
មន្ត្រីចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្រ្តនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី ២៥ ខែសីហា។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសកាលពីថ្ងៃម្សិលមិញថា រាជរដ្ឋាភិបាលបានចំណាយថវិកា ១៦៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលនយោបាយអភិវឌ្ឍន៍ធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកតាមតម្រូវការក្នុងវិស័យកសិកម្ម និងធានាដល់ការស្រោចស្រពដំណាំប្រកបដោយនិរន្តរភាព នៅក្នុងប្រទេសកម្ពុជា។
លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុនិយម» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី ២៥ ខែសីហា ថា សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលចំណាយថវិកាជាតិចំនួន ១៦៥ លានដុល្លារ ដោយក្នុង ១ ឆ្នាំចំណាយ ៣៣ លានដុល្លារ សម្រាប់អភិវឌ្ឍធនធានទឹក និងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ហើយថវិកានោះបានសាងសង់ គម្រោងអភិវឌ្ឍន៍ធនធានទឹក និងប្រព័ន្ធធារាសាស្ត្របានចំនួន ២១៨ គម្រោង។
លោកអះអាងថា ក្នុង ១ ឆ្នាំ ក្រសួងសាងសង់បាន ៤៣ គម្រោង និងបានពង្រីកការស្រោចស្រពទៅលើផ្ទៃដីបានចំនួន ១២៣ ០១៥ ហិកតា។ ក្នុងរដូវវស្សា ៨១ ៨៦៣ ហិកតា និងរដូវប្រាំង ៤១ ១៥២ ហិកតា និង ដំណាំរួមផ្សំបានចំនួន ៤ ៣៨៨ ហិកតា។
លោកបន្តថា ក្នុងនោះការជួសជុលថែទាំ និងកិច្ចដំណើរការប្រព័ន្ធធារាសាស្ត្រ រដ្ឋចំណាយថវិកាសរុបជាង ៧៥ លានដុល្លាររយៈពេល ៥ ឆ្នាំ ដោយជួសជុល ១៩១ គម្រោង។
លោកគូសបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រសួងធនធានទឹក មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែបាន ១ ៨៨៩ ១១២ ហិកតា ស្មើនឹង ៦១ ភាគរយ គិតលើផ្ទៃដីសរុបជាង ៣ លានហិកតា។
លោកបានបន្តថា៖ «ក្នុងរយៈពេល ៥ ឆ្នាំ ក្រសួងបានធ្វើការអភិវឌ្ឍទំនប់អាងស្តុកទឹក និងសំណង់ស្ទាក់ទឹកធំៗបង្កើនលទ្ធភាពគ្រប់គ្រងទឹកចំនួន ៣ កន្លែងដែលស្តុកទឹកបានរហូតដល់ ៤៥៥ លានម៉ែត្រគុប ការធ្វើសំណង់នេះ បើមិនធ្វើទេនៅពេលភ្លៀងមកចាក់ចូលទន្លេ ហើយលិចនៅតាមបណ្តាមូលដ្ឋានខាងក្រោម អ៊ីចឹងនេះគឺជាហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកផង និងសម្រាប់ប្រើរដូវប្រាំងផងដែរ»។
លោកបន្ថែមថា ក្នុងរយៈពេល ៥ ឆ្នាំ បានដំឡើងស្ថានីយស្វ័យប្រវត្តិឧតុនិយមចំនួន ៥១ កន្លែង។
លោកបានបន្ថែមថា ក្នុងរយៈពេល ៥ ឆ្នាំ ក៏បានដំឡើងស្ថានីយស្វ័យប្រវត្តិឧតុនិយមចំនួន ៥១ កន្លែង។
