ភ្នំពេញៈ តំណាង​សហគមន៍​មកពី​ខេត្ត​ស្វាយរៀង ​និង​កំពង់ស្ពឺ ​លើកឡើងថា​ ការយល់ដឹង​ពី​បច្ចេកវិទ្យា​ឌីជីថល ​និង​របៀប​នៃ​ការសរសេរ​ព័ត៌មាន​ ធ្វើឱ្យ​អ្នកសារព័ត៌មាន​សហគមន៍ មាន​ភាពងាយស្រួល​ក្នុង​ទំនាក់ទំនង​ទៅកាន់​អ្នកសារព័ត៌មាន​អាជីព ​ខុស​កាលពី​មុន ​ដែល​អ្នកសារព័ត៌មាន​សហគមន៍ ​មាន​ការលំបាក​ខ្លាំង​ក្នុង​ការបញ្ចេញ​ព័ត៌មាន​ដោយ​ខ្វះខាត​ទាំង​ឧបករណ៍​ទំនាក់​ទំនង។

ថ្លែង​ក្នុង​កិច្ចពិភាក្សា ​១​ ក្នុង​សន្និសីទ​អ្នកសារព័ត៌មាន​សហគមន៍ ​សម័យ​ឌីជីថល ​ស្តីពី ​«បញ្ហា ​និង​ដំណោះស្រាយ​ពិត​ក្នុង​សហគមន៍»​ រៀបចំ​ដោយ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ដាយ​កូនៀ ​ថ្ងៃទី​ ២៤​ ខែសីហា ​លោក ​ស៊ឹង សុខុម ​តំណាង​សហគមន៍​ត្រពាំង​ជោ ​ខេត្ត​កំពង់ស្ពឺ ​ថ្លែងថា ​ព័ត៌មាន​ដែល​សហគមន៍​រាយការណ៍ ​ឬ​ផ្តល់​ឱ្យទៅ​អ្នកសារព័ត៌មាន ​ភាគច្រើន​ជា​ព័ត៌មាន ​ដែល​រសើប ​ហើយ​អ្នកសារព័ត៌មាន​ផ្សេងៗ​ក្រៅពី​អ្នកសារព័ត៌មាន​អាជីព​មិន​ហ៊ាន​ចុះផ្សាយ​ការពិត​ឡើយ។ លោក​ថា ​ដំបូង​ឡើយ​សហគមន៍​មាន​ការលំបាក​ខ្លាំង​ ក្នុងការ​ស្វែងរក​ និង​ទំនាក់ទំនង​ទៅ​អ្នកសារព័ត៌មាន​អាជីព ​ព្រោះ​គ្មាន​ឧបករណ៍​ទំនាក់ទំនង​គ្រប់​គ្រាន់។

​លោក​បន្តថា​ យ៉ាងណា​ក៏ដោយ ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​ការរីកចម្រើន​សម័យ​ឌីជីថល ​សហគមន៍​របស់លោក​បាន​សន្សំ​ប្រាក់​ទិញ​ទូរស័ព្ទ​ទំនើប ​ដើម្បី​ងាយស្រួល​ក្នុង​ការទាក់ទង ​និង​ផ្តល់​ព័ត៌មាន​។ ក្នុងពេល​បច្ចុប្បន្ន​ សហគមន៍​មួយចំនួន​មាន​បណ្តាញ​ទំនាក់ទំនង​ផ្ទាល់ខ្លួន ​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៀតផង។

លោក​ថ្លែងថា​៖«ឥឡូវនេះ​យើង​បានល្អ​ប្រសើរ​ច្រើន ​ទី​១​ សហគមន៍​បានទទួល​ការបណ្តុះបណ្តាល​ពី​របៀប​ផ្តល់​ព័ត៌មាន ​និង​បាន​ចេះ​ខ្លះៗ ​ពី​របៀប​សរសេរ​ព័ត៌មាន ​ដើម្បី​ចែករំលែក​ទៅ​អ្នកសារព័ត៌មាន​អាជីព​ ងាយ​ទទួលបាន​ងាយ​យល់​សាច់រឿង​យើង​អ៊ីចឹង​ទៅ»។

