ភ្នំពេញៈ ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បាន​ផ្តួច​ផ្តើមគំនិត និង​កំពុង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​រៀបចំ​កសាង “​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ (Community Tech Center)” នៅតាម​វិទ្យាល័យ​ទូទាំងប្រទេស​។​

​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​អនុវត្ត​គម្រោង “​កញ្ចប់​នៃ​ក្តី​ស្រឡាញ់​” នៅ​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​កាលពី​ថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ​ ២០២២ ឱ្យដឹងថា ការកសាង “​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ (Community Tech Center)” គឺ​ដើម្បី ជំរុញ​ការអភិវឌ្ឍ​ជំនាញ​និង​ការបង្កើន​សមត្ថភាព​ផ្នែក​ឌីជីថល​ដល់​អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រី​មូលដ្ឋាន ពលករ​ជំនាញ និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដល់​ប្រជាជន​តាម​សហគមន៍​មូលដ្ឋាន​។​

លោក សង្ឃឹមថា មូលនិធិ​ចិន​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ (CFPD) នឹង​ពិនិត្យ​លទ្ធភាព​ចូលរួម​សហការ​ក្នុង​គម្រោង​ដ៏​មាន​សារៈប្រយោជន៍​នេះ​។​

​លោក​បន្តថា ដោយឡែក​ចំពោះ​ការអនុវត្ត​គម្រោង “​កញ្ចប់​នៃ​ក្តី​ស្រឡាញ់​” នៅ​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ បាន​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ស្ថាប័ន​សម្របសម្រួល​អង្គការ​សង្គម​ស៊ីវិល​នៃ​ប្រទេស​ទាំង​ ២ គឺ​បណ្តាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចិន​សម្រាប់​សហប្រតិបត្តិកា​រ​អន្តរជាតិ (CNIE) និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ក្នុងនាម​ជា​មិត្ត​ល្អ មិត្ត​ប្រវត្តិសាស្ត្រ និង​អ្នកជិតខាង​ល្អ​»៕​