ភ្នំពេញៈ ​សៀមរាបៈ​ប្រជាពលរដ្ឋ​តាំង​ទីលំនៅ​ខុសច្បាប់​ក្នុង​រមណីយដ្ឋាន​អង្គរ​សរុប​ចំនួន ៧២៧ ​គ្រួសារ នៅ​ភូមិ​ទក្សិណ​ត្បូង ភូមិ​ត្រពាំង​សេះ ដែល​ស្ម័គ្រចិត្ត​រុះរើ​ចេញពី​តំបន់​អង្គរ​បាន​ទៅ​ចូលរួម​ចាប់ឆ្នោត នៅ​សាលា​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​ ២៥ ខែសីហា ដើម្បី​យក​ទីតាំង​ថ្មី​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ចំណែក​ទីតាំង​ដី​ដែល​បាន​រុះ​រើចេញ​ជំនួស​មកវិញ​ដោយ​ការដាំ​កូនឈើ​ប្រណីត​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​ ២៥ ខែសីហា ឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​តាំង​លំនៅ​ខុសច្បាប់​ក្នុង​តំបន់​អង្គរ ៧២៧ គ្រួសារ បាន​ទៅ​ចូលរួម​ចាប់ឆ្នោត​យក​ទីតាំង​ដី​ថ្មី ដោយ​សម្តែង​ក្តីក​រី​យ​រាយ​ក្រៃលែង​។

លោក​សរសេរថា​៖ «​នៅ​សាលា​ខេត្តសៀមរាប ប្រជាពលរដ្ឋ​តាំងទី​លំនៅ​ខុសច្បាប់​ក្នុង​រមណីយដ្ឋាន​អង្គរ​សរុប​ចំនួន ៧២៧ ​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​រុះរើ និង​គ្រប់​លក្ខខណ្ឌ​ក្នុង​ការទទួល​បានការ​ទៅ​តាំង​លំនៅ​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ក្នុងនោះ ២៣៤ គ្រួសារ ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង និង ៤៩៣ គ្រួសារ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ បាន​ចូលរួម​ចាប់ឆ្នោត​យក​ដីឡូត៍​»​។​

លោកថា ទីតាំង​ដី​ដែល​ពលរដ្ឋ​បាន​រុះ​រើចេញ​មួយចំនួន បានដាក់​ដាំ​កូនឈើ​បេង និង​ធ្នង់​ជាដើម ដើម្បី​បរិស្ថាន​ក្នុង​តំបន់​ឧទ្យាន​អង្គរ​។

​ថ្លែង​បន្ទាប់​ពី​ចាប់ឆ្នោត​បាន​នៅ​ថ្ងៃទី ២៥ ខែសីហា អ្នកស្រី ហឿន ស៊ីណា ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​សេះ បាន​សម្តែង​ក្តី​រីករាយ និង​ថ្លែង​ការ​អរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​បាន​ដោះដូរ​ដីជូ​ន​ប្រជាពលរដ្ឋ​។ យ៉ាងណាក៏ដោយ អ្នកស្រី​បានលើកឡើង​ជា​សំណូមពរ​ឱ្យមាន​ការអភិវឌ្ឍតំបន់​ដី​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក មាន​ប្រ​ព័ន្ធ​ទឹក មាន​ផ្លូវ មន្ទីរពេទ្យ និង​ជាពិសេស​សាលារៀន​ដើម្បី​កុមារា​-​កុមារី ដែលជា​ទំពាំង​ស្នង​ឫ​ស្សី​បាន​សិក្សា​រៀនសូត្រ​។

អ្នកស្រី​ថ្លែងថា​៖ «​ពួកយើង​ទាំងអស់គ្នា​ក៏​សូម​អរគុណ​ដល់​សម្តេច និង​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​ដោះដូរ​ដី​ឱ្យ​ប្រជាពលរដ្ឋ​ពួកយើងខ្ញុំ ហើយក៏​សូមឱ្យ​សម្តេច​ពុក​ជួយ​ដើម្បីឱ្យ​តំបន់​អភិវឌ្ឍន៍​អាចមាន​ជា សាលារៀន ប្រព័ន្ធ​ទឹក​ប្រើប្រាស់ មាន​ផ្លូវជាតិ ផ្លូវថ្នល់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ស្រួល​ផងដែរ ហើយក៏​សូមឱ្យ​មាន​មន្ទីរពេទ្យ និង​សាលារៀន​ផងដែរ​»​។

