ភ្នំពេញៈ កម្ពុជា និង​តួ​ក​គី​ បាន​ប្តេជ្ញា​នឹង​ទាញយក​សក្ដានុពលពីគ្នា​ទៅវិញទៅ​មក​ ​ ខណៈ​​ប្រទេស​ទាំង ​២ នៅ​មាន​សក្ដានុពល​ច្រើន​សម្រាប់ធ្វើ​កិច្ចសហ​ប្រតិ​បត្តិការ​តាមរយៈ​កិច្ចព្រម​ព្រៀង​មួយចំនួន​ដែល​បាន​ចុះហត្ថលេខា​កន្លងមក។

ការប្តេជ្ញា​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​តួ​ក​គី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២៥ ខែសីហា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

លោក អ៊ាង សុ​ផល្លែត ជំនួយការ​លោក ហ៊ុន សែន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នេះ​ថា ​បេសកកម្ម​របស់លោក​ស្រី​ Ulku Kocaefe នៅ​កម្ពុជា​ គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ​និង​មិត្តភាព​រវាង​ប្រទេស​ទាំង២ ដោយ​ក្នុងនោះ​ការិយាល័យ​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​តួ​ក​គី​នឹង​បើក​ឡើង​ដើម្បី​ជំរុញ​កិច្ចសហប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ​ទាំង​ទ្វេភាគី ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ក្នុង​ក្របខ័ណ្ឌ​ពិភព​លោក។

លោក អ៊ាង សុផ​ល្លែត បញ្ជាក់ថា៖ «លោកជំទាវ Ulku Kocaefe បាន​បន្តថា ប្រទេស​យើង​ទាំង​ ២ នៅមាន​សក្ដានុពល​ច្រើន​សម្រាប់ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កិច្ចព្រម​ព្រៀង​មួយ​ចំនួន ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ។ លោកជំទាវ​នឹង​ទាញយក​សក្ដានុ​ពល​ទាំងនោះ​ជាមួយនឹង​កិច្ចព្រម​ព្រៀង​ដែល​បាន​ចុះហត្ថ​លេខា​ហើយ ជា​មូលដ្ឋាន​ដើម្បី​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២។ សម្ដេច​តេ​ជោ​ បាន​យល់​ស្រប​ជាមួយ​លោក​ជំទាវ​ដែលថា​ប្រទេស​យើង​ទាំង​ ២ នៅមាន​សក្ដានុពល​ជាច្រើន សម្រាប់​ពង្រីក និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ»។

លោក ហ៊ុន សែន បាន​ស្វាគមន៍​ការិយា​ល័យ​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​តួ​ក​គី ហើយ​សង្ឃឹមថា ការិយា​ល័យ​ពាណិជ្ជ​កម្មនេះ ​នឹងធ្វើ​ការសិក្សា​ស្វែង​យល់​រាល់​កិច្ចសហ​ប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​វិនិយោគ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហ​ប្រតិ​បត្តិការ​លើ​វិស័យ​ដទៃ​ទៀត។

លោក ហ៊ុន សែន បាន​អបអរ​សាទរ​លោកស្រី​ Ulku Kocaefe ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា។

លោក ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ថ្លែងថា​ ទំនាក់​ទំនងផ្លូវការ​រវាង​ប្រទេស​កម្ពុជា​និង​តួ​ក​គី​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ១៩៥៩។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ បាន​និង​កំពុង​ពង្រីក​បន្ថែមទៀត​ជាពិសេស​វិស័យ​វាយ​ន​ភណ្ឌ កសិកម្ម ទេសចរណ៍ និង​វប្បធម៌​ដែលជា​កត្តា​ជំរុញ​ឱ្យមាន​ការ​ចែក​រំលែក​ចំណេះដឹង​និង​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង ២។

លោកថ្លែង​ថា៖ «ការលើក​កម្ពស់​វិស័យសេដ្ឋកិច្ច​ និង​ជំរុញ​សកម្មភាព​ធុរកិច្ច​នៅតែ​ជា​កត្តា​ចម្បង​ដើម្បី​ឱ្យមាន​កំណើន​វិនិយោគ​បន្ថែមទៀត​ ពី​ប្រទេស​តួ​ក​គី ខណៈពេលដែល​ក្រុមហ៊ុន​តួ​ក​គី​នៅ​កម្ពុ​ជាមាន​ចំនួន​តិចតួច​នៅឡើយ។ បន្ថែម​ពីនេះ​ទៅទៀត​ កម្ពុជា​ក៏មាន​ជំនឿ​ចិត្ត​និង​គាំទ្រ​តួ​ក​គី​ក្នុងតួនាទី​ជា​អ្នកសម្របសម្រួល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយ​សង្ឃឹមថា​ តួ​ក​គី​នឹង​អាច​សម្រេច​តួនាទី​របស់ខ្លួន​ និង​ធ្វើឱ្យ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មានការ​ថមថយ​ជាង​មុន និង​ឈានទៅដល់​ការ​ចរចា​សន្តិភាពរ​វាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន»។

លោក Mevlüt Çavuşoğlu រដ្ឋមន្ត្រី​ការបរទេស​តួ​គី និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរ​ទេស​កម្ពុជា ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី កាលពី​ខែកុម្ភៈ​បាន​ឯកភាពគ្នា​បន្ត​លើក​កម្ពស់​កិច្ចសហ​ប្រតិបត្តិការ​កម្រិត​សភា​បន្ថែម​ទៀត តាម​រយៈ​ការចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការយោគ​យល់​គ្នា​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​ស​ភា។

កាលពី​ឆ្នាំ ២០១៩ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី និង​បាន​ចុះហត្ថ​លេខា​ជាមួយ​ភាគី​តួ​ក​គី​ លើ​កិច្ចព្រម​ព្រៀង​ស្តីពី​កិច្ច​សហប្រតិ​បត្តិការ​លើ​វិស័យ​សន្តិសុខ និង​ការ​លើកកម្ពស់​នៃ​ទំនាក់ទំនង​ទ្វេភាគី​ប្រឆាំងនឹង​អំពើ​ភេរវកម្ម។

កាលពី​ឆ្នាំ ២០១៨ លោក ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី និង​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រម​ព្រៀង​មួយ​ចំនួន ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ២៕