រក​ម្មការិ​នី​នៅ​រោង​ចក្រ ឃែ​ន​ធើ​រេ​ន អែ​ភែ​រឹល (ខេ​ម​បូ​ឌា) ដែល​មាន​ទីតាំងនៅ​​ភូមិ​

ត្រ​ពាំង​​​ថ្លឹង ៣ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ថៅកែ​បិទទ្វារ​រត់​ចោល​អស់​ជាច្រើន​ខែ ហើយ​ពួកគេ​បាន​ស្វែង​រក​កិច្ច​អន្ត​រាគមន៍​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​ស្រី សាន់ សុ​ផា តំណាង​សហជីព​រោងចក្រ ឃែ​ធើ​រេ​ន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៥ សីហា​ថា កម្ម​ករនៅតែ​ប្រកាន់​ជំហរ​ក្នុងការ​ប្តឹងទៅ​តុលា​ការ​ ដើម្បី​ឱ្យស៊ើប​អង្កេត​ពី​ទំនាក់ទំ​នង​នៃ​រោងចក្រ​ទាំង ២​ និង​ទាម​ទារ​លក្ខ​ខណ្ឌ​ចំនួន ២ ចំណុច​ទៀត​ពី​ថៅកែ​រោង​ចក្រ។

ជា​មួយ​នឹង​ការអះ​អាង​នេះ អ្នកស្រីក៏បាន​ឱ្យដឹង​បន្ត​ថា កម្មករ​ទាំង​អស់នៅ​បន្ត​ដេក​យាម​នៅមុខ​រោងច​ក្រដើម្បី​បង្កា​រការ​លួច​ដឹក​សម្ភារ​រោង​ចក្រ​ចេញ ខណៈ​កម្មករ​ទាំង​អស់យល់​ព្រម​ទទួល​ថវិកា​ទាំង​ ៣ ចំណុច​ ដែល​ផ្តល់​ដោយ​រដ្ឋាភិ​បាល​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវ​ភាព។

អ្នក​ស្រី​បាន​បញ្ជាក់​ថា៖ «ពួកយើ​ង​ជា​កម្មករ​ នៅតែ​ប្រកាន់​ជំហរ​ប្តឹងទៅ​តុលា​ការ ដើម្បី​ទាមទា​រ ២ ចំណុច​ទៀត ព្រោះ​យើង​យល់​ថា រោង​ចក្រ​នេះមិន​មែន​ក្ស័យ​ធន​នោះទេ។ ការបិទ​រោងចក្រ​នេះ គឺ​ដោយ​សារតែ​ថៅកែនៅ​តែ​បន្តទៅ​ផ្គត់​ផ្គង់​នៅ​រោង​ចក្រ​របស់គេ​មួយ​ទៀត។​ ខ្ញុំ​ធ្វើការ និង​រស់នៅ​ជាមួយ​ថៅកែ​នេះ ២២ ឆ្នាំ និង​អ្នកខ្លះ ២៦ ឆ្នាំ​ហើយ ខ្ញុំ​ដឹង​ច្បាស់​ថា រោង​ចក្រ​ទាំង​ ២​ នេះ មាន​ប្រា​ស្រ័យ​ទាក់​ទង​គ្នា»​។

បើតាម​ការអះ​អាង​រប​ស់​តំណាង​កម្មករ ចំពោះ​ការទាម​ទារ​ ២ ចំ​ណុច​បន្ថែម​របស់​ក​ម្មករ គឺមានប្រា​ក់​ជូន​ដំណឹង និ​ង​ប្រាក់​​សង​ជំងឺ​ចិត្ត​ ខណៈ​៣​ចំណុច​ដែល​ក្រសួង​បញ្ចេញ​ថវិកា​រដ្ឋ​សម្រាប់​ផ្តល់​ជូន​កម្មករ គឺមាន ទី១ ប្រាក់​ឈ្នួល​ខែ​ចុងក្រោយ ដែល​មិន​ទាន់​បាន​បើក ទី២ ប្រាក់​បំណាច់​ជួស​ការ​សម្រាក​ប្រចាំ​ឆ្នាំដែ​ល​នៅ​សល់ និ​ង​ទី៣ ​ប្រាក់​បំណាច់​អតីត​ភាព​ការ​ងារ​ថ្មី​ក្នុង​ឆ្នាំ​ និង​ប្រាក់​រំឭក​ប្រាក់​បំណាច់​អតីត​ភាព​ការ​ងារ ដែល​មាន​មុន​ឆ្នាំ​ ២០១៩​៕