សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែសីហា នេះ​មាន​ពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​ខុសច្បាប់​ក្នុង​រមណីយដ្ឋាន​អង្គរ​ចំនួន ១១៦ គ្រួសារ​ទៀត បាន​ទៅ​ចាប់ឆ្នោត​ទទួលយក​ដី​និង​ស្ម័គ្រចិត្ត​ទទួលយក​ការ​ទៅ​តាំង​លំនៅ​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ នេះ​បើតាម​លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​។

​លោក​ ជា សុផារ៉ា សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​នេះ​ថា​៖ «​គិត​ត្រឹម​ម៉ោង ៩ ​ព្រឹក ​ថ្ងៃទី​ ២៧ ខែ សីហា ឆ្នាំ​ ២០២២​ នេះ មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​ចាប់ឆ្នោត​ជ្រើសរើស​ទីតាំង​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ចំនួន ១១៦​គ្រួសារ​ហើយ​»​។

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​ ២៥ ខែសីហា នៅ​សាលា​ខេត្តសៀមរាប ប្រជាពលរដ្ឋ​តាំងទី​លំនៅ​ខុសច្បាប់​ក្នុង​រមណីយដ្ឋាន​អង្គរ​សរុប​ចំនួន ៧២៧ ​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​រុះរើ​ និង​គ្រប់​លក្ខខណ្ឌ​ក្នុង​ការទទួល​បានការ​ទៅ​តាំង​លំនៅ​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ក្នុងនោះ ២៣៤ គ្រួសារ ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង និង ៤៩៣ គ្រួសារ ស្ថិតនៅ​ភូមិ​ត្រពាំង​សេស បាន​ចូលរួម​ចាប់ឆ្នោត​យក​ដីឡូត៍​។

​លោក​ឧបនាយករដ្ឋមន្ត្រី​បានឱ្យដឹង​ទៀតថា វឌ្ឍនភាព​នៃ​ការរៀបចំ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដើម្បី​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ពី​តំបន់​ត្រពាំង​សេស និង​ទក្សិណ​ត្បូង គឺកងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប បានធ្វើ​ផ្លូវ​ភូមិ​បាន ៨ ខ្សែ ប្រវែង ១ ៣៣០ ​ម៉ែត្រ ​ធ្វើការ​សម្អាត​ព្រៃ​អនុវត្ត​ដោយ​កម្លាំង​មន្ត្រី​ក្រសួងបរិស្ថាន និងអាជ្ញាធរ​ជាតិ​អប្សរា សរុប​បាន ៣២ ០៧ ហិកតា និង មាន​ប្រជាពលរដ្ឋ​ដែល​បាន​ចាប់ឆ្នោត​រួច​បាន​ចុះមក​ពិនិត្យ​ទីតាំង​ដី​បណ្តើរៗ ប្រមាណ​ជាង ៩០០ ​គ្រួសារ​ហើយ​៕​