ភ្នំពេញៈ ​សង្គម​ស៊ីវិល និង​អ្នកស្ម័គ្រចិត្ត ដែល​ស្រឡាញ់​បរិស្ថាន​ប្រមាណ ៥០០​ នាក់ មាន​គម្រោង​ជួបជុំគ្នា​នៅ​ថ្ងៃទី​ ២៦ ខែសីហា ដើម្បី​សម្អាត​តាម​ដង​ទន្លេ នៅតាម​បណ្តោយ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ ដោយ​មន្ត្រី​សង្គម​ស៊ីវិល រំពឹងថា សកម្មភាព​ទាំងនេះ នឹងចូលរួម​ធ្វើឱ្យ​ទន្លេ​កម្ពុជា​គ្មាន​សំរាម​។​

កម្មវិធី​នៃ​ការជួបជុំ​សម្អាត​តាម​ដង​ទន្លេ ជាមួយ​អ្នកស្ម័គ្រចិត្ត​ប្រមាណ ៥០០​ នាក់​នេះ ​ត្រូវបាន​រៀបចំ​ដោយ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ ហើយ​បន្ទាប់ពី​បញ្ចប់​សកម្មភាព​សម្អាត​ទន្លេ អង្ក​ការ​នេះ ក៏មាន​កម្មវិធី​ចាប់ឆ្នោត​ដើម្បី​ឈ្នះ​រងា្វ​ន់​អាវយឺត ដប​ទឺ​ក និង​កាបូប​ដ៏​ស្រស់ស្អាត​សម្រាប់​អ្នកចូលរួម​ផងដែរ​។​

កញ្ញា ភាព ច័ន្ទ​ជាលី​ន ជំនួយការ​ផ្នែក​ទីផ្សារ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៃ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៥ ខែសីហា​ថា សកម្មភាព​នៃ​ការប្រមូល​សំរាម​នេះ គឺធ្វើឡើង​នៅ​ថ្ងៃទី​ ២៦ ខែសីហា ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យមាន​ការយកចិត្តទុកដាក់​ពី​បញ្ហា​សំរាម ជាពិសេស​សំរាម​ដែល​ហូរ​ចូលទៅក្នុង​ទន្លេ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​ទឹកទន្លេ ដែលជា​ប្រភពទឹក​ដ៏​សំខាន់​របស់​ពលរដ្ឋ​ទូទាំងប្រទេស​។​

កញ្ញា​បន្តថា​៖ «​ការប្រមូល​សំរាម​លើក​នេះ ក្រៅពី​ការចូលរួម​របស់​អ្នកស្ម័គ្រចិត្ត ក៏មាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ និង​វិស័យ​ឯកជន​ផងដែរ អាចមាន​អ្នកចូលរួម ប្រមាណ ៥០០​ នាក់​។ យើង​យល់ថា ការចូលរួម​សម្អាត​ទន្លេ​នេះ គឺ​ចូលរួម​លើកកម្ពស់ និង​ការទប់ស្កាត់​បញ្ហា​សំរាម ជាពិសេស​គឺ​ការបំពុល​ទឹកទន្លេ​ដោយ​ប្លា​ស្ទិ​ក​»​។​

ជាមួយគ្នានេះ​កញ្ញា ភាព ច័ន្ទ​ជាលី​ន ក៏បាន​អះអាង​ទៀតថា ចំពោះ​ការប្រមូល​សំរាម​នៅតាម​ដង​ទន្លេ​នេះ អង្គការ​សម្អាត​ទន្លេ​សមុទ្រ នឹង​បន្តធ្វើ​នៅតាម​តំបន់​ផ្សេងៗ​ជុំវិញ​ទន្លេ​កម្ពុជា​បន្តទៀត ដើម្បីឱ្យ​ប្រាកដថា ដង​ទន្លេ ឬ​ទឹកទន្លេ​កម្ពុជា គ្មាន​សំរាម​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ​។​

សកម្មភាពអ្នកស្ម័គ្រចិត្តប្រមូលសំរាម។ រូបថត RIVER OCEAN CLEANUP

សូមជម្រាបថា តាមរយៈ​សកម្មភាព​នៃ​ការប្រមូល​សំរាម​តាម​ដង​ទន្លេ របស់​អង្គការ​សម្អាត​ទន្លេ​សមុទ្រ មកដល់​បច្ចុប្បន្ន សំរាម​ប្រមាណ ៨០​ តោន ត្រូវបាន​ប្រមូល ហើយ​សំរាម​ទាំងនោះ ភាគច្រើន​ជា​ប្លា​ស្ទិ​ក ខណៈ​សំរាម​ទាំងនោះ ត្រូវបាន​ប្រមូល​យកមក​ស្តុក​ទុក​ដើម្បី​ប្រើប្រាស់​ឱ្យ​ក្លាយទៅជា​ប្រយោជន៍ និង​អាច​ប្រើប្រាស់​បាន​ឡើងវិញ ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។​

លោក នេត្រ ភ​ត្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ធ្លាប់​ថ្លែងថា នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការកាត់បន្ថយ​សំណល់​សំរាម​នៅលើ​ទីលាន​ចាក់សំរាម រាជរដ្ឋាភិបាល បានដាក់ចុះ នូវ​គោលនយោបាយ នៃ​ការលើកទឹកចិត្ត ទៅលើ​ការកែច្នៃ​ផ្សេងៗ ដើម្បី​កាត់បន្ថយ​សំណល់​សំរាម​នៅលើ​ទីលាន​។ ក្នុងនោះ ក៏មាន​ការជំរុញ​លើកទឹកចិត្ត ឱ្យមាន​ការញែក​សំរាម​ទៅតាម​ប្រភេទ​របស់​វា​ឱ្យបាន​ត្រឹមត្រូវ ហើយ​យើង​អាច​ទាញ​ផល​សេដ្ឋកិច្ច​ពី​សំរាម​វិញ​ផងដែរ​។​

បច្ចុប្បន្ន ការបញ្ចេញ​សំរាម នៅ​ទូទាំងប្រទេស​មាន​ទំហំ​ប្រមាណ​ជាង ១ ​ម៉ឺន​តោន​ ក្នុង ​១​ ថ្ងៃ ហើយ​ក្នុង ១ ​ឆ្នាំ បញ្ចេញ​ជាង ៤ ​លាន​តោន ក្នុងនោះ​ពី​ ៦៥ ទៅ​ ៦៨ ភាគរយ ជា​សំណល់​សរីរាង្គ ដែល​អាច​ច្នៃ​ជា​ជីកំប៉ុស និង​សំរាម​ជាង ២០ ភាគរយ ជា​សំណល់​ប្លា​ស្ទិ​ក ដែល​អាច​ច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន ខណៈ ១០ ភាគរយ​ជា​សំណល់​រឹង​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា​៕