ភ្នំពេញៈ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃទី ២៧ ខែ​សីហា​នេះ បាន​បញ្ចេញ​ឈ្មោះ​អ្នក​នេសាទ​ខុសច្បាប់ នៅ​ខេត្តពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ សរុប ៥៥ នាក់ ឱ្យ​បញ្ឈប់​សកម្មភាព​នេសាទ​ខុស​ច្បាប់​ក្នុង​រដូវ​បិទ​នេសាទ និង​ព្រមាន​ថា បើ​ក្រុម​ស្រាវជ្រាវ​នៃរាជបណ្ឌិត្យ​សភា​កម្ពុជា​ឃើញ​ជា​លើក​ទី២ នឹង​ស្នើសុំ​ដីកា​ចាប់​ខ្លួន​តាម​ច្បាប់។

លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃនេះ​ថា៖«សូម​មេត្តា​បញ្ឈប់​សកម្មភាព​នេសាទ​ខុសច្បាប់ ដែល​ជា​រដូវបិទ​នេសាទ ហើយ​បាន​លួច​រាយស្បៃមុង​ដូច​ភ័ស្តុតាង​ដែល​បាន​បញ្ជាក់​នេះ។ ប្រសិនបើ​ក្នុង​ករណី​ខាង​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ចុះ​ទៅ​ឃើញ​ប្រព្រឹត្ត​ជា​លើក​ទី២ យើង​ខ្ញុំ​នឹង​ស្នើ​សុំ​ដីកា​ចាប់​បញ្ជូន​ខ្លួន​ទៅ​ចាត់​ការ​តាម​នីតិវិធីច្បាប់»។

លោក សុខ ទូច បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី ២៧ ខែ​សីហាថា​ ឈ្មោះ​អ្នកនេសាទ​ទាំង ៥៥​នាក់​នោះ មាន ៣៩ នាក់នៅ​ខេត្ត​ពោធិ៍សាត់ ក្នុង​ស្រុកក្រគរ ឃុំ​កំពង់លួង និង​ឃុំ​អន្សាចំបក់ មាន​របាំង​សាច់អួន​ចំនួន ៤៧ ខ្សែ និង​នៅ​ខេត្ត​កំពង់ធំ មាន ១៦នាក់ ក្នុង​ស្រុក​កំពង់ស្វាយ ឃុំ​ផាត់​សណ្តាយ នៅ​ចំណុច​ក្រឡុក​បាយក្អែក កោះដំបរ ទ្វាបឹងណទី ២ និង​ព្រែក​ចុងអូរ៕