
លោកអ៊ិត សំហេង ក្នុងជំនួបជាមួយលោក JAEKAP LEE កាលពីថ្ងៃទី២៥សីហា។ រូបថត ក្រសួងការងារ
ភ្នំពេញៈ សាធារណរដ្ឋកូរ៉េសន្យានឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារឱ្យអាចវិលចូលបម្រើការងារិញ។
ការសន្យាបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២។
នាឱកាសនោះលោក អ៊ិត សំហេង បានអបអរសាទរ ចំពោះវត្តមានរបស់លោក JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច និងបានជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិសម្បទាដល់កម្មករនិយោជិតរបស់កម្ពុជាដែលជួបនឹងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។
លោកសង្ឃឹមថា៖ «តាមរយៈបទពិសោធការងារជាអតីតរដ្ឋមន្ត្រីក្រសួង ការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ នឹងបានចែករំលែកបទពិសោធការងារជួយមកដល់កម្ពុជា ឱ្យវិស័យមួយនេះទទួលបាននូវលទ្ធផលល្អ»។
លោកបានប្រាប់ទៅភាគីកូរ៉េថា ពាក់ព័ន្ធនឹងកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជាពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺមានទំនាក់ទំនងល្អប្រសើរ បន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅសាធារណរដ្ឋកូរ៉េ ធ្វើឱ្យទំនាក់ទំនងប្រទេសទាំង ២ ក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងពាណិជ្ជកម្មសេរីដោយ បានផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។
លោកថា ចំណែកលំហូរនៃអ្នកវិនិយោគកូរ៉េចូលមកកាន់កម្ពុជា មានការកើនឡើងជាលំដាប់ ដោយបានធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យ។
លោក អ៊ិត សំហេង បានគូសបញ្ជាក់ថា៖ «ចំពោះទំនាក់ទំនងលើវិស័យការងារវិញ ពលករកម្ពុជាដែលកំពុងបម្រើការងារ នៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង ៥ ម៉ឺននាក់ ទទួលបាននូវចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធការងារ រហូតក្លាយជាសហគ្រិនភាពដ៏ចំណាន»។
លោក JAEKAP LEE បានថ្លែងថា ពាក់ព័ន្ធបទពិសោធលើកិច្ចការងារស្តារនីតិសម្បទារបស់កម្មករនិយោជិតដែលទទួលរងនូវគ្រោះថ្នាក់ការងារនេះ លោកធ្លាប់បានចូលរួមចងក្រងជាគោលនយោបាយសម្រាប់គាំពារកម្មករនិយោជិតកូរ៉េ ដែលទទួលរងគ្រោះថ្នាក់នៅកន្លែងការងារ និងស្តារនីតិសម្បទាជូនពួកគាត់អាចវិលត្រឡប់ទៅធ្វើការដូចដើមវិញបាន។
លោកគូសបញ្ជាក់ថា៖ «ក្រុមការងារខ្ញុំ នឹងជួយក្រុមការងារកម្ពុជាលើផ្នែកនេះ ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ»។
លោកសង្ឃឹមថា ការជួយជ្រោមជ្រែងរបស់ក្រសួងការងារ នឹងធ្វើឱ្យដំណើរការអនុវត្តនូវគម្រោង លើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិតនឹងទទួលបានជោគជ័យ។
នាជំនួបនោះដែរលោក JAEKAP LEE ក៏បានសម្តែងការភ្ញាក់ផ្អើល ដោយសារឃើញមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា នាពេលបច្ចុប្បន្នបើប្រៀបធៀបទៅនឹងកាលពី២០ឆ្នាំមុន។
កូរ៉េ គឺជាប្រទេសមួយ មានបទពិសោធច្រើន ទំាងគោលនយោបាយ យន្តការ និងសេវាសម្បូរបែប លើការគ្រប់គ្រង និងដោះសា្រយបញ្ហាគ្រោះថ្នាក់ការងារជូនដល់កម្មករនិយោជិតរបស់ខ្លួន និងបានចែករំលែកបទពិសោធទាំងនេះ មកខាង បសស យកទៅអនុវត្តឱ្យទទួលបានជោគជ័យបន្ថែមទៀតផងដែរ។
បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍរបបសន្តិសុខសង្គមបានចំនួន ៣ រួមមាន ទី១ ផ្នែកហានិភ័យការងារ អនុវត្តនៅឆ្នាំ ២០០៨ ទី២ ផ្នែកថែទាំសុខភាព អនុវត្តនៅឆ្នាំ ២០១៦ និងទី៣ ផ្នែកប្រាក់សោធន ទើបប្រកាសដាក់ឱ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ ២០២២៕