
ក្រុមសាយរត់ដើម្បីសប្បុរសធម៌នៅខេត្តសៀមរាបកាលពីឆ្នាំ២០២១។ រូបថត Sai page
ភ្នំពេញៈ លោក អ៊ួន បឋម ហៅសាយ ដែលជាសិល្បករមានឥទ្ធិពលលើបណ្តាញសង្គម នឹងរៀបចំកម្មវិធីសប្បុរសធម៌ជាថ្មីតាមរយៈគម្រោង “Run With SIA” ដោយរត់ពីភ្នំពេញទៅខេត្តសៀមរាបរយៈពេល ៩ ថ្ងៃ នៅខែតុលាខាងមុខ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងកូវីដ ១៩។
លោក អ៊ួន បឋម ដែលជាអ្នកផ្តួចផ្តើមគម្រោង “Run With SIA” ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជំងឺកូវីដ ១៩ ពិតជាបានធូរស្បើយមែន ប៉ុន្តែក្រុមហ៊ុនធំៗ ឬសណ្ឋាគារក្នុងខេត្តសៀមរាប ដែលធ្លាប់បរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរ មិនទាន់បានដំណើរការជាប្រក្រតីឡើងវិញ ធ្វើឱ្យសេដ្ឋកិច្ចមិនទាន់អាចត្រឡប់មកដូចដើម ១០០ ភាគរយទេ។ ដូច្នេះការបរិច្ចាគទៅកាន់មន្ទីរពេទ្យក៏មានការខ្វះខាត ទើបធ្វើឱ្យលោកសម្រេចធ្វើកម្មវិធីរត់នេះម្តងទៀត បន្ទាប់ពីបានពិភាក្សាជាមួយភាគីមន្ទីរពេទ្យរួចហើយ។
លោកបន្តថា ដូច្នេះលោកនឹងរៀបចំកម្មវិធីសប្បុរសធម៌ ដើម្បីកុមារកម្ពុជាម្ដងទៀត ដែលនឹងធ្វើការរត់ពី ភ្នំពេញទៅសៀមរាប រយៈចម្ងាយប្រហែល ៣០៣ គីឡូម៉ែត្រ ដែលនឹងប្រើពេលប្រហែល ៩ ថ្ងៃ ដើម្បីធ្វើការរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។
លោក សាយ បន្តថា ការរត់នេះគឺស្រដៀងគ្នាជាមួយនឹងការរត់កាលពីលើកមុនដែរ គឺ ១ ថ្ងៃរត់ប្រហែល ៤០ ទៅ ៥០ គីឡូម៉ែត្រ ហើយក្នុង ១ ថ្ងៃបែងចែកជាពីរវេន រត់ពេលព្រឹកជាង ២០ គីឡូ និងវេនល្ងាចជាង ២០ គីឡូ ហើយការស្នាក់នៅសុំផ្ទះអ្នកភូមិ ឬវត្តអារ៉ាម សម្រាប់ស្នាក់នៅ។
លោកបន្ថែមថា បេសកកម្មនេះ នឹងចាប់ផ្តើមធ្វើនៅក្នុងខែតុលាខាងមុខ ប៉ុន្តែមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយទេ ខណៈក្រុមការងារកំពុងធ្វើលិខិតសុំច្បាប់ និងកំពុងរកថ្ងៃណាដែលមានអ្នកចូលរួមច្រើន។
លោករំពឹងថា សកម្មភាពលើកនេះ នឹងអាចមានអ្នកចូលរួមប្រហែលពាក់កណ្តាល នៃលើកមុន ដោយសារ លើកនេះធ្វើរយៈពេលខ្លីជាងមុន។ លោកសាយ បានអំពាវនាវដល់សប្បុរសជនឱ្យមានការ ចូលរួមច្រើនកុះករ។
លោកថា៖ «ប៉ុន្តែអ្វីដែលសំខាន់ទី១ ចង់ផ្ញើសារទៅកាន់មហាជនថា មន្ទីរពេទ្យកុមារអង្គរនៅតែមានការខ្វះខាតក្នុងការដំណើរការមន្ទីរពេទ្យ ទី២ ខាងមន្ទីរពេទ្យគាត់បានបង្កើតនូវប្រព័ន្ធបរិច្ចាគថ្មី ដែលយើងអាចបរិច្ចាគជាប្រចាំ ១ទៅ ២ ដុល្លារប្រចាំខែ ឬ ១០ ទៅ ២០ ដុល្លារ ប្រចាំឆ្នាំ។ យើងចង់លើកទឹកចិត្តដល់មហាជនឱ្យគាត់ធ្វើការបរិច្ចាគជាប្រចាំ ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យឱ្យមានស្ថិរភាពទៅថ្ងៃអនាគត»។
