ព្រះសីហនុៈ ក្នុង​ពិធី​ប្រកាស​ជយលាភី នៃ​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន ឆ្នាំ​​ ២០២២ ជា​លើក​ទី​៤២ ដែល​ធ្វើ​ឡើងជា​លើកដំបូង​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ២៦ ខែសីហា លោក ​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ថ្លែងថា វេទិកា​យុវជន​ជជែក​ពិភាក្សា​បរិស្ថាន​ជា​យន្តការ​មួយ​បន្ថែមទៀត​ក្នុងការ​ផ្សព្វផ្សាយ​ចំណេះដឹង​ក្នុងចំណោម​ពលរដ្ឋ​។

​លោក​ថ្លែងថា​៖ «​វេទិកា​យុវជន​ជជែក​ពិភាក្សា​បរិស្ថាន​គឺជា​មធ្យោបាយ​មួយ​ក្នុងការ​ចែករំលែក ព័ត៌មាន​បរិស្ថាន និង​ការស្រឡាញ់​បរិស្ថាន​ទៅកាន់​ពលរដ្ឋ​ដទៃទៀត បន្ថែម​លើ​យន្តការ​ផ្សេងៗ​ទៀត​ដែល​ក្រសួងបរិស្ថាន​បានរៀបចំ​ឡើង​ក្នុងការ​បញ្ជ្រាប​និង​ផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន​ក្នុងចំណោម​ប្រជាពលរដ្ឋ​»​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន និង​ជាពិសេស​នាយកដ្ឋាន​អប់រំ​បរិស្ថាន និង​ដៃគូ​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន ដើម្បី​លើកកម្ពស់​សកម្មភាព​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ចាត់ទុកថា​វេទិកា​នេះ បាន​លើកទឹកចិត្ត​ដល់​យុវជន យកចិត្តទុកដាក់​ត្រងត្រាប់ សិក្សា​ស្រាវជ្រាវ យក​បទពិសោធ​ល្អ ដើម្បី​ចែករំលែក​ចំណេះដឹង យ៉ាង​ទូលំទូលាយ​ស្តីពី​បរិស្ថាន​នេះ​ផងដែរ​និង​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន​កាន់តែខ្លាំង​ក្នុងចំណោម​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន ឆ្នាំ​ ២០២២ ជា​លើក​ទី​៤២ និង​ជា​លើក​ទី​១​ ដែល​បានរៀបចំ​នៅ​ខេត្ត​ព្រះសីហនុ ដែល​បានចាប់ផ្ដើម​តាំងពី​ខែមេសា ដល់​ខែសីហា ឆ្នាំ​ ២០២២ និង​បាន​ចែកចេញជា ៣ ​វគ្គ គឺ វគ្គ​ណែនាំ វគ្គ​ប្រកួត​ដំបូង និង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​។ វេទិកា​នេះដែរ​បានផ្ដល់​ឱកាស​ដ​ល់​យុវជន​សិក្សា​ស្រាវជ្រាវ ស្វែងរក​ទឡ្ហីករណ៍​ថ្មីៗ​តាមបែប​វិទ្យាសាស្ត្រ​គាំទ្រ​គោលជំហរ​របស់ខ្លួន ផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធ​ពី​បណ្តា​វាគ្មិន និង​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន ព្រមទាំង​បាន​ចែករំលែក​នូវ​ចំណេះដឹង​ទាំងនោះ ទៅកាន់​សាធារណជន​ទូទៅ​ថែមទៀត ក្នុង​ការចូល​រួមការ​គ្រប់គ្រង​បរិស្ថាន​របស់​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​អនាគត​កាន់តែ​ល្អប្រសើរ​។

​យុវ​សិស្ស​មកពី​វិទ្យាល័យ​ចំនួន​១៦ នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង បាន​ចូលរួម​ប្រកួត​ក្នុង​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន ឆ្នាំ​​ ២០២២ ហើយ​ក្នុងនោះ​វិទ្យាល័យ​ចំនួន​​ ៦ បាន​ឆ្លង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​រួមមាន​៖​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ វិទ្យាល័យ ហ៊ុន សែន ស្មាច់​ដែង វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យ ហ៊ុន សែន កំពង់សីលា វិទ្យាល័យ ហ៊ុន សែន មិត្តភាព និង​វិទ្យាល័យ ហ៊ុន សែន ប៉ាក់​ខ្លង ដែល​បានធ្វើ​ការពិភាក្សា​លើ​ប្រធាន​ប​បទ​សំខាន់​ចំនួន​ ៣​ គឺ​៖

​ប្រធានបទ​ទី​១៖ ការអប់រំ​បរិស្ថាន​នៅ​វត្ត​អារាម​មាន​ប្រសិទ្ធភាព​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​ស្រលាញ់​បរិស្ថាន​ជាង​នៅ​សាលារៀន​

​ប្រធានបទ​ទី​២៖ សំណល់​ប្លា​ស្ទិ​ក​គឺជា​ប្រភព​ចម្បង​នៃ​ការបំពុល​បរិស្ថាន​សមុទ្រ​

​ប្រធានបទ​ទី​៣៖ ការបង្កើត​មុខរបរ​ឱ្យ​សហគមន៍​មូលដ្ឋាន​បាន​ចូលរួមចំណែក​ដល់​ការអភិរក្ស​ជីវៈចម្រុះ​។​

​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​គឺ យុវ​សិស្ស​មកពី​វិទ្យាល័យ​ហ៊ុន សែន កំពង់សីលា នៃ​ខេត្ត​ព្រះសីហនុ ទទួលបាន​ជយលាភី​លេខ ​១ ចំណែក​វិទ្យាល័យ​ហ៊ុនសែន​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទទួលបាន​ជយលាភី​លេខ ​២ រីឯ​វិទ្យាល័យ​វិទ្យាល័យ ហ៊ុន សែន បាក់​ខ្លង ទទួលបាន​ជយលាភី​លេខ​ ៣ និង​រង្វាន់​កិត្តិយស​បានប្រគល់​ជូន​គឺ​វិទ្យាល័យ ហ៊ុន សែន ស្មាច់​ដែង វិទ្យាល័យ ហ៊ុន សែន វាលរេញ និង​វិទ្យាល័យ ហ៊ុន សែន មិត្តភាព​៕​