ស្ទឹងត្រែងៈ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី ២៧ ខែ​សីហា​នេះ បាន​ចេញ​លិខិត​បដិសេធ​ការ​បង្ហាញ​ឈុត​តំណាង​ខេត្ត​ស្ទឹងត្រែង របស់​កម្មវិធី Miss Grand Cambodia និង​ទាមទារ​ឱ្យ​ផលិតកម្ម​មហាហង្ស ត្រូវ​ធ្វើការ​សុំទោស ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ព្រោះ​ការ​បង្ហាញ​នេះ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត ហើយ​ឈុត​ដែល​បាន​បង្ហាញ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​សម្លៀក​បំពាក់​ប្រពៃណីនៅ​ក្នុង​មូលដ្ឋាន​នៃ​ខេត្ត​ស្ទឹងត្រែង​នោះទេ។

លិខិត​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ដែល​បង្ហោះ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី ២៧ ខែ​សីហានេះ​ សរសេរ​ថា៖«រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​សូម​បដិសេធ​ចំពោះ​តារា​បង្ហាញ​ម៉ូដ​ដែល​ស្លៀក​ឈុត​នេះ​តំណាង​ដាក់​ឈ្មោះ ខេត្ត​ស្ទឹងត្រែង ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាតពី​រដ្ឋបាល​ខេត្ត ហើយ​ឈុត​ដែល​បាន​បង្ហាញ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​សម្លៀក​បំពាក់​ប្រពៃណី​នៅ​ក្នុង​មូលដ្ឋាន​នៃ​ខេត្ត​ស្ទឹងត្រែង​នោះ​ទេ»។

ការ​ចេញ​លិខិត​បដិសេធ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ធ្វើ​ឡើង បន្ទាប់ពី​ការ​បង្ហាញ​ឈុត​តំណាង​ខេត្ត​ស្ទឹងត្រែង របស់​កម្មវិធី Miss Grand Cambodia នៅ​ក្នុង​រយៈពេល​កន្លង​មក នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក មាន​ការ​ចែកចាយ​យ៉ាង​ទូលំទូលាយ​នូវ​កម្មវិធី​ប្រកួតឈុត​តំណាង​ជាតិ ដែល​ផ្សាយ​ចេញ​ពី​ផេក​ផ្លូវ​ការ​របស់​កម្មវិធី Miss Grand Cambodia របស់​ផលិតកម្ម​មហាហង្ស ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ។

រដ្ឋបាលខេត្ត​ស្ទឹងត្រែង ធ្វើ​ការ​កត់​សម្គាល់​ថា មហាជន​គ្រប់​មជ្ឈដ្ឋាន​យ៉ាង​ច្រើន​លើសលប់​ ជាពិសេស ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​សម្តែង​ប្រតិកម្ម​មិន​ពេញ​ចិត្ត និង​បាន​រិះគន់​យ៉ាង​ក្តៅ​គគុក​លើ​ឈុត​តំណាង​ខេត្ត​ស្ទឹងត្រែង ដែល​បង្ហាញ​លក្ខណៈ​ស្រើបស្រាល​លេច​លើលេច​ក្រោម ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វប្បធម៌​ប្រពៃណី​ល្អ​របស់​ខ្មែរ ពិសេស កិត្តិយស​របស់​ស្ត្រីខ្មែរ។

រដ្ឋបាលខេត្ត​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ដើម្បី​ស្តារ​កិត្តិយស​របស់​ខេត្ត​ស្ទឹងត្រែង​ឡើង​វិញ ផលិតកម្ម​មហាហង្ស ត្រូវ​ធ្វើ​ការ​សុំទោស ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង រួច​ធ្វើ​ការ​កែ​សម្រួល​ឡើង​វិញ​ជា​បន្ទាន់។ រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​ស្នើយ៉ាង​ទទូច​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​ព័ត៌មាន មេត្តា​ពិនិត្យ និង​ចាត់​វិធាន​ការ​ចំពោះ​ករណី​នេះ ដើម្បី​ការពា​វប្បធម៌ ប្រពៃណី និង​តម្លៃ​ស្ត្រី​ខ្មែរ​ដ៏ល្អ​ផូរផង់ ជា​យូរមក​ហើយ៕