
អភិបាលខេត្តព្រះសីហនុ និងមន្ត្រី ក្នុងកិច្ចប្រជុំដាក់ចេញវិធានការប្រឆាំង និងបង្រ្កាប ករណីទិញលក់ពលកម្ម ជួញដូរ និងបង្ខាំងមនុស្សខុសច្បាប់ នាថ្ងៃទី ២៤ សីហា។ រូបថត រដ្ឋបាលខេត្តព្រសីហនុ
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការចំពោះការប្រយុទ្ធប្រឆាំង និងបង្ក្រាបករណី នៃការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៤ ខែសីហា បញ្ជាក់ថា យោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី ២៤ សីហា ឆ្នាំ ២០២២ បានដាក់ចេញវិធានការ លើករណីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្ត។
សេចក្តីប្រកាសព័ត៌មានបន្តថា វិធានការ ដែលត្រូវដាក់ចេញមាន ២ ទី១ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ ការបង្ខាំង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរជាដាច់ខាត។ ទី២ ចំពោះទីតាំង ដែលជនល្មើសប្រើប្រាស់ សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំង ដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំង មនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធនឹងអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឱ្យដល់ឫសគល់ និងមេខ្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ សីហាថា ពាក់ព័ន្ធនឹងការដាក់ចេញវិធានការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់នៅខេត្តព្រះសីហនុ ដោយគ្មានការលើកលែង។ ការដាក់ចេញវិធានការនេះ ទៀតសោត ក៏បង្ហាញការពញ្ញាក់ស្មារតីដល់ជនទាំងឡាយណា ដែលមានផែនការ មានគម្រោង ឬមានការសមគំនិតពាក់ព័ន្ធបទល្មើសខាងលើ ឬបទល្មើសផ្សេងទៀត ដែលបម្រុងធ្វើសកម្មភាពនៅក្នុងខេត្តព្រះសីហនុ ឱ្យបានដឹងខ្លួន និងត្រូវដកខ្លួនចេញជាបន្ទាន់។
លោកថ្លែងថា៖ «បើជនទាំងឡាយនោះ នៅតែមានផែនការ និងធ្វើសកម្មភាព ករណីខាងលើនេះ ជនទាំងឡាយនោះ នឹងប្រឈមមុខនឹងផ្លូវច្បាប់របស់ព្រះរាជាណាចក្ររបស់យើង ដោយគ្មានការលើកលែង»។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ សីហា ថា លោកស្រីគាំទ្រចំពោះការដាក់ចេញវិធានការទាំងអស់នេះ ពីព្រោះវិធានការទាំងនេះនឹងចូលរួមពង្រឹងការអនុវត្តច្បាប់ និងការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យកាន់តែល្អប្រសើរឡើង។
លោកស្រីបន្តថា បញ្ហានេះ មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាបានរាលដាលទៅក្រៅប្រទេសថែមទៀត តាមរយៈការធ្វើអាជីវកម្មកាស៊ីណូអនឡាញ ដោយមានការភូតកុហក ជុំវិញការធ្វើការងារនៅប្រទេសកម្ពុជា ជាពិសេស នៅខេត្តព្រះសីហនុ មានប្រាក់ខែខ្ពស់ ដែលធ្វើឱ្យជនបរទេសខ្លះចាញ់បោកមេខ្យល់ជាបន្តបន្ទាប់ ។
លោកស្រីថ្លែងថា៖ «យើងជាម្ចាស់ប្រទេស មិនសូវបានដឹងរឿងហ្នឹងទេ ហើយអ្នកដែលចាញ់បោកមកខេត្តព្រះសីហនុ ឬទៅខេត្តផ្សេងនៃព្រះរាជាណាចក្រកម្ពុជា ច្រើនតែជនបរទេស។ ដោយឡែក ខ្មែរយើងដែលខ្ញុំបានជួបសួរនាំ យុវជនដែលធ្វើការនៅកាស៊ីណូ ពួកគាត់មិនសូវអីទេ»។
បើតាមលោកស្រី ជៀប សុធារី បើមានការផ្សព្វផ្សាយពីករណីនៃការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្ស ដោយខុសច្បាប់ នៅប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ។ ការពង្រឹងវិធានការរបស់រដ្ឋបាលខេត្តព្រះសីហនុនៅពេលនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តទាន់ពេលវេលាបំផុត៕