
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារអនុវត្តផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ កាលពីព្រឹកថ្ងៃទី ២៦ ខែ សីហា។ រូបថត Sar Kheng's Page
ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅទី ២៦ ខែ សីហា ឆ្នាំ ២០២២ នេះ បានបើកកិច្ចប្រជុំក្រុមការងារអនុវត្តផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដែលបានចូលរួមកិច្ចប្រជុំនេះថ្លែងថា អំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងមានបណ្តាញប្រទាក់ក្រឡា គ្នាយ៉ាងស្អិតរមួត អាស្រ័យហេតុនេះ រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវ ដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធនៃបណ្តាប្រទេសជាមិត្ត បន្តផ្តល់កិច្ចសហការយ៉ាងសកម្មនិងជិតស្និទ្ធដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ សំដៅការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