ត្បូងឃ្មុំៈ អគ្គនាយករង​មជ្ឈមណ្ឌលជាតិ គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាតមីន និង​កាក​សំណល់​សង្គ្រាម លោក សែម រតនា ថ្លែង​ថា ការ​ខិតខំ​ប្រឹងប្រែង​ពុះពារ​រាល់​ឧបសគ្គ ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បង្ហាញ​ភាព​ក្លាហាន កម្លាំង​មាំមួន មិន​ត្អូញត្អែរ មិន​រុញរានឹង​កិច្ចការ​ដែល​ថ្នាក់​លើ​បាន​ដាក់​ឱ្យ​គឺជា​គំរូវីរភាព​ល្អ ស័ក្តិសម​ជា​យុទ្ធជន​ឆ្នើម​នៃ​កងយោធពល​ខេមរភូមិន្ទ។

លោក សែម រតនា ថ្លែង​បែប​នេះ ក្នុង​ពេល​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​កងកម្លាំង​បោស​សម្អាត​មីន (NPMEC) ក្នុង​ភូមិសាស្រ្ត ឃុំទ្រៀក និង​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ ២០២២នេះ។

លោក​ថ្លែង​ថា៖‍ «ការ​ខិតខំ​ប្រឹងប្រែង​ពុះពារ​រាល់​ឧបសគ្គ ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​សម្រេច​ការងារ ទោះ​បី​ជា​ត្រូវ​នៅ​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ​ក្តី ធ្វើការ​ក្រោម​ថ្ងៃក្តៅ ភ្លៀង ខ្យល់​ក្ដី ​ក៏​ប្រតិបត្តិករ​យើង​នៅតែ​បង្ហាញ​ភាព​ក្លាហាន កម្លាំង​មាំមួន មិន​ត្អូញត្អែរ មិន​រុញរានឹង​កិច្ចការ​ដែល​ថ្នាក់​លើ​បាន​ដាក់​ឱ្យ។ នេះ​គឺជា គំរូវីរភាព​ល្អ​ស័ក្តិសម​ជា​យុទ្ធជន​ឆ្នើម​នៃ​កង​យោធពល​ខេមរភូមិន្ទ»។

លោក​អគ្គនាយករង​មជ្ឈមណ្ឌលជាតិ គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព គូស​បញ្ជាក់​ថា សម្រាប់​កិច្ចការ​បោស​សំអាត​មីន​នៅ​ស្រុក​មេមត់​នេះ ក្រុម​ការងារ​ទទួល​បាន​នូវ​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​គួរ​ជា​ទី​គាប់​ចិត្ត និង​ត្រូវ​តែ​បន្ត​អនុវត្ត​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ជា​ទីបំផុត ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ពេញលេញ ចៀស​ឱ្យ​ផុត​ពី​គ្រោះថ្នាក់ ឬ​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដែល​អាច​នឹង​កើត​មានឡើង​ជាយថាហេតុ និង​សូម​កុំ​ធ្វេស​ប្រហែស គ្រប់​វិនាទី ដែល​អាច​បង្ក​ឱ្យ​មាន​វិប្បដិសារីបាន៕