លោកបន្តទៀតថា តាមរយៈសកម្មភាពនេះ ក្រុមការងារក៏អំពាវនាវឱ្យមហាជនចូលរួមលេងកីឡាដើម្បីសុខភាព និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ផងដែរ។ លោកថា៖ «ចង់ឱ្យគាត់លេងកីឡាស្របគ្នាជាមួយប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលចង់ឱ្យប្រជាជនម្នាក់លេងកីឡាមួយប្រចាំខ្លួន ហើយតាមផ្លូវនោះយើងព្យាយាមផ្សព្វផ្សាយឱ្យមហាជនបាន ដឹងឮថា នៅប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខ»។
លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិ មន្ទីរពេទ្យកុមារអង្គរថ្លែងថា មន្ទីរពេទ្យកុមារអង្គរ គាំទ្រទាំងស្រុងកម្មវិធីរៃអង្គាសរបស់សាយ ព្រោះថា ថវិកាដែលទទួលបានពីកម្មវិធី គឺជាចំណែកដ៏សំខាន់ជួយដល់ការព្យាបាល ថែទាំកុមារដែលមកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ជាមួយគ្នានេះដែរ លោកស្រីអំពាវនាវ ដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាស្ថាប័ន និងក្រុមហ៊ុន មេត្តាចូលរួមជាមួយកម្មវិធីនេះ ឱ្យបានច្រើនកុះករ។ លោកស្រីថា៖ «ថវិកាដែលទទួលបានពីការរៃអង្គាស ទាំងក្នុងនិងក្រៅប្រទេស បាននិងកំពុងយកទៅប្រើប្រាស់ទៅលើដំណើរការប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរ ដូចជាការពិនិត្យ ថែទាំជំងឺទូទៅ ឯកទេសកុមារនៅក្នុងមន្ទីរពេទ្យដែលកំពុងត្រូវការការព្យាបាល ការពង្រឹងប្រព័ន្ធថែទាំសុខភាព និងសម្រាប់ការស្រាវជ្រាវ ការបណ្តុះបណ្តាលអប់រំទៅលើបុគ្គលិកវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត្រ បណ្តុះបណ្តាលនិស្សិតវេជ្ជសាស្ត្រ និងកម្មវិធីសុខភាពនៅក្នុងសហគមន៍ និងការចំណាយផ្សេងៗទៀត»។
លោកស្រី ឱ្យដឹងថា ក្នុងឆ្នាំ ២០២១ មន្ទីរពេទ្យបានទទួលមូលនិធិជាង ៥ លានដុល្លារ ដែលបានមកពី មូលនិធិអន្តរជាតិ និងស្ថាប័ននានា ការរៃអង្គាសក្នុងស្រុក សប្បុរសជនទូទៅ ការរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងជំនួយពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកស្រីបន្តទៀតថា មន្ទីរពេទ្យកុមារអង្គរ នៅតែទទួលការព្យាបាល កុមារប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាកុរណា និងឥតគិតកម្រៃដដែល ខណៈក្នុងឆ្នាំ ២០២១ មានអ្នកជំងឺប្រមាណ ៦ម៉ឺនករណីបានមកពិនិត្យ ព្យាបាល និងថែទាំ លើផ្នែកពិគ្រោះជំងឺក្រៅ សម្រាកព្យាបាល ជំងឺធ្ងន់ធ្ងរ ភ្នែក មាត់ធ្មេញ ជំងឺទារក ជំងឺមហារីក និងជំងឺផ្សេងៗទៀតជាច្រើន។
បើតាមលោក សាយ កម្មវិធីសប្បុរសធម៌ “Run With SAI”លើកមុន រៃអង្គាសថវិកាពីមហាជនបានជិត ៥០ ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ។"Run With SAI" គឺជាឈ្មោះបេសកកម្មមនុស្សធម៌ មួយដែលផ្ដួចផ្ដើមឡើងដោយលោក អ៊ួន បឋម ហៅសាយ។ កាលពីឆ្នាំ ២០២០ សាយ បានប្រើពេល៩៩ថ្ងៃ ដើម្បីរត់ស្ទើរជុំវិញប្រទេស ដោយឆ្លងកាត់ ២២ ខេត្ត-ក្រុង ក្នុងរយៈចម្ងាយប្រមាណ ២ ៣០០ គីឡូម៉ែត្រ ក្នុងគោលបំណងរៃអង្គាសប្រាក់ និងបំផុសសកម្មភាពមនុស្សធម៌ដល់យុវវ័យ៕