អ្នកស្រី ​ខៀវ សារ៉ុន​ តំណាង​សហគមន៍​សាមគ្គី​រមាស​ហែក ​នៅ​ខេត្ត​ស្វាយរៀង ​ថ្លែងថា ​នៅមុន​ឆ្នាំ​ ២០១០ ​សហគមន៍​ពិតជា​មានការ​លំបាក​ខ្លាំង​ក្នុង​ទំនាក់​ទំនង ​និង​ផ្តល់​ព័ត៌មាន​ពិតទៅ​អ្នកសារព័ត៌មាន​អាជីព​។ នេះ​ដោយសារតែ​គ្មាន​ទូរស័ព្ទ​ទំនើប​ប្រើ​សម្រាប់​បង្ហោះ​ព័ត៌មាន ​និង​មិនមាន​អ្វីមួយ​ដែល​អាច​បញ្ជាក់ ​និង​រាយការណ៍​បាន​ថា ​ប្រជា​សហគមន៍​កំពុងស្ថិត​ក្នុង​ហេតុការណ៍​ណាមួយ​ឡើយ ​ជាពិសេស​គឺ​ពេល​បញ្ហា​កំពុង​កើត​ឡើង។​

​អ្នកស្រី​បន្តថា​ ខុសពី​មុន ​ក្នុងពេល​បច្ចុប្បន្ន ​អ្នកសារព័ត៌មាន​សហគមន៍ ​មាន​ឧបករណ៍​ទំនាក់ទំនង​គ្រប់គ្រាន់ ​តាមរយៈ​ទូរស័ព្ទ​ទំនើប ​ដែល​អាច​ផ្ញើ​សារបាន​ទាំង​សំឡេង ​និង​រូបភាព ​ក៏ដូចជា​ខ្លឹមសារ ​ដើម្បី​ផ្សព្វផ្សាយ​ចេញ​ឱ្យ​សាធារណជន​បានដឹង​។ ជាមួយគ្នា​នោះ​ការទទួលបាន​ការអប់រំ ​អំពី​ការសរសេរ​ព័ត៌មាន​មួយចំនួន​ទៀត ​កាន់​តែ​មាន​ភាពងាយស្រួល​ក្នុងការ​បញ្ចេញ​ខ្លឹមសារ​សំខាន់ៗ​ទៅ​អ្នកសារព័ត៌មាន​អាជីព។​

អ្នកស្រី ​កាន់ វិច្ឆិកា ​អ្នកសារព័ត៌មាន​ឯករាជ្យថ្លែងថា ​ព័ត៌មាន ​បញ្ហា​ផ្សេងៗ​របស់​សហគមន៍ ​មាន​សារៈសំខាន់ ​សម្រាប់​អ្នកសារព័ត៌មាន​អាជីព​ក្នុងការ​ចេញផ្សាយ ​ប៉ុន្តែ​អ្នកសារព័ត៌មាន ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ចុះទៅ​សម្ភាស​គ្រប់​សហគមន៍​នោះ​ទេ​។ ហេតុនេះ ​ការបញ្ចេញ​សារ​តាមរយៈ​បណ្តាញ​សង្គម ​ជាពិសេស​ហ្វេស​ប៊ុក​ដែល​កំពុងមាន​អ្នកប្រើប្រាស់​ច្រើន​ គឺជា​ចំណុច​មួយ​សម្រួល​ដល់​អ្នក​សារព័ត៌មាន​អាជីព ​អាច​ឆាប់​ដឹង​ពី​រឿងរ៉ាវ ​ដែល​កើត​ឡើង​បាន។

​អ្នកស្រី​ថ្លែងថា​៖ «នៅពេល​ដែល​សហគមន៍​ ឬ​ប្រជាពលរដ្ឋ ​កសិករ ​ឬ​សកម្មជន​អី​ផ្សេងៗ​ ពួកគាត់​មាន​បញ្ហា ​ឬ​កំពុងតែ​កើតមាន​បញ្ហា​ណាមួយ​ក្នុង​សហគមន៍​ពួកគាត់ ​ហើយ​ពួកគាត់​បង្ហោះ​លើ​បណ្តាញ​សង្គម ​ជាពិសេស​ហ្វេស​ប៊ុក​ហ្នឹង​ គឺ​ងាយស្រួល​ធ្វើឱ្យ​អ្នកសារព័ត៌មាន​ទទួលបាន​ព័ត៌មាន ​ហើយ​ពួកគាត់​[មាន]ទំនាក់ទំនង​បន្ថែមទៀត​ពាក់ព័ន្ធ​រឿង​ដែល​កើតឡើង»​។

