ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ឱ្យ​ដឹងថា រយៈពេល​ជាង​ ២ ​ឆ្នាំ ក្រសួង​ចំណាយ​ថវិការដ្ឋ​អស់​ជាង​ ៣ ​ពាន់​ប៊ីលាន​រៀល​ ​ឬ​ស្មើនឹង ៧៧៥,១១ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ការបើក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​កូវីដ​ ១៩​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ចុះ​ថ្ងៃទី​ ២៤ ​សីហា បាន​ឱ្យដឹងថា សរុប​ការចំណាយ​លើ​ការអនុវត្ត​កម្មវិធី​ចាប់ពី​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ២៤ ខែសីហា ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ ២៦ ​លើក រដ្ឋ​បាន​ចំណាយ​អស់​ថវិកា​ចំនួន ៣ ១០០ ៤២៧ ៣២៧ ០០០​រៀល ឬ​ស្មើនឹង​ ៧៧៥,១១ ​លាន​ដុល្លារ​អាមេរិក​។

ក្រៅពីនេះ ក្រសួង​ក៏បាន​ប្រកាស​ដែរ​ថា សម្រាប់​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​ ១០ ​លើក​ទី​ ២ ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ ​ខែសីហា ឆ្នាំ​ ២០២២ រហូតដល់​ថ្ងៃទី​ ២៤ ​ខែកញ្ញា ឆ្នាំ ​២០២២ ​ដែលមាន​រយៈពេល​ ៣០ ​ថ្ងៃ​។ ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង​ ២៦ លើក​រួចហើយ​សូម​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅ​តាម​បញ្ជរ​វឹង​ដោយ​មិន​តម្រូវ​ឱ្យទៅ​សាលាឃុំ សង្កាត់​សាជាថ្មី​ទេ​។

បន្ថែម​ពីនេះ ក្រសួង​ក៏បាន​ណែនាំ​ដែរ​ថា​៖ «​ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​​មាន​បណ្ណ​សមធម៌​មាន​សុពលភាព​ហើយ​មិនទាន់​បាន​ផ្ទៀងផ្ទាត់​ទាំង​ ១០ ​ជុំ ​(២៦ ​លើក​) ​និង​គ្រួសារ​ក្រីក្រ​ដែល​ទើប​ទទួលបាន​បណ្ណសមធម៌​ថ្មី សូម​អញ្ជើញ​​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលា ឃុំ- សង្កាត់​ណាមួយ​ ដើម្បី​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី​ ១០​ លើក​ទី​ ២​ នេះ​ពេល​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី​ ១០ ​លើក​ទី​ ២»​។

ក្រៅពីនេះ ក្រសួង​សង្គមកិច្ច​ក៏​ក្រើនរំឭក​ដល់​ពលរដ្ឋ​កុំឱ្យ​ចាញ់បោក​ជនខិលខូច​ដែល​ឃោសនា​ថា ករណី​ចង់បាន​បណ្ណ​តម្រូវ​ឱ្យ​គ្រួសារ​ក្រីក្រ​បង់ប្រាក់ ដែល​ទង្វើ​នោះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ការផ្តល់​បណ្ណ​ក្រីក្រ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​នីតិវិធី​នៃ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ពី​ក្រសួង​ផែនការ​ដោយ​មិនមាន​រើសអើង​និន្នាការ​នយោបាយ និង​យក​កម្រៃ​ឡើយ​។

ក្រសួង​បញ្ជាក់​ថា​ «​ក្នុងករណី​ពលរដ្ឋ​ ឬ​សាធារណជន​ពិនិត្យ​ឃើញ​ភាពមិនប្រក្រតី​ណាមួយ​ក្នុង​ការអនុវត្ត​កម្មវិធី​ ឬ​ដក​សាច់ប្រាក់​មិនបាន​នៅតាម​បញ្ជរ​វឹង​ណាមួយ​នោះ​សូម​សាធារណជន​ ​និង​អ្នកទទួល​ផល​ទាំងអស់​ទាក់ទង​ជាមួយ​អ្នក​កាន់​កម្មវិធី​នៅ​​តាម​ឃុំ​សង្កាត់​ ឬ​នៅ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ ឬ​មន្ទីរ​ផែនការ​រាជធានី​ខេត្ត​ ឬ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​មូលនិធិ​ជាតិ​ជំនួយ​សង្គម​លេខ ០៩២ /០១៥ ២១៩ ៨៨៨»​។

បើតាម​ក្រសួង​សង្គមកិច្ច ការអនុវត្ត​កម្មវិធី​នេះ​ចាប់ពី​ថ្ងៃទី​ ២៥ ​ខែមិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃ​​ទី ​២៤ ខែសីហា ឆ្នាំ​ ២០២២ មាន​ពលរដ្ឋ ៦៨៩ ៦៥៧ ​គ្រួសារ ក្នុងនោះ​ក្រីក្រ​ ១ មាន​ជាង​ ២៥ ​ម៉ឺន​គ្រួសារ​ និង​ក្រីក្រ​ ២ មាន​ជាង​ ៤៣​ ម៉ឺន​គ្រួសារ ស្មើនឹង​សមាជិក​ជាង ២ ​លាន​ ៧ ​សែន​នាក់​៕