ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​អំពាវនាវ ឱ្យ​កសិករ​ចិញ្ចឹមសត្វ ត្រៀមលក្ខណៈ​សង្គ្រោះ​សត្វ និង​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​សត្វ​នៅក្នុង​រដូវវស្សា​នេះ ជាពិសេស កសិករ​ដែល​រស់នៅក្នុង​តំបន់​ជាប់មាត់​ទ​ន្ល បឹង ស្ទឹង ព្រែក ដែល​ងាយ​ប្រឈម​នឹង​គ្រោះទឹកជំនន់។​

លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ថ្លែងថា នៅក្នុង​រដូវវស្សា​នេះ តំបន់​មួយចំនួន ដែល​ស្ថិតនៅ​ជាប់មាត់​ទ​ន្ល បឹង ស្ទឹង ព្រែក បាន​ជួប​ប្រឈម​គ្រោះទឹកជំនន់ ជាហេតុ​ដែល​អាច​បណ្តាល​ឱ្យ​ជំងឺឆ្លង​សត្វ​ផ្ទុះឡើង ដូចនេះ​កសិករ​ចិញ្ចឹមសត្វ ត្រូវ​ត្រៀម លក្ខណៈ​សង្គ្រោះ​សត្វ និង​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​សត្វ​ផ្សេងៗ​។​

លោក​ថ្លែងថា​៖ «​សូម​បងប្អូន​ប្រជាកសិករ​ចិញ្ចឹមសត្វ ត្រៀម​បង្ការ និង​សង្គ្រោះ​សត្វ ពី​គ្រោះទឹកជំនន់ និង ជំងឺឆ្លង​នានា ដោយ​ត្រូវ​ត្រៀម​ទីទួល​សុវត្ថិភាព​ដែល​នៅ​ជិត​បំផុត និង​មធ្យោបាយ​សម្រាប់​សង្គ្រោះ​សត្វ ត្រៀម​ចំណី និង​ទឹក​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​សត្វ ព្រមទាំង​ធ្វើ​អនាម័យ​ទ្រុង​ឬ​ក្រោល​សត្វ​ឱ្យបាន​ស្អាត និង​តាមដាន​សុខភាព ឱ្យបាន​ជាប់​ជាប្រចាំ ចៀសវាង​លែង​សត្វ​ឱ្យ​ដើរ​ពាសវាល​ពាសកាល​»​។​

លោក​បាន​បន្តថា ក្នុងករណី​មាន​សត្វ​ឈឺ​ត្រូវ​បំបែក​ចេញពី​សត្វ​ជា និង​រាយការណ៍ ជាបន្ទាន់​ទៅ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ​មន្ត្រី​បសុពេទ្យ ដើម្បី​ចុះ​អន្តរាគមន៍​ពិនិត្យ និង​ព្យាបាល​បាន​ទាន់ពេលវេលា​។​

ជាមួយគ្នានេះ លោក​បានប្រកាស ឱ្យ​ពលរដ្ឋ​អ្នក​ចិញ្ចឹមសត្វ ទាក់ទង​ផ្ទាល់​មក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឬ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​-​ខេត្ត តាមរយៈ​ទូរស័ព្ទ​លេខ​​ ០១២ ៤៨៣ ៥៧៤ និង លេខ ០១២ ៩៥២៥១៨ ក្នុងករណី​មាន​ជំងឺឆ្លង​រាលដាល​សត្វ​។​

កាលពីពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ មាន​សេចក្ដីរាយការណ៍​ពី​បណ្ដា​ខេត្ត​មួយចំនួន​នៅ​ភាគ​ពាយ័ព្យ ឦសាន និងភាគ​អ​គ្នេ​យ៍ នៃ​ប្រទេស​កម្ពុជា បានកើត​ជំងឺសា​ទឹក និង ជំងឺ​ដុំ​ពក ក្នុងនោះ​សត្វ​គោ​-​ក្របី​ចំនួន​៣៥​ក្បាល​បាន​ងាប់​។

ទោះយ៉ាងណា​ក្រុមមន្ត្រី​បសុសត្វ​នៃ​បណ្ដា​ខេត្ត​នីមួយៗ បាន​បើក​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ និង​ចាក់​ថ្នាំ​បង្ការ​ជំងឺសារ​ទឹក និង​ជំងឺ​ដុំ​ពក​ដល់​សត្វ​គោ​-​ក្របី ជូន​ប្រជាកសិករ​រួចរាល់​ទាំងស្រុង​ហើយ​កាលពី ដើមខែ​សីហា​។

លោក សេវ លិញ អាយុ​ ៤៥ ​ឆ្នាំ ជា​ប្រជាកសិករ នៅ​ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ ទឹកជំនន់​ទន្លេស្រែពក​បាន​ស្រក​វិញ​ហើយ ប៉ុន្តែ​ភូមិ​របស់គាត់​នៅតែ​បន្ត​ទុក​គោ​-​ក្របី នៅលើ​ទីទួល​សុវត្ថិភាព ព្រោះ​បារម្ភ​ខ្លាច​មាន​ទឹកជំនន់​កើតឡើង​ជាថ្មីទៀត​។​

លោក​ថ្លែងថា​៖ «​គោ​-​ក្របី​ទាំងអស់​របស់​អ្នកភូមិ ដែល​នៅលើ​ទីទួល​សុវត្ថិភាព​នោះ ត្រូវបាន​ក្រុម​ពេទ្យសត្វ​ភូមិ​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​រួចរាល់​ហើយ​»​។

បើតាម​លោក​លិញ ការចង​គោ​-​ក្របី​នៅក្នុង​ក្រោល មិនមែនជា​ប្រពៃណី​របស់​ជនជាតិ​ទំ​ពូន​របស់​ពួកគាត់ឡើយ​។ តាម​ទម្លាប់​របស់​ជនជាតិដើម​ភាគតិច​ទំ​ពូន គោ​-​ក្របី ត្រូវបាន​គេ​ដោះលែង​ឱ្យ​ដើរ​ស៊ី​ស្មៅ និង​ល្បះ​ខ្ចីៗ​នៅតាម​ដងព្រៃ និង​វាលស្រែ ក្រោយពី​ប្រើប្រាស់​វា​ជា​កម្លាំង​អូសទាញ​រួច​។ ប៉ុន្តែ​ដោយសារ​មាន​គ្រោះទឹកជំនន់ ទើប​ពួកគាត់​ក៏​សម្រេច​ចង​គោ​-​ក្របី​ទុក​នៅក្នុង​ក្រោល​លើ​ទីទួល​សុវត្ថិភាព តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ និងមន្ត្រី​ជំនាញ ហើយ​នាំគ្នា​ដើរ​ច្រូតស្មៅ ​និង​ល្បះ​ខ្ចីៗ​ឱ្យ​ពួកវា​ស៊ី​។

លោក​ ​លិញ ​ដែល​អះអាងថា ​មាន​ក្របី​ ៦ ​ក្បាល​នៅក្នុង​ក្រោល បាន​ប្រាប់​ឱ្យដឹងទៀតថា​៖ «​បន្ទាប់ពី​ទឹក​លិច​មក ឥឡូវនេះ​ក្របី​របស់ខ្ញុំ​វា​ស្គម​ជាង​មុន ព្រោះ​ខ្សត់​ស្មៅ​ឱ្យ​វា​ស៊ី​»៕