លោក ហាយ យុង តំណាង​ក្រុមការងារ​វាស់វែង​ដី​ក្នុង​តំបន់​អង្គរ ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែសីហា​ថា គោលការណ៍​ផ្ដល់​ដី​ដំបូង​ដល់​ប្រជាពលរដ្ឋ​មាន​ចំនួន​ជាង ៧០០ ​គ្រួសារ គឺ​ពួកគាត់​បាន​ស្ម័គ្រចិត្ដ​ទទួលយក​ក្បាលដី​ទីតាំង​ថ្មី បន្ទាប់ពី​បាន​វាស់វែង​រកឃើញថា ពួកគាត់​សាងសង់​លំនៅឋាន​នៅលើ​ដី​តំបន់​អង្គរ​គ្មាន​ច្បាប់​អនុញ្ញាត ខណៈដែល​ប្រជាពលរដ្ឋ​មួយចំនួនទៀត​មិន​ព្រម​ទទួល និង​មិនទាន់​រក​ម្ចាស់​ឃើញ​ដោយ​មានតែ​ផ្ទះ​។

លោក​បាន​បន្ដថា ការផ្ដល់​ដី​ទីតាំង​ថ្មី​ដល់​ប្រជាពលរដ្ឋ​ជំ​ហាន​ដំបូង​នេះ អាច​នឹង​ចាប់ផ្ដើម​រុះរើ​លំនៅឋាន​ឱ្យ​ពួកគាត់​នៅ​ចុងឆ្នាំ​២០២២​នេះ ដោយសារ​ប្រជាពលរដ្ឋ​ខ្លះ​ជាប់​មានកូន​រៀន និង​ជួប​បញ្ហា​ផ្សេងៗ ប៉ុន្ដែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ពួកគាត់​បាន​រុះរើ​មួយចំនួន​ហើយ​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ នឹង​ឱ្យ​ពួកគាត់​ទៅពិនិត្យ​មើល​ក្បាលដី ក្រោយពី​ចាប់ឆ្នោត​រួច​បាន​ចាប់ពី ៤​ ទៅ​ ៥ ​ថ្ងៃ ខណៈ​ក្រុមការងារ​កំពុង​ឈូសឆាយ​រៀបចំ​ប្លង់ដី​ស្របច្បាប់ ដែល​ទីតាំង​ដី​ថ្មី​នេះ ស្ថិតនៅ​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ព្រមទាំង​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ដូចជា​សាលារៀន មន្ទីរពេទ្យ ទី​វត្ដ​អារាម និង​មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ផងដែរ​»​។​

​តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី​នៅ​ថ្ងៃទី​ ២៤ ខែសីហា បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២៣ ខែ សីហា ឆ្នាំ​ ២០២២ ក្រុមការងារ​បច្ចេកទេស​បាន​វាស់វែង​ក្បាលដី​បាន​ចំនួន ២០ ០៣១ ក្បាលដី ក្នុងនោះ​ក្បាលដី​មាន​សំណង់​ចំនួន ១២ ៣១៥ ក្បាលដី ក្បាលដី​គ្មាន​សំណង់​ចំនួន ៦ ៧៣៧ ក្បាលដី ក្នុង​ទំហំ​សរុប ៤០ ១១៨ ហិកតា​នៃ​ទីតាំង ទាំង ៣ ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ជាមួយគ្នា​នោះ ក្រុមការងារ​ក៏បាន​បំពេញ​សម្រង់​ព័ត៌មាន​របស់​អ្នក​សាងសង់ និង​កាន់កាប់​ដី​បាន​ចំនួន ១៧ ៣២២ គ្រួសារ​៕