ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សហការ​ជាមួយ​ការិយាល័យ​អង្គការ​យូណេស្កូ​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៥ ខែសីហា បានរៀបចំ សិក្ខាសាលា​ប្រឹក្សា​យោបល់​ស្តីពី “​ការតម្រង់​គោលនយោបាយ​លើកស្ទួយ​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃប្រឌិត​” ក្នុង​គោលបំណង​៣​សំខាន់​ដើម្បី​ការអភិវឌ្ឍ គាំទ្រ​ផ្នែក​ច្នៃប្រឌិត និង​កែទម្រង់​គោលនយោបាយ​លើកស្ទួយ​ដល់​ឧស្សាហកម្ម​វប្បធម៌​។​

​សិក្ខាសាលា​ប្រព្រឹត្តទៅ​ក្រោម​អធិបតី លោកស្រី ​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង លោក Sardar Umar Alam តំណាង​យូណេស្កូ​ប្រចាំ​កម្ពុជា ព្រមទាំង​តំណាង​ក្រសួង ស្ថាប័ន​នានា ចំនួន​ ១២ និង តំណាង​អង្គទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ ១៦ ​រូប​ផងដែរ​។​

​អង្គសិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណងសំខាន់​ ៣ ​គឺ ទី​១ ផ្សព្វផ្សាយ​របាយការណ៍​ជា​សកល​ផ្សាយ​លើក​ទី​៣ របស់​អង្គការ​យូណេស្កូ​អំពី​ការរៀបចំ​តម្រង់​គោល នយោបាយ​វប្បធម៌ ជំរុញឱ្យមាន​ការច្នៃប្រឌិត ដើម្បី​ការអភិវឌ្ឍ​។​ ទី២ ​ពិនិត្យមើល​គោលនយោបាយ​តាម​ក្រសួង​ស្ថាប័ន​ជាតិ និង​រដ្ឋ​ភាគី​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ផ្នែក​ច្នៃប្រឌិត​។ និង​ទី​៣ សិក្សា​រៀនសូត្រ​ដកស្រង់​បទពិសោធ​ពី​បណ្តា​ប្រទេស​នានា​ដើម្បី​កែទម្រង់​គោលនយោបាយ​លើកស្ទួយ ដល់​ឧស្សាហកម្ម​វប្បធម៌ និង​ការច្នៃប្រឌិត​នៅ​កម្ពុជា​។​

​ឆ្លើយតប​នឹង​បំណង​ខាងលើ​អង្គសិក្ខាសាលា​បានរៀបចំ​របៀបវារៈ​សំខាន់​គឺ បទ​បង្ហាញ​និង​ការពិភាក្សា​ផ្តោត​សំខាន់​លើ​ឧស្សាហកម្ម​វប្បធម៌​ជាពិសេស​ពិនិត្យ​លើ​គោលនយោបាយ តាម​បណ្តា​ក្រសួង​ដែលមាន​បទ​បង្ហាញ​ពី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​ជា​លទ្ធផល​នៃ​បទ​បង្ហាញ និង​កិច្ចពិភាក្សា​បានបង្ហាញ​ឱ្យដឹងពី​ស្ថានភាព​បច្ចុប្បន្ន និងគោលនយោបាយ​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​វប្បធម៌​នៅ​កម្ពុជា កម្មសិទ្ធិបញ្ញា ម៉ាក​ទំនិញ ម៉ាក​ភូមិសាស្ត្រ និង​ការប្រមូល​ពន្ធ​ព្រមទាំង​ការបង់ពន្ធ​លើ​វិស័យ​ឧស្សាហកម្ម​វប្បធម៌​។​

​ឧស្សាហកម្ម​វប្បធម៌​ក្នុង​បរិបទ​អាស៊ី ដែលមាន​បទ​បង្ហាញ​ពី​តំណាង​ស្ថានទូត​ឥណ្ឌូនេស៊ី ហ្វីលីពីន កូរ៉េ ជប៉ុន ចិន និងវៀតណាម ដើម្បី​ចែករំលែក​បទពិសោធ​ស្តីអំពី​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​វប្បធម៌​ក្នុង​បណ្តា​ប្រទេស​នីមួយៗ​។ ជាការ​កត់សម្គាល់​នៅក្នុង​បរិបទ​នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ​ ១៩ គេ សង្កេតឃើញ​បណ្តា​ប្រទេស​ខ្លះ នៅតែ​ទទួលបាន​ចំណូល​ថវិកាជាតិ​ខ្ពស់​តាមរយៈ​វិស័យ​ឧស្សាហកម្ម​វប្បធម៌ និង ច្នៃប្រឌិត​៕