
ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ២៨៣ ០០០ ដូសបន្ថែមដល់កម្ពុជា ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងត្រូវបានដឹកមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២២ នេះ។
តាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៦ ខែសីហានេះឱ្យដឹងថា អូស្ត្រាលីជាប្រទេសមួយដែលបានផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងបរិក្ខារផ្សេងៗសម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជា។
ប្រភពដដែលបន្តថា កាលពីខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន ១៩៦ ៨០០ ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ចំនួនជាង ២,៣ លានដូសរួចម្តងហើយ។
ប្រភពដដែលបន្ថែមថាការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាជួយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ ១៩។
វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក។ តាមរយៈគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ជាបន្តបន្ទាប់៕