ភ្នំពេញៈ គិតពី​ថ្ងៃទី​ ១ ខែមករា ដល់​ថ្ងៃទី​ ២០ ខែសីហា ឆ្នាំ​ ២០២២​ នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​រកឃើញ និង​ជួយសង្គ្រោះ​ជនបរទេស​ដែល​ប្រកាស​ថា ជនរងគ្រោះ ចំនួន ៨៧ ​ករណី ស្មើនឹង​ប្រមាណ ៨៦៥ ​នាក់ ព្រមទាំង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន ១៧ ​ករណី ជនសង្ស័យ​សរុប​ចំនួន ៦០ ​នាក់​។

នេះ​បើ​យោង​តាម​សេចក្តី​អំពាវនាវ​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ.ជ.ប.ជ​) ​ចេញផ្សាយ​នៅ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២​។

សេចក្តី​អំពាវនាវ​នេះ​បន្តថា នា​សប្ដាហ៍​ទី​ ៤ ខែសីហា ឆ្នាំ​ ២០២២​ នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​បើក​កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​សរុប​ចំនួន ០៧ ​ករណី ដោយ​បាន​សង្គ្រោះ​ជនរងគ្រោះ​សរុប​ចំនួន ២៥​ នាក់ (​មាន ៦ សញ្ញាតិ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ២៣ ​នាក់ (​មាន ៤ សញ្ជាតិ​) នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិ៍សាត់ ខេត្ត​ស្វាយរៀង និង​ខេត្ត​ឧត្តរមានជ័យ​។ ក្រៅពីនេះ​មាន​ករណី​សេសសល់​បន្ថែមទៀត ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​សង្គ្រោះ និង​បង្ក្រាប​។

ទន្ទឹមនេះ ផ្អែក​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​សួរចម្លើយ​រកឃើញ​ថា ពលរដ្ឋ​បរទេស​ទាំងនោះ​មួយ​ចំនួន​ធំ​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​មេក្លោង​នៅក្នុង​ប្រទេស​របស់ខ្លួន និង​មាន​បក្ខពួក​នៅ​កម្ពុជា ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ធ្វើការ​ឆបោក​ឱ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលមក​ប្រទេស​កម្ពុជា​ក្រោម​ការសន្យា​ផ្ដល់​ការងារ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​។ ក៏ប៉ុន្តែ​ជាក់​ស្ដែង​ជន​ទាំងនោះ ត្រូវ​បាន​ចាត់​ឱ្យ​បម្រើ​ការងារ​ល្បែង​ស៊ីសង​អនឡាញ​ខុសច្បាប់ ហើយ​បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស និង រត់ពន្ធ​មនុស្ស ដោយ​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​ធ្វើការ​ជួញដូរ ឬ​ផ្ទេរ​បន្ត​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ ឬ​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ដោយ​ពុំមាន​ការព្រមព្រៀង​ពី​សាមីខ្លួន ហើយ​ករណី​ខ្លះទៀត​ត្រូវ​ទទួល​រង​នូវ​អំពើ​ហិង្សា និង​ការគំរាម​កំហែង​ផ្សេងៗ ប្រសិន​មិន​អនុវត្តតាម​ការបង្គាប់​បញ្ជា​ពី​ក្រុម​ឧក្រិដ្ឋជន​។

បើតាម​លោក ស ខេង ក្នុង​រយៈពេល​ប្រមាណ​ជាង​មួយ​ឆ្នាំ​មកនេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​ទទួល​សំណើ និង​ពាក្យ​បណ្តឹង​ពី​ជនបរទេស និង​ស្ថាន​តំណាង​បរទេស​ប្រចាំ​កម្ពុជា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​កិច្ច​អន្តរាគមន៍​ជួយសង្គ្រោះ និង​ការស្នើសុំ​ស្រាវជ្រាវ​ស្វែងរក​ពលរដ្ឋ ដោយ​បាន​អះអាង​ថា​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស ដែល​ជា​បទល្មើស​ដ៏ធ្ងន់ធ្ងរ​មួយ ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​អង្គការ​ចាត់តាំង​។

បន្ទាប់ពី​បាន​ពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​លើ​សំណើ និង​ពាក្យបណ្តឹង​ទាំងនោះ ករណី​ភាគច្រើន​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ស្វែង​រកឃើញ និង​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ព្រមទាំង​បាន​លើកលែង​ការផាក​ពិន័យ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អន្តោប្រវេសន៍​របស់​ពួកគេ និង​បានផ្ដល់​ការសម្របសម្រួល​នីតិវិធី ដើម្បី​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​តាម​ការកំណត់​នៃ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

លោក ស ខេង បាន​សម្តែង​ការសោកស្តាយ និង​ថ្កោលទោស​ចំពោះ​អំពើ​ដ៏អមនុស្សធម៌​ទាំងនេះ​។ "​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ និង​ស្វាគមន៍​ចំពោះ​ការ​ផ្តល់ព័ត៌មាន​ផ្សេងៗ​ពី​សំណាក់​បុគ្គល និង​ស្ថាន​តំណាង​បរទេស​ប្រចាំ​កម្ពុជា នាពេល​កន្លង​មក​ពាក់​ព័ន្ធ​ទៅនឹង​ករណី​ខាងលើនេះ​"​។

រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ក្នុង​ការអនុវត្ត​តាម​ច្បាប់​ជា​ធរមាន ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ឆបោក​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បទល្មើស​គ្រឿងញៀន បទល្មើស​សម្អាត​ប្រាក់ ល្បែងស៊ីសង​អនឡាញ​ខុសច្បាប់ ព្រមទាំង​បន្ត​ផ្តល់​ការគាំពារ និង​ជួយសង្គ្រោះ​ទាំង​ពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ ដោយ​អំពើ​ជួញដូរ​នៅឯ​បរទេស និង​សង្គ្រោះ​ជនបរទេស​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​នៅ​កម្ពុជា​។

កាលពី​ពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ដាក់​ចេញ​ផែនការ ប្រតិបត្តិការ បង្កើន​ការប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ព្រមទាំង​បាន​បង្កើត «​គណៈបញ្ជាការ​ដឹកនាំ​ប្រតិបត្តិការ ដើម្បី​ធ្វើជា​សេនាធិការ​ក្នុងការ​ដឹកនាំ និង​បញ្ជា​ដោយផ្ទាល់​នូវ​ប្រតិបត្តិការ​បង្ក្រាប និង​ជួយសង្គ្រោះ​ជនរងគ្រោះ​។ ក្នុង​ន័យនេះ ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណ​ជនជាតិ-​អន្តរជាតិ ស្ថាន​តំណាង​បរទេស​ប្រចាំ​កម្ពុជា និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ សូម​បន្ត​សហការ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងទៀត ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បាន​ទាន់​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក ស ខេង ថ្លែង​ថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណ​ជនជាតិ-​អន្តរជាតិ ស្ថាន​តំណាង​បរទេស និង​អាជ្ញាធរ​ពាក់ព័ន្ធ​បណ្តា​ប្រទេស​ជា​មិត្ត​នឹង​បន្ត​ផ្តល់​កិច្ចសហការ​យ៉ាង​សកម្ម និង​ជិតស្និទ្ធ ដើម្បី​រួម​គ្នា​លុបបំបាត់​ឧក្រិដ្ឋកម្ម​នេះ សំដៅ​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​»៕