​បើតាម​អ្នកស្រី​ កាន់ វិច្ឆិកា ​ដើម្បីឱ្យ​អ្នកសារព័ត៌មាន​កាន់តែ​ងាយស្រួល​ធ្វើ​ទំនាក់ទំនង​ទៅ​សហគមន៍ គឺ​នៅពេល​បង្ហោះ​សារ ​ឬមួយ​ការផូស្ត​ណាមួយ​ដែល​សហគមន៍​បង្ហោះ​នោះ​អាច​ដាក់​បញ្ចូល​លេខ​ទូរស័ព្ទ ​ជាមួយ​ទីតាំង​ជាក់លាក់ ​បន្ថែម​កាន់តែ​ប្រសើរ។​

លោក​ ញឹម សុខន​ អ្នកសារព័ត៌មាន​វីអូឌី ​ថ្លែង​ក្នុង​កិច្ចពិភាក្សា​នៃ​សន្និសីទ​នោះ​ថា ​ទំនាក់​ទំនង​រវាង​អ្នកសារព័ត៌មាន​សហគមន៍ ​និង​អ្នកសារព័ត៌មាន​អាជីព​ក្នុងពេល​បច្ចុប្បន្ន ​មាន​ភាពងាយស្រួល​ច្រើន​។ ក្នុង​នោះគេ​សង្កេត​ឃើញថា ​ស្ថាប័ន​សារព័ត៌មាន​តែងមាន​គេហទំព័រ​ ដែល​នៅលើ​នោះ​មាន​លេខ​ទូរស័ព្ទ ​Hot Line ​ដែល​អំណោយផល​ដល់​ប្រជាពលរដ្ឋ​សហគមន៍​អាច​ស្វែងរក​ ដើម្បី​ធ្វើ​ទំនាក់ទំនង​បាន​។ ករណី​ទាក់ទង​មិនបាន​ក៏​នៅមាន​បណ្តាញ​សង្គម ​ដែល​អាច​ធ្វើការ​ផ្ញើ​សារបាន​ផងដែរ។​

​លោក​ថ្លែងថា​៖ «ឥឡូវ​យើង​មាន​ប្រព័ន្ធ​តេ​ឡេ​ក្រាម ​យើង​មាន​ហ្វេស​ប៊ុក ​យើង​មាន​ស្អីៗ​ផ្សេងទៀត​ក្នុង​ការទាក់ទង​គ្នា ​យើង​អាច​ឆាត។ ឧទាហរណ៍​ថា​ ស្អែក​យើង​ណាត់គ្នា​នៅ​កន្លែង​នេះ ​ឬ​កន្លែង​នោះ ​ហើយ​នៅពេល​ដែល​យើង​មាន​បញ្ហា​នៅក្នុង​សហគមន៍ ​យើង​អាច​ឡាយ​ផ្ទាល់​ដែល​អាហ្នឹង​មកដល់​ព័ត៌មាន​អាជីព។ អ៊ីចឹង​ព័ត៌មាន​អាជីព​គេ​មើលឃើញ​គេ​ទាក់ទង​យើង​ភ្លាម»។

លោក ​ញឹម សុខន ​លើកឡើង​ផងដែរ​ថា ​ការផ្សព្វផ្សាយ​ដោយ​ចងក្រង​ជា​សៀវភៅ ​ដែលមាន​លេខ​ទូរស័ព្ទ ​របស់​តំណាង​សហគមន៍ ​គឺជា​ភាពងាយស្រួល​បន្ថែមទៀត ​សម្រាប់​អ្នកសារព័ត៌មាន​អាជីព ​អាច​ងាយស្រួល​ស្វែងរក​ទំនាក់ទំនង​សួរ​ព័ត៌មាន ​នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​ក្នុង​សហគមន៍​មូលដ្ឋាន​ប្រជាពលរដ្ឋ​៕