សៀមរាបៈ ថ្លែង​ក្នុងឱកាស​ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​ការងារ​ទូទៅ​របស់​មន្ត្រី​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​បងប្អូន​សហគមន៍​តំបន់ការពារធម្មជាតិ នៅក្នុង​តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិតក្នុង​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​ ២៦ ខែសីហា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានថ្លែងថា ក្រសួងបរិស្ថាន​ទទួល​ភារកិច្ច​សម្អាត​ដី ដាំ​ឈើ​ហូប​ផ្លែ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​តាំង​លំនៅ​ថ្មី​ចេញពី​តំបន់​អង្គរ​។​

​លោក​ថ្លែងថា​៖ «​បេសកកម្មរ​បស់បង​ប្អូន​មន្ត្រី​ក្រសួងបរិស្ថាន​គឺជា​ការចូលរួម​គាំទ្រ​ដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាលខេត្ត រៀបចំ​ភូមិ​តាម​គោលការណ៍​នគរូបនីយកម្ម និង​រៀបចំ​សួន​ដំណាំ​មាន​ដើមឈើ​ហូប​ផ្លែ​សម្រាប់​ពលរដ្ឋ​ផ្លាស់ប្តូរ​ទីតាំង​លំនៅ​ថ្មី​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​»​។

​លោក​បាន​ឱ្យដឹងទៀតថា ក្រសួងបរិស្ថាន​បានទទួល​ភារកិច្ច​ចូលរួម​គាំទ្រ​ដល់​ក្រសួង​រៀបចំ​ដែនដី អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ខេត្តសៀមរាប ក្នុង​បេសកកម្ម​រៀបចំ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដោយ​ក្នុងនោះ​មានការ​សម្អាត​ផ្ទៃដី និង​ការរៀបចំ​សួន​ដំណាំ​ដែលមាន​ការដាំ​ដើមឈើ ហូប​ផ្លែ​នានា​សម្រាប់​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​នៅ​តំបន់​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​រុះរើ​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការចូលរួមរ​បស់បង​ប្អូន​ក្នុងការ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រជាពលរដ្ឋ​នេះ​ គឺជា​ការយកចិត្តទុកដាក់​របស់​ក្រសួងបរិស្ថាន ជូន​ទៅដល់​ប្រជាជន ដែល​ត្រូវ​រើ​លំនៅឋាន​មក​រស់​នៅលើ​ភូមិ​រៀបចំ​ថ្មី​។ ក្នុងនោះ​ផងដែរ រាជរដ្ឋាភិបាល នឹង​រៀបចំ​ហេ​ដ្ឋា​សម្ព័ន្ធ​ជូន​ពួកគាត់ ដែល​ក្នុងនោះ​ក៏មាន​ការដាំ​ដើមឈើ​។ លោករដ្ឋមន្ត្រីក៏បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​បរិស្ថាន ដែល​បាន​ចូលរួម​នៅក្នុង​ការងារ​នេះ ដែល​តម្រូវឱ្យ​រៀបចំ​រយៈពេល​យូរ ដើម្បី​បំពេញបេសកកម្ម​ការងា​រ សម្រាប់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក្រៅពី​ការងារ​ស្នូល​បច្ចុប្បន្ននេះ​៕