ក្រចេះ៖ លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​លោក ជា ធារិទ្ធ ជា​ជំនួយការ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ពិធី​ក្រុង​ពាលីសាងសង់​ព្រះ​ទីនាំង​បុស្បុក និង​រូប​សំណាក​ព្រះធម្មាចារ្យ គឹម ច្រែង និង​រូប​សំណាក​លោក ហ៊ុន សែន កាល​ពី​កុមារភាព នៅ​ភូមិ​តាលុស ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ នាព្រឹក​ថ្ងៃទី ២៧ សីហា ២០២២ ដើម្បី​តម្កល់​ជា​ប្រវត្តិសាស្រ្ត។

លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ថ្លែង​ថា ការ​សាងសង់​នេះ គឺ​ដើម្បី​ជា​ការ​រំឭក​នឹក​គុណ​ដល់​ព្រះ​គ្រូឧបជ្ឈា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​គ្រូ​ដំបូង​បាន​អប់រំ​ទូន្មាន​ប្រៀន​ប្រដៅ​លោក កាល​ពី​នៅ​វ័យ​កុមារភាព​ឱ្យ​មាន​ចំណេះ​ចេះដឹង​ក្លាយ​ជា​បញ្ញវន្ត និង​ជា​វីរជនឆ្នើម​របស់​កម្ពុជា ដែល​បាន​ដឹកនាំ​កសាង​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​អភិវឌ្ឍ រីក​ចម្រើន​មក​ទល់​សព្វថ្ងៃ។

លោកថា ទីតាំង​ខេត្ត​ក្រចេះ​នេះ ក៏​ជា​តំបន់​ប្រវត្តិសាស្រ្ត​នៃ​ការ​រំដោះ​ប្រទេស​ជាតិ​កម្ពុជា ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ ការសាងសង់​នេះ​គឺ​ដើម្បី​ទុក​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ ដល់​សាធារណជន និង​យុវជន​ជំនាន់​ក្រោយ​បាន​ដឹង។

លោក​បាន​គូស​បញ្ជាក់​ថា ទីតាំង​នៃ​ការ​សាងសង់​រូប​សំណាក​នេះ នឹង​ក្លាយ​ទៅ​ជា​ទីតាំង​តំបន់​ទេសចរណ៍​ថ្មី​មួយ​កន្លែង​ទៀត ជា​ការ​លើក​មុខមាត់​នៃ​ខេត្ត​ក្រចេះ​ផងដែរ។ ស្របពេល​នេះ​ដែរ ខេត្ត​ក្រចេះ ក៏​កំពុង​ត្រៀម​អបអរសាទរ​នូវ​ការ​ទទួល​បាន​ស្ពាន​ឆ្លង​ទន្លេ​ប្រវត្តិសាស្រ្ត ១​ខ្សែ នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ពង្រីក​ការ​អភិវឌ្ឍ​របស់​ខេត្ត និង​ការ​បង្កើន​នូវ​កំណើន​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ កាត់​បន្ថយ​ការ​ចំណាក​ស្រុក កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ការ​ដឹក​ជញ្ជូន​កសិផល ទិន្នផល និង​ផលិតផល​នានា​ឆ្លង​កាត់​ខេត្ត​នីមួយៗ៕