
ភ្នំពេញៈ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក នៃសភាប្រជាជនចិនទូទាំងប្រទេស និងសភានៃកម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងនាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ រវាង លោក ជាម យៀប អនុប្រធានទី ១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធអនឡាញ។
ជំនួបទ្វេភាគីធ្វើឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក នៃសភាប្រជាជនចិនទូទាំងប្រទេស និងសភានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត ស្ថិតស្ថេរយូរអង្វែង ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័នសភាទាំង ២ ចំពោះបញ្ហាតំបន់និងអន្តរជាតិ៕