លោកបានបន្តថា ដោយឡែកគម្រោងប្រើថវិកាដៃគូ និងស្ថាប័ន ផ្តល់ហិរញ្ញវត្ថុដទៃទៀត ចូលរួមអភិវឌ្ឍធនធានទឹក និងប្រព័ន្ធធារាសាស្ត្ររួមមានគម្រោង ចិន ៣ គម្រោង កូរ៉េ ៣ គម្រោង អូស្ត្រាលី ៥ គម្រោង ជប៉ុន ១ គម្រោង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ៣ គម្រោង និងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។
លោកបន្តថា ដើម្បីធានាបាននូវសន្តិសុខទឹក ទាំងបរិមាណទាំងគុណភាពក្នុងក្របខ័ណ្ឌអាង ស្ទឹង និងប្រភពទឹកទាំងអស់ ដើម្បីចូលរួមចំណែកទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្រសួងធនធានទឹកបានដាក់ចេញគោលដៅមួយចំនួន។ គោលដៅនោះ គ្រប់គ្រង ធនធានទឹកឱ្យបានល្អប្រសើរទាំងនៅពេលមានទឹកជំនន់ និងពេលមានភាពរាំងស្ងួត បន្តអភិវឌ្ឍទំនប់អាងស្តុកទឹកនៅតាមបណ្ដាស្ទឹងសំខាន់ ដែលមានសក្តានុពល បន្តធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំសំណង់ការពារទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ ថ្លែងថា ក្នុងរយៈពេល ៥ ឆ្នាំមកនេះ វិស័យធនធានទឹក និងប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តមានការរីកចម្រើន ខណៈបច្ចុប្បន្នមានប្រព័ន្ធអាងទឹកធំៗចំនួន ៤ រួមមាន ទំនប់សេកសក ទំនប់បឹងកំពីងពួយ ទំនប់ស្ទឹងបវេល និងទំនប់បាសាក់ ដែលសុទ្ធតែជាអាងស្តុកទឹកដ៏សំខាន់ សម្រាប់ការដាំដុះរបស់កសិករ។
លោកបន្តថា បច្ចុប្បន្នខេត្តក៏កំពុងសាងសង់អាងទឹកដូនទ្រី ដែលចាប់ដៃគូអភិវឌ្ឍន៍ជាមួយភាគីកូរ៉េ សាងសង់បានរង្វង់ ៦០ ភាគរយ ដែលនឹងបញ្ចប់នៅឆ្នាំ ២០២៤។
លោកថា៖ «ប្រព័ន្ធទឹកនេះមានសក្តានុពលខ្លាំង និងទំនើបជាងគេបំផុតនៅទូទាំងប្រទេស ហើយនៅពេលបញ្ចប់ការសាងសង់អាចគ្រប់គ្រងផ្ទៃទាំងអស់ចំនួន ៤ ម៉ឺនហិកតា លទ្ធភាពស្តុកទឹកទុកបាន ១៦៣ លានម៉ែត្រគុប»។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ថ្លែងថា នៅក្នុងខេត្តនេះមានប្រព័ន្ធធារាសាស្ត្រ ៥១ កន្លែង ដែលចែកចេញជា ៣ គឺខ្នាតធំ ៥ មធ្យម ៣៩ កន្លែង និងខ្នាតតូច ៥ កន្លែង រួមទាំងអាងទឹកចំនួន ២ ធំៗដែលកសាងឡើងដោយភ្ជាប់រវាងភ្នំ និងភ្នំ អាចរក្សាទុកទឹក ៥០ លានម៉ែត្រគុប។
លោកថា៖ «អ៊ីចឹងក្រសួងធនធានទឹកមានចក្ខុវិស័យបន្តពង្រីកសក្តានុពលអនុត្តរភាពជាប្រឡាយបន្តទៀត ហើយឥឡូវនេះ កសិករធ្វើស្រូវនៅរដូវវស្សាបានច្រើន ដោយសារសក្ដានុពលប្រព័ន្ធធារាសាស្ត្រ ប៉ុន្តែយើងត្រូវផលិតអាងទឹកឱ្យបានច្រើន និងស្តារព្រែក គ្រប់គ្រងអាងស្ទឹងសមិទ្ធផលចាស់ និងពង្រីកអាងទឹកថ្មី»។
យ៉ាងណាមិញ ក្រសួងធនធានទឹកបានលើកឡើងពីបញ្ហា និងឧបសគ្គមួយចំនួន ដែលមិនអាចសម្រេចបានទាំងស្រុងនូវគោលដៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល ៥ ឆ្នាំ (២០១៩- ២០២៣) រួមមាន ការផ្តល់ថវិកាលើការងារស្តារ និងសាងសង់ប្រព័ន្ធធារាសាស្ត្រនៅមានកម្រិត និងមិនអាចឆ្លើយតបបានទាំងស្រុងតាមតម្រូវការជាក់ស្ដែង៕