សៀមរាបៈ មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ត​សៀមរាប សហការ​ជាមួយ​វិទ្យាស្ថាន​អភិបាលកិច្ច​ឌីជីថល​នៃ​បណ្ឌិត្យសភា​ឌីជីថល​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ឌីជីថល​ចាំបាច់​ជូន​មន្ត្រីរាជការ​មកពី​រដ្ឋបាល​ខេត្ត មន្ទីរអង្គភាព​នានា​ជុំវិញ​ខេត្ត​ទាំងអស់ ៣០ ​អង្គភាព ដែល​មាន​សិក្ខាកាម​សរុប​ចំនួន ១០៦ ​នាក់​។

លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​សៀមរាប ថ្លែង​ក្នុងពេល​កំពុង​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃទី ​២៦ ខែ​សីហា ឆ្នាំ​ ២០២២ ​ឱ្យ​ដឹងថា គោលបំណង​នៃ​ការបណ្ដុះ​បណ្តាល​នេះ គឺ​ដើម្បី​កសាង​មូលធន​មនុស្ស​ឌីជីថល​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការងារ​បច្ចុប្បន្ន និង​អនាគត​ស្រប​តាម​និន្នាការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ពិភពលោក​។

លោក​បន្ត​ថា ការជំរុញ​អក្ខរកម្ម​ឌីជីថល​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ការសិក្សា​ជំនាញ​ឌីជីថល​នឹង​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ដែល​គោលនយោបាយ​នេះ​មាន​ចក្ខុវិស័យ អភិវឌ្ឍន៍​វិស័យ​ឌីជីថល​ឱ្យ​ក្លាយ​ជា​កម្លាំងចលករ​ជំរុញ​ល្បឿន​បរិវត្តកម្ម​រដ្ឋាភិបាល សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ដើម្បី​លើក​កម្ពស់​នវានុវត្តន៍ ឧត្តមភាព​ប្រកួត​ប្រជែង​នៅលើ​ឆាក​អន្តរជាតិ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ម្ចាស់ការ ចីរភាព និង​បរិយាបន្ន​។

លោក​ថ្លែងថា​៖ «​នេះ​ជា​លើក​ទី​ ៣ ​ហើយ សម្រាប់​វគ្គ​បណ្តុះបណ្តាល​នៅ​ខេត្ត​សៀមរាប​ក្រោម​ការយកចិត្ត​ទុកដាក់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​បណ្ឌិត្យសភា​ឌីជីថល​កម្ពុជា​សហការ​ជាមួយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​សៀមរាប​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​ស្របតាម​បរិបទ​នៃ​យុគ្គសម័យ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន គឺ​កំពុងតែ​មាន​ការអភិវឌ្ឍ រីកចម្រើន​ជឿនលឿន​ឥតឈប់ឈរ ដែល​ទាមទារ​ឱ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​រៀនសូត្រ​បន្ថែម ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ខ្លួន​ឱ្យ​ស្រប​តាម​អភិបាលកិច្ច​ឌីជីថល​នៅ​កម្ពុជា ដើម្បី​ធ្វើ​បរិវត្តកម្ម​រដ្ឋាភិបាល​ឌីជីថល និង​សេវា​សាធារណ:​នាពេល​ខាងមុខ​ប្រកប​ដោយ​គុណភាព​»​។

បើតាម លោក សុខ សីហា កម្មវិធី​ទាំងអស់​នេះ​សុទ្ធសឹង​តែ​ជា​តម្រូវការ​ចាំបាច់ សម្រាប់​ការប្រើប្រាស់​ក្នុង​អង្គភាព​នីមួយៗ ក៏ដូចជា​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​ជាមួយ​នឹង​ចំណេះដឹង និង​បទពិសោធ​ថ្មីៗ​ សម្រាប់​យក​ទៅ​អនុវត្ត​ការងារ​ប្រកប​ដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​អភិវឌ្ឍ​កសាង មូលដ្ឋានគ្រឹះ​ឌីជីថល​ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​៕