
កំពង់ឆ្នាំងៈ ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ២ ជាន់ប្រភេទ (DBST) ១ ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ ០៨៥ ម៉ែត្រ ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទថ្លែងនៅក្នុងពិធិបើការដ្ឋានកាលពីថ្ងៃទី ២៥ ខែសីហាថា នៅលើកំណាត់ផ្លូវនេះស្ថាបនាលូប្រអប់ ៣ កន្លែង លូមូលកាត់ទទឹងផ្លូវ ២៧ កន្លែង លូមូលកាត់ផ្លូវបំបែក ២៧ កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ ៧៨ កន្លែង មានគំនូសតាមអ័ក្សផ្លូវ គំនូសឆ្លងកាត់ ១ កន្លែង នឹងស្ថាបនារយៈពេល ១២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២៣ ដោយទទួលសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD , Import Export Transportation and Construction ក្នុងទឹកប្រាក់ចំនួន ១ ៥៥១ ០៦៣,២៨ ដុល្លារអាមេរិក។
លោកបន្តទៀតថា នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ផ្ដល់ឱកាសឱ្យមានលក្ខណពិសេសខុសប្លែកពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឱ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទឱ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននិងកំពុងងើបពីវិបត្តិជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូនជនបទ ប្រៀបដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជននៅជនបទ»៕