ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ សូមកុំ​លង់​នឹង​ការ​ឃោសនា​បែប​អបិយ​ជំនឿ។​ ​

ការអំពាវនាវ​នេះ ក្រោយពី​ពលករ​ទាំង​នោះ ជឿ​តាម និង ដង្ហោយ​ហៅ​របស់ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ (LDP) ។​

​លោក ខឹម វាសនា បាន​ផ្សព្វផ្សាយ​ថា មនុស្ស​ក្នុង​លោក​ងាប់​ស្ងាត់​លោក​នេះ​ក្នុង​ព្រឹត្តិការណ៍​ទឹក​លិច​លោក​នេះ ហើយ​មាន​តែ​ខេត្ត​សៀមរាប​ទេ ជា​កន្លែង​ដែល​មាន​សុវត្ថិភាព។​

​ជាមួយគ្នា លោក ខឹម វាសនា បាន​ចាត់ទុក​ខ្លួន​ឯក​ថា ជា​ព្រហ្ម​រក្សា​លោក ជា​អ្នក​បង្រៀន​មេរៀន​ព្រះធម៌​របស់​ព្រះពុទ្ធ និង​ត្រៀម​សម្រេច​ឈាន ដើម្បី​ជួយ​មនុស្ស​នៅ​ក្នុង​លោក​ទាំងមូល។

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​បញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​ថា ការ​បោះ​បង់ចោល​ការងារ ហើយ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទាំង​តក់ក្រហល់​គឺ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ពលករ​ខ្មែរ​យើង ដែល​តែងតែ​ទទួល​បាន​ការ​គោរព ស្រឡាញ់ និង​ចូលចិត្ត​ពី​និយោជក​កូរ៉េ។​

​លោក​បន្តថា ការបោះបង់ចោល​ការងា​រ​នៅ​កូរ៉េ ដែល​មនុស្ស​ជាច្រើន​ចង់ទៅ គឺជា​ការ​បោះ​បង់ចោល​ប្រភព​ចំណូល​ដ៏ធំ​សម្រាប់​ទ្រទ្រង់​ឪពុកម្តាយ និង​បងប្អូន​របស់ខ្លួន​។ បងប្អូន​ធ្វើបែប​នេះ​គឺ​មិនអាច​វិល​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​បាន​ឡើយ នៅ​ពេល​ដែល​បងប្អូន​ភ្ញាក់ខ្លួន​ហើយ​ចង់ទៅ​ម្តងទៀត។​

​លោក​ថ្លែងថា​៖ «​សូម​បងប្អូន​ជឿថា ប្រសិនជា​ពិភពលោក​នេះ​នឹង​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​កើត​ទៅ​ជា​ទឹកជំនន់​លិចលង់​គ្រប់​ប្រទេស​ដូច​បុគ្គល​ម្នាក់​នោះ​និយាយ​មែន​នោះ អ្នកវិទ្យាសាស្ត្រ​គេ​ប្រកាស​អាសន្ន​ទូទាំង​ពិភពលោក​ហើយ​។ ហើយ​បើ​លិចលង់​ពិភពលោក​មែន វា​មិន​ដែល​នៅ​សល់​តែ​ដីចម្ការ​របស់​បុគ្គល​នោះទេ វា​ប្រាកដ​ជា​លិច​ទាំងអស់»។​

​លោក ហេង សួរ បញ្ជាក់ថា​តាម​ទិន្នន័យ​ព្យាករណ៍​អាកាសធាតុ​ដោយ​បណ្តាញ​ព័ត៌មាន​កូរ៉េ និង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ធំៗ ក៏ដូចជា​ស្ថាប័ន​តាមដាន​ការ​ប្រែប្រួល​បរិស្ថាន​អន្តរជាតិ​គឺ​មិនមាន​ទិន្នន័យ​ណាមួយ​បង្ហាញ​សញ្ញា​ថា​នឹង​មាន​គ្រោះធម្មជាតិ​នៅ​ក្នុង​ខែ​សីហា​នេះ និង​ខែកញ្ញា​នោះឡើយ។​

​បើតាម លោក ហេង សួរ បងប្អូន​មានបាន​ដឹង​ទេ​ថា​បងប្អូន​បាន​ទៅ​ដល់​ប្រទេស​កូរ៉េ គឺ​ដោយសារ​ជិះ​យន្តហោះ មិនមែន​ដោយសារ​ដើរ​លើ​ខ្នង​របស់​ព្រះព្រហ្ម ឬ​ជ្រែក​តាម​ឆ្អឹង​ជំនីរ​របស់​បុគ្គល​នោះទេ​។ ហេតុដូច្នេះ​សូម​បងប្អូន​តាំង​ស្មារតី យក​វិទ្យាសាស្ត្រ​ជា​គោល ហើយ​យក​អនាគត​របស់ខ្លួន គ្រួសារ​ខ្លួន និង​សង្គមជាតិ​ខ្លួន​ជាធំ​វិញ៕